កម្ពុជា​-​ចិន បាន​កំណត់​រួម​គ្នា ដោយ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ ឲ្យ​កាន់តែ​ជិត​ស្និទ្ធ

កម្ពុជា​-​ចិន បាន​កំណត់​រួម​គ្នា ដោយ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ ឲ្យ​កាន់តែ​ជិត​ស្និទ្ធ



ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ នេះ សម្តេច​ពញា​ចក្រី​ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​អនុញ្ញាត​ឲ្យ លោក ហ្សុ​ង បូ​(H.E. Xiong Bo ) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី ចូល​ជួប​សម្តែង​ការ​គួរសម នៅ​វិមាន​រដ្ឋសភា​។

ចិន​-​កម្ពុជា បាន​កសាង​ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មក​ហើយ​។ ទំនាក់ទំនង​ដ៏​យូរលង់​នេះ ត្រូវ​បាន​ប្រមុខ​ដឹកនាំ​បច្ចុប្បន្ន បន្ត​លើក​ស្ទួយ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ គឺ “​កិច្ច​សហប្រតិបត្តិការ ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ដែល​បាន និង​កំពុង​ផ្តល់​ផ្លែផ្កា​ជាក់ស្តែង​លើ​គ្រប់​វិស័យ សម្រាប់​ផលប្រយោជន៍​ប្រជាជាតិ​យើង​ទាំង​សងខាង​។

សម្តេច​ហេង សំ​រិ​ន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​អាណត្តិ​ការទូត​ថ្មី​នេះ សង្ឃឹមថា លោក​នឹង​បន្ត​ជម្រុញ​លើកកម្ពស់​នូវ​មរតក​នៃ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​រួម​ក្នុង​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន បាន​កំណត់​រួម​គ្នា ដោយ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន​នានា របស់​កម្ពុជា​។ រដ្ឋសភា​កម្ពុជា គាំទ្រ​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក ហ្សុ​ង បូ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ ដើម្បី​ឲ្យ​ការងារ​ការទូត​របស់ លោក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​ជោគជ័យ ។

សម្តេច​ក៏​សូម​អរគុណ ចំពោះ​សភា​តំណាង​ប្រជាជន​ចិន ដែល​បាន​រៀបចំ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​សភា​កម្ពុជា យ៉ាង​រាក់ទាក់​កក់ក្តៅ​បំផុត ក្នុង​កំឡុង​ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ និង​សូម​អរគុណ​ផង​ដែរ ចំពោះ​ជំនួយសំភារៈ​បរិក្ខារ របស់​សភា​តំណាង​ប្រជាជន​ចិន ដល់​រដ្ឋសភា​កម្ពុជា ដែល​ប្រគល់​-​ទទួល ក្នុង​ពេល​នេះ ៕