កូរ៉េ​ប្រគល់​មជ្ឈមណ្ឌល​អាកាសចរ ដែលមាន​តម្លៃ ១០លាន​ដុល្លារ​ដល់​កម្ពុជា និពន្ធដោយ : ញ៉ុង​ ហេង       October-12-2016, 7:37 pm         833

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េ​ប្រគល់​មជ្ឈមណ្ឌល​អាកាសចរ ដែលមាន​តម្លៃ ១០លាន​ដុល្លារ​ដល់​កម្ពុជារូបភាពពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េភ្នំពេញ៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ(KOICA)  បានប្រគល់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល(CATC)លើកដំបូង​នៅ​កម្ពុជា  ដល់​រដ្ឋលេខាធិការ​អា​កាស​ចរ​ស៊ីវិល(SSCA) ។ អ្នកនាំពាក្យ SSCA បញ្ជាក់ថា មជ្ឈមណ្ឌល​នេះ ត្រូវបាន​កសាង​ក្នុងតម្លៃ ១០,១លាន​ដុល្លារ ដែលជា​ជំនួយ​របស់​ភាគី​កូរ៉េ និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល។

ពិធី​ប្រគល់​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​នេះ ត្រូវបានធ្វើ​នៅ​ថ្ងៃទី១១ខែតុលា ដែលមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ីវិល និង​លោក Jeong YunGil នាយក KOICA ប្រចាំ​នៅ​កម្ពុជា។

លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ SSCA ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​សិទ្ធិ​គ្រប់គ្រង​មជ្ឈមណ្ឌល​នេះ  SSCA នឹង​បើក​សាកល្បង​សិន មុននឹង​ដាក់​ឲ្យ​សម្ពោធ​ជា​ផ្លូវការ។ លោក​បន្ថែមថា ជំ​ហ៊ាន​ដំបូង CATC មាន​បើក​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​អាកាសចរ​ស៊ីវិល​មួយចំនួន បន្ទាប់មក​មាន​បើក​ហ្វឹកហ្វឺន​បន្ថែម​ដល់​អ្នក​ក្នុង​វិស័យនេះ​ស្រាប់ មុននឹង​បើកទទួល​សិស្ស និស្សិត​ឲ្យ​ចូលរៀន។

អ្នកនាំពាក្យ SSCA រូបនេះ មានប្រសាសន៍ថា CATC មាន​គោលដៅ​បណ្ដុះ​ណ្ដា​ល​ធនធានមនុស្ស​កម្ពុជា​ក្នុង​វិស័យ​អាកាសចរ​ស៊ីវិល ឲ្យ​មាន​សម្ថ​ភាព​ប្រកួតប្រជែង​កម្រិត​តំបន់ ហើយនឹង​បន្ត​ដល់​កម្រិត​អន្តរជាតិ​នៅ​គោលដៅ​បន្ទាប់។ «ដំបូង យើង​នឹង​បណ្ដុះបណ្ដាល​កម្រិត​ថ្នាក់​តំបន់​សិន គឺ​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​អាចធ្វើ​ការ​គ្រប់​ប្រទេស​ក្នុង​អាស៊ាន ហើយ​ក្រោយមក​នឹង​ឈានដល់​កម្រិត​អន្តរជាតិ»។ នេះ​បើតាម​ការ​ថ្លែងប្រាប់​របស់ លោក ចាន់​សេរី​វុត្ថា ដល់​សារព័ត៌មានថ្មី។

លោក​អះអាងថា ឧស្សាហកម្ម​មួយ​នេះ កំពុងមាន​តម្រូវការ​ធនធានមនុស្ស ខណៈ​ការធ្វើដំណើរ និង​ដឹក​ជ្ជូ​ន​ទំនិញ​តាមផ្លូវ​អាកា​សមាន​កំណើន​ជា​រៀងរាល់ឆ្នាំ។ លោក​ប្រាប់​ដូចនេះ​ថា៖«វិស័យ​ផ្លូវអាកាស​នៅលើ​សកលលោក​មាន​កំណើន ៥ទៅ៦ភាគរយ​ជា​រៀងរាល់ឆ្នាំ ដែល​នាំ​ឲ្យ​មាន​តម្រូវការ​ធនធានមនុស្ស​ក៏​ច្រើន​ទៅតាម​នោះដែរ»។

មជ្ឈមណ្ឌល CATC ដែលមាន​ទីតាំង​ស្ថិតក្នុង​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ​នេះ នឹង​បើក​បណ្ដុះបណ្ដាល​ជំនាញ​ចំនួន៥ ដែល​រួមមាន សន្តិសុខ​អាកាសចរ, ត្រួតពិនិត្យ​បញ្ជា​ហោះហើរ, គ្រប់គ្រង​អាកាសយានដ្ឋាន, ជួសជុល​វិទ្យុ​នាំ​ផ្លូវ និង​ជំនាញ​សុវត្ថិភាព​អាកាសចរ៕