រមណីយដ្ឋាន​ហ័ង​សាន​ចុះ​អនុស្សរណៈ​លើ​ការងារ​បេតិកភណ្ឌ​ជាមួយ​រមណីយដ្ឋាន​អង្គរ​ និពន្ធដោយ : អ៊ីសា រ៉ហានី       October-12-2016, 8:19 pm         60

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រមណីយដ្ឋាន​ហ័ង​សាន​ចុះ​អនុស្សរណៈ​លើ​ការងារ​បេតិកភណ្ឌ​ជាមួយ​រមណីយដ្ឋាន​អង្គរ​​សៀមរាប​៖ រមណីយដ្ឋាន​ហ័ង​សាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​រមណីយដ្ឋាន​អង្គរ ទាក់ទង​នឹង​ការងារ​បេតិកភណ្ឌ​។ អនុស្សរណៈ​យោគយល់​នេះ​ធ្វើឡើង​រវាង​ភាគី​រមណីយដ្ឋាន​ហ័ង​សាន និង​អាជ្ញាធរ​ជាតិ​អប្សរា​។

​ក្រោយ​ស្វែងយល់​ពី​ការងារ​គ្នា​ទៅវិញទៅមក និង​ក្រោយ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនៈកិច្ច​គ្នា​រួចមក សម្ព័ន្ធមេត្រីភាព​រវាង​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន​ហ័ង​សាន​របស់​ចិន បាន​ឈានដល់​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ហើយ នៅ​ព្រឹក​ថ្ងៃទី​១២ តុលា​។

​អនុស្សរណៈ​យោគយល់​ស្តីពី «​ការ​ចងសម្ព័ន្ធភាពរ​វាង​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន​ទេសភាព​ហ័ង​សាន​» មានបំណង​សំខាន់ៗ​ចំនួន ៤​ចំណុច​។ ទីមួយ បង្កើត​កិច្ចសហប្រតិបត្តិការ​គ្នា​ក្នុង​ក្របខណ្ឌ​អភិរក្ស គ្រប់គ្រង ស្រាវជ្រាវ បណ្តុះបណ្តាល ការអភិវឌ្ឍ​ទេសចរណ៍​ដោយ​ចីរភាព រួម​និង​ការគ្រប់គ្រង​បរិស្ថាន​។ ទី​ពីរ ជំរុញ​ការផ្សព្វផ្សាយ​រមណីយដ្ឋាន​ទាំងពីរ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ ទី​បី បណ្តុះបណ្តាល​ធនធានមនុស្ស តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា និង​ចុងក្រោយ ផ្លាស់ប្តូរ​ជំនួយ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធនធានធម្មជាតិ​។​

​លោក Kong Xiaohong អភិបាលក្រុង​ហ័ង​សាន  បាន​ឲ្យ​ដឹងថា លោក​និង​ប្រតិភូ ពិត​ជាមាន​អារម្មណ៍​ប្លែក ពេលមកដល់​តំបន់​អង្គរ ដែលជា​តំបន់​វប្បធម៌​ប្រ​វ​តិ្ត​សាស្ត្រ​ខ្មែរ​ដ៏​អច្ឆរិយៈ​។ តាម​ការបញ្ជាក់​របស់​លោក​អភិបាលក្រុង​ហ័ង​សាន ប្រជាជន​ចិន​បាន​ស្គាល់​ប្រាសាទអង្គរវត្ត​ជាទូទៅ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ មាន​ភាពស្អិតល្មួត និង​ស្ថិតក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ចិន​ផងដែរ​។​

​ចំពោះ​អនុស្សរណៈ​រវាង​រមណី​យ​ដ្ឋា​ន​ទេសភាព​ហ័ង​សាន និង​រមណីយដ្ឋាន​អង្គរ​នេះ លោក Kong Xiaohong ជឿជាក់ថា ភាគី​ទាំងពីរ​នឹង​អាច​ចូលរួម​សហប្រតិបត្តិការ​គ្នា​កាន់តែ​ល្អ លើ​ការងារ​អភិរក្ស អភិវឌ្ឍន៍ និង​ការផ្សព្វផ្សាយ​ពីស​ក្កា​នុព​ល​វិស័យ​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក ដោយ​ទូលំទូលាយ​បំផុត​។​

​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ុំ ម៉ាប់ ក៏មាន​សុទិដ្ឋិនិយម​ខ្លាំង​ដែរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ថ្មី​នេះ​។ ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ុំ ម៉ាប់ លោក​មានជំនឿថា ភាគី​ទាំងពីរ និង​មានលទ្ធភាព​កាន់តែ​ទូលំទូលាយ​ថែមទៀត ក្នុងការ​បង្កើន​សកម្ម​ភាព​នៃ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង ដើម្បី​សម្រេច​គោលបំណង​របស់ខ្លួន និង​ទទួលបាន​ជោគជ័យ​។​

​ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ហើយ​នោះ នៅ​ថ្ងៃទី​១៣ តុលា​ស្អែក​នេះ ក៏មាន​ការតាំងពិព័រណ​ទេសចរណ៍​នៅ​ប្រាសាទបន្ទាយស្រី​ផងដែរ​។ ពី​ព័រ​ណ​នេះ នឹងមាន​ការចូលរួម​ពី​ភាគី​ប្រតិភូ​ក្រុង​ហ័ង​សាន និង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​។​

​គួរបញ្ជាក់ អនុស្សរណៈ​យោគយល់​គ្នា​ពាក់ព័ន្ធ​នឹង​ការងារ​បេតិកភណ្ឌ និង​ទេសចរណ៍ រវាង​ភាគី​រមណីយដ្ឋាន​ទេសច​ភាព​ហ័ង​សាន និង​រមណីយដ្ឋាន​អង្គរ ធ្វើឡើង​ដោយ​លោក សុខ សង្វារ និង​ភាគី​រមណី​ដ្ឋា​ន​ហ័ង​សាន ដោយ​លោក Ye Zheng Jun អនុប្រធាន​លេខាធិការ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​រមណីយដ្ឋាន​ទេសភាព​ហ័ង​សាន​៕