ខឹង​ណាស់! អង់គ្លេស​ ព្រមាន​ រុស្ស៊ី​ ថា​ប្រយ័ត្ន​ក្លាយ​ជា​ប្រទេស​ថោកទាប​


រដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស លោក បូរីស ចនសឹន (Boris Johnson) បានបង្ហាញភស្តុតាងដែលបញ្ជាក់ថា ប្រទេស រុស្ស៊ី ស្ថិតនៅពីក្រោយការវាយប្រហារតាមអាកាសទៅលើក្បួនដឹកជញ្ជូនជំនួយរបស់អង្គការសហប្រជាជាតិ នៅភាគខាងជើងទីក្រុង អាលីប៉ូ ប្រទេស ស៊ីរី កាលពីខែ កញ្ញា សម្លាប់បុគ្គលិកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ២០ នាក់ និងបំផ្លាញរថយន្តដឹកជំនួយពី ១៨ ទៅ ៣១ គ្រឿង ព្រមទាំងឃ្លាំងទំនិញ និងកន្លែងរក្សាទុកថ្នាំពេទ្យ ។

លោក ចនសឹង ព្រមានប្រទេស រុស្ស៊ី ថា ប្រសិនបើរដ្ឋាភិបាលទីក្រុង មូស្គូ នៅតែបន្តដើរលើផ្លូវនយោបាយដូច្នេះតទៅទៀត ប្រទេសដ៏អស្ចារ្យមួយនេះ នឹងក្លាយជាប្រទេសដ៏ថោកទាបមួយទៅវិញ ។ លោក ចនសឹន បញ្ជាក់ថា រូបភាពពីផ្កាយរណប បានបង្ហាញថា ក្បួនដឹកជញ្ជូនជំនួយ ត្រូវបានវាយប្រហារដោយយន្តហោះនៅពេលយប់ងងឹត ហើយយន្តហោះ ស៊ីរី គ្មានសមត្ថភាពវាយប្រហារនៅពេលងងឹតឡើយ គឺមានតែយន្តហោះ រុស្ស៊ី ប៉ុណ្ណោះ ។

ប្រទេស រុស្ស៊ី បានបដិសេធថា យន្តហោះរបស់ខ្លួន មិនបានវាយប្រហារទៅលើក្បួនដឹកជំនួយរបស់អង្គការសហប្រជាជាតិឡើយ ដោយអះអាងថា ក្បួនដឹកជំនួយនោះ ត្រូវបានអគ្គិភ័យឆាបឆេះ ។ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងចាត់វិធានការប្រឆាំងនឹងប្រទេស រុស្ស៊ី ដំណាលពេលដែលបច្ឆិមប្រទេស កំពុងខឹងសម្បារចំពោះការវាយប្រហាររបស់រដ្ឋាភិបាល ស៊ីរី គាំទ្រដោយប្រទេស រុស្ស៊ី សម្លាប់ជនស៊ីវិលរាប់រយនាក់ក្នុងទីក្រុង អាលីប៉ូ ។

ប្រទេស រុស្ស៊ី ថែមទាំងបានបោះឆ្នោតជំទាស់ទៅលើពង្រាងដំណោះស្រាយរបស់ប្រទេស បារាំង ដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឲ្យបញ្ចប់ការវាយប្រហារតាមអាកាស និងហាមមិនឲ្យយន្តហោះយោធា ហោះហើរលើទីក្រុង អាលីប៉ូ ។ រុស្ស៊ី ចោទលោករដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ថាកំពុងព្យាយាមបញ្ឆេះកំហឹងប្រឆាំង រុស្ស៊ី ដោយអំពាវនាវដល់ប្រជាជន ឲ្យធ្វើបាតុកម្មនៅមុខស្ថានទូត រុស្ស៊ី ក្នុងទីក្រុង ឡុងដុង ។ មន្ត្រីក្រសួងការពារជាតិ រុស្ស៊ី ចាត់ទុកការចោទរបស់លោក ចនសឹន ប្រៀបដូចជា”ការរញ្ជួយរបស់ទឹកល្អក់ក្នុងកែវកញ្ចក់តែប៉ុណ្ណោះ” ។

ប្រភព Reuters, Independent

Loading...

  • ខឹង​ណាស់! អង់គ្លេស​ ព្រមាន​ រុស្ស៊ី​ ថា​ប្រយ័ត្ន​ក្លាយ​ជា​ប្រទេស​ថោកទាប​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: