គ្រូ​​​លីគ​​​២​​រូប​នេះ​​មាន​ហេតុ​ផល​៣​​​រៀង​ខ្លួន​​ ជឿ​ថា ​​កម្ពុជា​​អាច​ឆ្លង​ផុត​​​ជម្រុះ Suzuki Cup

​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​អង្គរ និង​លោក​ ទេព ឡុង​រចនា ​គ្រូ​បង្វឹក​ក្លឹប​ក្រសួង​ការពារ​ជាតិ​​ប្រាប់​ពី​គន្លឹះ​សំខាន់​ៗ ​ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​ឆ្លង​ផុត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ​2016 ​ ដែល​នឹង​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​​១៥ ​ដល់​២១ ​ខែ​តុលា ​ឆ្នាំ​២០១៦​ខាង​មុខ​​នេះ។

 

​កម្ពុជា​​នឹង​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​ស្វាគមន៍​ប្រទេស​ដែល​ចូល​រួម​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ខាង​លើ​​​រួម​មាន ឡាវ ប្រ៊ុយណេ និង​ទីម័រ​ខាង​កើត។ ការ​ប្រកួត​នេះ​ ក្រុម​ដែល​មាន​ពិន្ទុ​​ខ្ពស់​ជាង​គេ នឹង​​ទទួល​បាន​​កៅអី​​ទៅ​វគ្គ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​ជា​វគ្គ​ចែក​ពូល។

 

​​ប្រទេស​ទាំង​បួន​​ដែល​លេង​នៅ​វគ្គ​ជម្រុះ​នេះ​លោក ប្រាក់ សុវណ្ណារ៉ា ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដូច​នេះ​​មាន​ប្រៀប​ជាង​ប្រទេស​​៣​ផ្សេង​ទៀត​ ​និង​​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​​ឡើង​​ដល់​​​វគ្គ​ចែក​ពូល។

 

គ្រូ​​​លីគ​​​២​​រូប​នេះ​​មាន​ហេតុ​ផល​៣​​​រៀង​ខ្លួន​​ ជឿ​ថា ​​កម្ពុជា​​អាច​ឆ្លង​ផុត​​​ជម្រុះ Suzuki Cupលោក ប្រាក់ សុវណ្ណារ៉ា

 

កត្តា​សំខាន់​​ដែល​គ្រូ​បង្វឹក​​បឹងកេត​អង្គរ​បាន​​លើក​ឡើង​​
១​- កត្តា​ទីលាន ៖ ពហុ​កីឡដ្ឋាន​ជាតិ​ជា​ទីលាន​ដែល​កម្ពុជា​ប្រើ​សម្រាប់​ប្រកួត​លីគ​​ ដូច្នេះ​​កីឡាករ​គ្រប់​រូប​ស្គាល់​ទីលាន​​នេះ​យ៉ាង​ច្បាស់​។
២​- លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​ខ្លាំង​ៗ៖ ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ចប់​​រដូវ​កាល​២០១៦ លោក​សំគាល់​ឃើញ​ថា លីគ​កំពូល​កម្ពុជា​ឆ្នាំ​​​២០១៦​កន្លង​ទៅ​​នេះ​ក្រុម​នីមួយ​ៗ​ពង្រឹង​បាន​ល្អ​​ ហើយ​សុទ្ធ​តែ​ខ្លាំង​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​​គ្រប់​រូប​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​លេង​ជា​មួយ​ប្រទេស​ដទៃ។
៣-​ កត្តា​អ្នក​គាំទ្រ​៖ ច្បាស់​ណាស់​កម្ពុជា នឹង​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​​ពាន​រង្វាន់​នេះ​។ ចំនួន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​បែប​នេះ នឹង​ធ្វើ​ឲ្យ​កីឡាករ​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ទ្វេដង​។

 

លោក ប្រាក់ សុវណ្ណារ៉ា ​​បន្ថែម​ថា ​តាម​ទស្សនៈ​របស់​លោក​ប្រទេស​​ទាំង​​៣​​​គឺ​​ទីម័រខាងកើត​ជា​ឧបសគ្គ​ធំ​ជាង​គេ​​ ពី​ព្រោះ​ប្រទេស​នេះ​សំបូរ​ទៅ​ដោយ​កីឡាករ​​ដែល​នាំ​យក​ពី​បរទេស​។ ចំណែក​ឡាវ និង​​ប្រ៊ុយណេ ប្រាកដ​ណាស់​​​នឹង​មិន​ឈ្នះ​ខ្មែរ​ឡើយ ​​ពី​ព្រោះ​កម្រិត​លីគ​កំពូល​របស់​ពួ​ក​គេ​​នៅ​ក្រោម​កម្ពុជា។

 

​ងាក​ទៅ​លោក ទេព ឡុង​រចនា វិញ​បាន​បញ្ចេញ​ទស្សនៈ​ថា ​កម្ពុជា​នឹង​ឡើង​ទៅ​វគ្គ​ចែក​ពូល​។ ចំពោះ​សមត្ថភាព​​​លើ​ទីលាន​​​កីឡាករ​របស់​ប្រទេស​​​៣​​​ផ្សេង​ទៀត​មិន​លើស​កម្ពុជា​នោះ​ទេ។

 

គ្រូ​​​លីគ​​​២​​រូប​នេះ​​មាន​ហេតុ​ផល​៣​​​រៀង​ខ្លួន​​ ជឿ​ថា ​​កម្ពុជា​​អាច​ឆ្លង​ផុត​​​ជម្រុះ Suzuki Cup

លោក ទេព ឡុង​រចនា

 

​កត្តា​សំខាន់​ដែល​​គ្រូ​បង្វឹក​​ទ័ព​​បាន​​លើក​ឡើង​​
១-​ កម្ពុជា​មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អ៖ ​កីឡាករ​​ជម្រើស​​ជាតិ​កម្ពុជា​បាន​ហ្វឹកហាត់​​ច្រើន​ថ្ងៃ​​មាន​​ទាំង​នៅ​ក្រៅ​ប្រទេស​ ​និង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​​នា​រដូវ​ភ្ជុំបិណ្ឌ​​។ កត្តា​នេះ​អាច​ឲ្យ​កីឡាករ​លេង​យល់​ចិត្ត​គ្នា​បាន​ល្អ។
២​-​​​ កម្ពុជា​ប្រកួត​មិត្ត​ភាព​ច្រើន​៖ បន្ទាប់​ពី​ប្រមូល​ផ្ដុំ​​​​​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មាន​​ការ​ប្រកួត​មិត្ត​ភាព​ជា​បន្ត​បន្ទាប់​ៗ។ ចំណុច​នេះ​ធ្វើ​ឲ្យ​កីឡាករ​មាន​​កម្លាំង​គ្រប់​គ្រាន់​អាច​លេង​ពេញ​​ចំនួន​ពីរ​វគ្គ​ល្អ។
៣-​ កម្ពុជា​​ជា​ម្ចាស់​ផ្ទះ​​​៖ នេះ​ជា​​ចំណុច​​សំខាន់​​​ដែល​អាច​ជួយ​ឲ្យ​កម្ពុជា​មាន​ប្រៀប​ជាង​គូ​ប្រកួតដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​​ដែល​​​​​មាន​អ្នក​គាំទ្រ​ច្រើន​ចូល​រួម​លើក​ទឹក​ចិត្ត និង​មាន​ទីលាន​​ប្រកួត​ដែល​ពួក​គេ​ស្គាល់​​​យ៉ាង​ច្បាស់​រយៈ​ពេល​យូរ។

 

​សូម​បញ្ជាក់​ថា ​ប្រទេស​ណា​ដែល​​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ជម្រុះ​នេះ ​នឹង​មាន​សិទ្ធិ​​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល ដោយ​ស្ថិត​ក្នុង​ពូល B ​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ​និង​វៀតណាម៕

 

គ្រូ​​​លីគ​​​២​​រូប​នេះ​​មាន​ហេតុ​ផល​៣​​​រៀង​ខ្លួន​​ ជឿ​ថា ​​កម្ពុជា​​អាច​ឆ្លង​ផុត​​​ជម្រុះ Suzuki Cup

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​