តើ​ពាក្យ​«​ខ្មែរ និង កម្ពុជា​» ខុសគ្នា​យ៉ាងដូចម្ដេច​? និពន្ធដោយ : ថ្មីៗ       October-11-2016, 8:19 am         39722

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តើ​ពាក្យ​«​ខ្មែរ និង កម្ពុជា​» ខុសគ្នា​យ៉ាងដូចម្ដេច​?​ភ្នំពេញ​៖ ពាក្យ​ថា «​ខ្មែរ និង កម្ពុជា​» ពលរដ្ឋ​ខ្មែរ គ្រប់រូប​អ្នកណា​ក៏​ស្គាល់ អ្នក​ក៏​ដឹង អ្នកណា​ក៏​ចេះ​សរសេរ​ដែរ លើកលែងតែ​ក្មេង​មិនទាន់​ចេះ​និយាយ និង​អ្នក​មិនចេះ​អក្សរ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះបីថា កូន​ខ្មែរ​ស្ទើរតែ​ទាំងអស់​បាន ដឹង បាន​ស្គាល់ និង​ចេះ​សរសេរ​ក្ដី ក៏​អាចមាន​អ្នកខ្លះ​មិនទាន់​អាច់យ​ល់ពី​ភាពខុសគ្នា រវាង​ពាក្យ​ថា «​ខ្មែរ និង កម្ពុជា​» នេះ​នៅឡើយ​ផងដែរ​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​ពាក្យ​ទាំងនេះ​ដូចខាងក្រោម​៖

​ពាក្យ​«​កម្ពុជា​» វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បង្ហាញថា ពាក្យ​នេះ​អាច​សរសេរ​ជា​«​កម្ពុជ ឬ កម្ពុជា​»​ក៏បាន​។ ពាក្យ​នេះ សម្រាប់​ប្រើ​ផ្សំ​ជាមួយនឹង​សព្ទ​ដទៃ​ជា​សមាសនាម ដូចជា កម្ពុជ​ប្រទេស ប្រទេស​កម្ពុជា​។ កម្ពុជមិត្រ មិត្រ​របស់​ប្រទេស​កម្ពុជា​។ កម្ពុជរដ្ឋ រដ្ឋ​ឬ​ប្រទេស​កម្ពុជា​(​ប្រទេស​ខ្មែរ​)​ជាដើម​។

​ពាក្យ​ថា «​កម្ពុជ​» កើត​ពី​ការ​ផ្សំគ្នា​រវាង​ពាក្យ​ថា (​កម្ពុ “​មាស​”+​ជ ឬ​ជា “​កើត​, កំណើត​” =​សុវណ្ណ​ភូមិ “​ទី​កើត​មាស​, ភូមិប្រទេស​ជាទី​កើត​នៃ​មាស​”) ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ប្រទេស​ខ្មែរ​យើង ហើយ​យើង​អាច​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជរដ្ឋ​, កម្ពុជ​ប្រទេស​, ប្រទេស​កម្ពុជា​, ប្រទេស​ខ្មែរ​, ខេ​មរ​ប្រទេស និង ខេមររដ្ឋ ដែល​អាច​ប្រើ និង​ហៅ​បាន​ទាំងអស់​។ ប៉ុន្តែ ពាក្យ​ដែល​យើង​ត្រូវ​ប្រើ​ជា​ផ្លូវការ ដើម្បី​សរសេរ និង​ហៅ គឺ កម្ពុជរដ្ឋ ឬ​ប្រទេស​កម្ពុជា​។ ដោយឡែក​សម្រាប់​ជនបរទេស គេ​ហៅ​តាម​ការ​សន្មត​របស់គេ ដូចជា បារាំង​គេ​ហៅថា Cambodge, អង់គ្លេស គេ​ហៅ Cambodia, ប្រទេស​ដទៃ​ផ្សេងទៀត​ហៅ Cambodja, ខ្លះទៀត​ហៅ Kambuja ជាដើម​។​

​ចំណែក​ពាក្យ «​ខ្មែរ​» វចនានុក្រម​ខ្មែរ​បាន​បង្ហាញថា មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា មនុស្ស​ដែល​កើត ឬ​នៅក្នុង​ដែនកម្ពុជា ហើយ​លុះ​នៅក្នុង​អំណាចច្បាប់​ខ្មែរ​។ ក្នុង​សម័យបុរាណ​ព្រេងនាយ សរសេរ​ជា ខ្មេរ ក៏មាន​។ ដោយឡែក​ពាក្យ «​ខេមរៈ​» ក៏​មានន័យថា «​ខ្មែរ​» ដែល​ពាក្យ​នេះ ទំនងជា​បាលី​ភាសា ប្រែ​ថា “​មនុស្ស​មាន​សេចក្ដី​ក្សេម​” មក​អំពី​វិគ្គហៈ​ថា “​ខេ​មំ យស្ស អ​ត្ថី​តិ ខេ​ម​រោ​” ឬ​ជា​ពហុវចនៈ​ថា “​ខេ​មំ យេ​សម​ត្តី​តិ ខេមរា​”, ប៉ុន្តែ​នឹង​ពោល​ឲ្យ​ប្រាកដថា បានជា​ហៅ “​ខេមរៈៗ​” នោះ​ពីព្រោះ​ប្រែ​ថា មាន​សេចក្ដី​ក្សេម ដូច្នេះ​ក៏​អាច​ដឹង​ប្រាកដ​ពុំបាន ព្រោះ​ក្នុង​សិលាចារឹក​បុរាណ​សរសេរ “​ក្មែរ​” ក៏មាន​។​

​ជារួម​មក រវាង​ពាក្យ​ថា «​កម្ពុជា និង ខ្មែរ​» គេ​អាច​ចំណាំបាន​ថា ពាក្យ​«​កម្ពុជា ឬ កម្ពុជ​» គឺ​ប្រើ​សំដៅ​ដល់​ជា​ឈ្មោះ​ប្រទេស ឬ​រដ្ឋ​មួយ នោះ​គឺ​កម្ពុជរដ្ឋ ឬ​ប្រទេស​កម្ពុជា​។ ចំណែក ពាក្យ​«​ខ្មែរ​» គឺ​ប្រើ​សំដៅ​ដល់ មនុស្ស​ដែល​បានកើត​ក្នុង​ដែនដី​កម្ពុជា​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​