អ្នកជំនាញក្បាច់គុនមកពីអាមេរិក សន្យាវិលមកជួយកីឡានៅកម្ពុជា

អ្នកជំនាញក្បាច់គុនចម្រុះលោក សេង ប៊ុនសុង ដែលបានទៅបង្ហាត់ក្បាច់ហាប់គីដូ នៅសហរដ្ឋអាមេរិក រយៈពេលជាង៣០ឆ្នាំមកហើយ នោះបានសន្យាថា នឹងវិលមកជួយវិស័យកីឡាហាប់គីដូ និងកីឡាមួយចំនួនទៀត នៅប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន បន្ទាប់ពីលោកបានចូលរួមបង្ហាញក្បាច់គុន ជាមួយមួយអ្នកជំនាញក្បាច់គុនមួយចំនួន ក្នុងសិក្ខាសាលា ដែលត្រូវបានរៀបចំឡើង នៅទីស្នាក់ការ NOCC កាលពីថ្ងៃពុធ ម្សិលមិញ។

nn7

លោក សេង ប៊ុងសុង ដែលជាអ្នកសិក្សាស្រាវជ្រាវក្បាច់គុនមួយចំនួនទៀត តាមរយៈបទពិសោធរបស់លោក ដោយធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់កីឡាកាយសម្ព័ន្ធ អៃគីដូ ការ៉ាតេដូ តេក្វាន់ដូ និងប្រដាល់សេរី ផងនោះ បានថ្លែងថា៖«អ្នកហាត់ក្បាច់គុន ត្រូវតែមានគុណធម៌ សីលធម៌ និងគោរពគ្នាទៅវិញទៅមក។ ចំណែកការបើកសិក្ខាសាលាក្បាច់គុននៅថ្ងៃនេះ ដើម្បីចូលរួមអប់រំបណ្តុះបណ្តាលចិត្ត និងកម្លាំងកាយ ព្រមទាំងប្រាជ្ញាស្មារតីរបស់អ្នកហាត់ហាប់គីដូ ឲ្យមានភាពវាងវៃ និងរីកចម្រើន ព្រមទាំងទទួលសុខភាពល្អ»។

nn6

លោកបានបញ្ជាក់ថា៖«ទស្សនៈរបស់អ្នកចេះក្បាច់គុន គឺត្រូវចេះខន្តី មានភាពអំណត់ព្យាយាម និងសន្តិភាព មិនមែនយកក្បាច់គុនដែលខ្លួនចេះទៅវាយតប់បង្កើតជម្លោះជាមួយអ្នកដទៃនោះទេ»។ ជាមួយផលប្រយោជន៍នៃការហាត់គុន ដែលធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពនេះ លោក សេង ប៊ុនសុង បានសន្យាថា នឹងបន្តជួយអភិវឌ្ឍន៍វិស័យកីឡាហាប់គីដូកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ហើយលោកក៏បានសន្យាជួយអភិវឌ្ឍវិស័យកីឡាផ្សេងៗទៀត នៅកម្ពុជាផងដែរ។

nn5

នៅក្នុងសិក្ខាសាលាក្បាច់គុន ដែលជាកំនិតផ្តួចផ្តើមរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC កាលពីម្សិលមិញនោះ ក៏មានការចូលរួមបង្ហាញក្បាច់គុនពីលោក ហុង ស៊ីនហេង គ្រូបង្វឹកហាប់គីដូមកពីខេត្តបាត់ដំបងលោក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរហាប់គីដូ ផងដែរ។

nn4

បន្ទាប់ពីការបង្ហាញនូវក្បាច់ពិសេសៗរបស់ហាប់គីដូ និងការពន្យល់ពីប្រវត្តិនៃក្បាច់គុន និងគុណតម្លៃរបស់អ្នកហាត់គុន កាលពីម្សិលមិញ អ្នកជំនាញក្បាច់គុនទាំងនោះ ក៏បានធ្វើការបង្ហាត់បង្ហាញដោយផ្ទាល់ ជាមួយសិស្សគណជាង៧០នាក់ មកពីក្លិបកីឡាហាប់គីដូខេត្តបាត់ដំបង ក្លិប Master Song ក្លិបប្រ៊ីដតុនបឹងត្របែក ក្លិបប្រ៊ីដតុនស្ទឹងមានជ័យ និងក្លិបឥន្ទ្រីយ៍ ផងដែរ មុនពេលកម្មវិធីឈានដល់ការបំពាក់ខ្សែក្រវាត់ខ្មៅ១ដាន់ និងវិញ្ញាបនប័ត្រដល់អ្នកហាត់ហាប់គីដូ៕

nn3

nn2

nn1

The post អ្នកជំនាញក្បាច់គុនមកពីអាមេរិក សន្យាវិលមកជួយកីឡានៅកម្ពុជា appeared first on CamboSport.