ញាក់សាច់ ! ច្រឡំ​ហ្គែ​រថា​ហ្វ្រាំង បុក​រះ​​ជា​ច្រើន​គ្រឿង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទើប​ទិញ​រថយន្ត​ជាន់​ហ្គែ​រ​ច្រឡំ​ថា​ហ្វ្រាំង​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៣​គ្រឿង រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង និង​រថយន្ត​២​គ្រឿង បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​ជិត​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ផ្លូវ​លេខ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​អាយុ​៥០​ឆ្នាំ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ អត់​មាន​ស្លាក​លេខ ដោយ​ប្រពន្ធ​ជា​អ្នក​បើក បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​អ្នកបើកបរ​នៅ​ស្ទើរ​ជាន់​ហ្គែ​រ​ច្រ​ឡ​ថា​ជាន់​ហ្វ្រាំង​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1K-8102 ជិះ​ដោយ​នារី​ម្នាក់​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​រង​របួស​រលាត់​ដៃជើង​ស្រាល ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុក​ម៉ូតូ​២​គ្រឿង​ទៀត​ម៉ាក​ស្កុប​ពី​មី​នី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-6008 ជិះ​ដោយ​ប្រុស​ម្នាក់ និង​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1X-2661 ជិះ​ម្នាក់ឯង​ដូច​គ្នា រុញ​ផ្ទុប​ទៅ​បុក​នឹង​គូទ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌឺរ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-4297 បណ្តាល​ឲ្យ​ក្រ​ពិត​កាង​ខាងក្រោយ និង​បែក​ស្តុ​ប​ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្កុប​ពី​មី​នី រង​របួស​បាក់​ថ្គាម​ធ្ងន់ ចំណែក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ក្រ​ពិត​កាង​ក្រោយ ហើយ​រ៉ឺ​ម៉ក​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក កូ​រ៉ូ​ឡា ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2L-0454 បណ្តាល​ឲ្យ​បែក​ស្តុ​ប​ក្រោយ​ចំហៀង​ខាងស្ដាំ ។ ដោយឡែក​រថយន្ត​បង្ក​រង​កា​ខូចខាត​ក្រ​ពិត​ផ្នែក​ខាង​មុខ​ទាំងស្រុង ចំណែក​អ្នក​បើក​មិន​មាន​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ខាង​រថយន្ត​បង្ក​បាន​ធ្វើការ​ចរចា​គ្នា​ជាមួយនឹង​ម្ចាស់​រថយន្ត និង​ម៉ូតូ​រង​គ្រោះ ដោយ​បាន​សង​ទៅ​ខាង​ម៉ូតូ​ម៉ាក​វ៉េវ​២​គ្រឿង ក្នុង​១​គ្រឿង​១៥០​ដុល្លារ សង​ទៅ​ខាង​ម៉ូតូ​ស្កុប​ពី​មី​នី​ចំនួន​៦០០​ដុល្លារ សង​ទៅ​ខាង​រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន​១០០​ដុល្លារ សង​ទៅ​ខាង​រថយន្ត​កូ​រ៉ូ​ឡា​ចំនួន​២០០​ដុល្លារ និង​សង​ទៅ​ខាង​រថយន្ត ហា​យ​ឡែ​ន​ឌឺ​ចំនួន​៤៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ៕