កំហុស​៦​យ៉ាង នៅ​ពេល​ព្រឹក អាច​ជះ​ឥទ្ធិពល​ដល់​អ្នក ពេញ​មួយ​ថ្ងៃ

តើ​អ្នក​កំពុង​មាន​អារម្មណ៍​ងងុយ​គេង ឬ​ធុញ​ថប់ ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​មែន​ទេ? ខាងក្រោម​នេះ គឺ​ជា​កំហុស​ទាំង ៦​យ៉ាង នៅ​ពេល​ព្រឹក ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ្នក ពេញ​មួយ​ថ្ងៃ និង​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​បែប​នេះ។

 

១) ចុច​មុខ​ងារ «Snooze» នៅ​ពេល​ម៉ោង​រោទ៍

អ្នក​បាន​រំខាន​ដល់​វដ្ដ​នៃ​ការ​គេង​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ងងុយ​គេង​ជាង​មុន​ទៅ​ទៀត។ អ្នក​គួរតែ​ក្រោក​ឡើង នៅ​ពេល​ដែល​ម៉ោង​រោទ៍​ដំបូង ឬ​គេង​បន្ថែម ៩​នាទី​ទៀត ប្រសើរ​ជាង​ការ​ចុច​មុខងារ «Snooze»។

 

កំហុស​៦​យ៉ាង នៅ​ពេល​ព្រឹក អាច​ជះ​ឥទ្ធិពល​ដល់​អ្នក ពេញ​មួយ​ថ្ងៃ

 

២) ឆែក​មើល​ទូរសព្ទ មុន​ពេល​ក្រោក​ចេញ​ពី​លើ​គ្រែ

ការ​ស្រាវជ្រាវ​ពី​សកលវិទ្យាល័យ «University of British Columbia» បាន​រក​ឃើញ​ថា មនុស្ស​ដែល​ឆែក​មើល​អ៊ីមែល​ពេញ​មួយ​ថ្ងៃ មាន​អាការ​ស្ត្រេស​ខ្លាំង ជាង​មនុស្ស​ដែល​ឆែក​មើល​អ៊ីមែល ត្រឹម​៣​ដង​ក្នុង​មួយ​ថ្ងៃ។ ជា​មួយ​គ្នា​នេះ​ដែរ ការ​ឆែក​មើល​ហ្វេសប៊ុក មុន​ពេល​ដែល​អ្នក​ក្រោក​ចេញ​ពី​លើ​គ្រែ អាច​ឲ្យ​អ្នក​ប្រៀប​ធៀប​ជីវិត​អ្នក ជា​មួយ​មិត្តភក្ដិ រហូត​មាន​អារម្មណ៍​ថា​ច្រណែន និង​លំបាក​ទៀត​ផង។

 

កំហុស​៦​យ៉ាង នៅ​ពេល​ព្រឹក អាច​ជះ​ឥទ្ធិពល​ដល់​អ្នក ពេញ​មួយ​ថ្ងៃ

 

៣) មិន​ទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់

ប្រសិន​បើ​អ្នក​មិន​បាន​ទទួល​ទាន​ទឹក​នៅ​ពេល​ព្រឹក អ្នក​នឹង​ខ្វះ​ជាតិ​ទឹក​ពេញ​មួយ​ថ្ងៃ។ ការ​ខ្វះ​ជាតិ​ទឹក​កាន់​តែ​ខ្លាំង អ្នក​នឹង​ខ្សោះ​អស់​កម្លាំង​កាន់​តែ​ខ្លាំង ហើយ​ថែម​ទាំង​មាន​អារម្មណ៍​ច្របូក​ច្របល់ និង​អារម្មណ៍​អាក្រក់​ទៀត​ផង។ ការ​ទទួល​ទាន​ទឹក​គ្រប់គ្រាន់ នៅ​ពេល​ព្រឹក អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​រឹងមាំ ស្វាហាប់ និង​រីករាយ ពេញ​មួយ​ថ្ងៃ។

 

កំហុស​៦​យ៉ាង នៅ​ពេល​ព្រឹក អាច​ជះ​ឥទ្ធិពល​ដល់​អ្នក ពេញ​មួយ​ថ្ងៃ

 

៤) ទទួល​ទាន​កាហ្វេ​ភ្លាម ក្រោយ​ក្រោក​ពី​គេង

កម្រិត​ថាមពល​កើន​ឡើង​ដោយ​ធម្មជាតិ នៅ​ពេ​លដែល​អ្នក​ក្រោក​ឡើង​ដំបូង។ ដូច្នេះ ការ​ទទួល​ទាន​កាហ្វេ បណ្តាល​ឲ្យ​ថាមពល​កើន​ឡើង​បន្ថែម​ទៀត ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អាការ​ញ័រ និង​មិន​អាច​សម្រាក​បាន។ គួរ​រង់ចាំ​យ៉ាង​ហោច​ណាស់ ១​ម៉ោង ក្រោយ​ពេល​ភ្ញាក់​ពី​គេង សឹម​ទទួល​ទាន​កាហ្វេ ពេល​នោះ​អ្នក​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​កាហ្វេ។

 

កំហុស​៦​យ៉ាង នៅ​ពេល​ព្រឹក អាច​ជះ​ឥទ្ធិពល​ដល់​អ្នក ពេញ​មួយ​ថ្ងៃ

 

៥) ងូត​ទឹក​ក្តៅ​ខ្លាំង

ការ​ងូត​ទឹក​ក្តៅ​នៅ​ពេល​ព្រឹក នឹង​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន​អ្នក និង​ស្មារតី​ប្រុងប្រយ័ត្ន ប៉ុន្តែ​ប្រសិន​បើ​ទឹក​ក្តៅ​ពេក វា​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត និង​ក្រហាយ ដែល​បង្ក​ទៅ​ជា រលាក និង​រមាស់។

 

កំហុស​៦​យ៉ាង នៅ​ពេល​ព្រឹក អាច​ជះ​ឥទ្ធិពល​ដល់​អ្នក ពេញ​មួយ​ថ្ងៃ

 

៦) ទទួល​ទាន​អាហារ​ពេល​ព្រឹក ដែល​មាន​ជាតិ​​កាបូអ៊ីដ្រាត​ខ្ពស់

អាហារ​ពេល​ព្រឹក ដែល​មាន​ជាតិ​​កាបូអ៊ីដ្រាត​​ខ្ពស់ ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​មាន​អារម្មណ៍​ងងុយ​គេង និង​ឃ្លាន មុន​ពេល​ម៉ោង​អាហារ​ថ្ងៃ​ត្រង់ ប៉ុន្តែ​វា​ប្រសើរ​ជាង ការ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​សោះ ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន (កាឡូរី) កាន់​តែ​ច្រើន នៅ​ពេល​ថ្ងៃ៕

 

កំហុស​៦​យ៉ាង នៅ​ពេល​ព្រឹក អាច​ជះ​ឥទ្ធិពល​ដល់​អ្នក ពេញ​មួយ​ថ្ងៃ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ interesting-facts