ទស្សនៈ​កិច្ច​របស់​លោក​ហ៊ុន ម៉ាណែត ត្រូវ​បាន​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ស្វាគមន៍ និង​មួយ​ចំនួន​ប្រឆាំង

ដំណើរទស្សនៈកិច្ចកូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅអូស្ត្រាលីមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែក្នុងដំណើរទស្សនៈកិច្ចជួបប្រជាពលរដ្ឋខ្មែរ និងសមាជិកគណបក្សប្រជាជននៅទីនោះ ក៏ជួបប្រសព្វនឹងបាតុកម្មស្ទើរគ្រប់កន្លែង ដែលលោកបានទៅដល់។ ជាបាតុកម្មដែលប្រឆាំងនឹងវត្តមានរបស់លោក ដោយសារតែប្រជាពលរដ្ឋនៅអូស្ត្រាលីកំពុងប្រារព្ធខួប១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី។

គិតមកដល់ថ្ងៃទី១២ ខែតុលានេះ ដំណើរទស្សនៈកិច្ចរបស់កូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីជួបជុំពលរដ្ឋខ្មែរ និងសមាជិកគណបក្សប្រជាជន នៅអូស្ត្រាលីនៅតែបន្តធ្វើ រហូតដល់ថ្ងៃទី១៤ ខែតុលាទើបបញ្ចប់។ ជាដំណើរទស្សនៈកិច្ច ដែលត្រូវបានពលរដ្ឋខ្មែរនៅអូស្ត្រាលីមួយចំនួនបានធ្វើបាតុកម្មប្រឆាំង ហើយមួយចំនួនបានស្វាគមន៍វត្តមានរបស់លោក។

Loading...

បើតាមមន្ត្រីព័ត៌មាន ដែលចូលរួមក្នុងដំណើរទស្សនៈកិច្ចកូនប្រុសលោកនាយករដ្ឋមន្ត្រី ក្រុមបាតុករខ្មែរមួយចំនួនត្រូវបានប៉ូលិសអូស្ត្រាលីរារាំង និងព្រមាន ក្រោយពេលក្រុមបាតុករបានព្យាយាមចូលទៅកាន់វត្តខ្មែរមួយនៅទីក្រុង Adelaide ខណៈដែលលោកហ៊ុន ម៉ាណែត កំពុងតែរៀបចំកម្មវិធីជួបជុំនៅទីនោះ។ ប្រភពដដែលបានបញ្ជាក់ថាមានបាតុករប្រមាណពី ១០០ទៅ១៥០នាក់។

បើតាមលោកហុង លឹម តំណាងរាស្រ្តសភា ប្រចាំរដ្ឋ Victoria ប្រទេសអូស្ត្រាលី បាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកហ៊ុន ម៉ាណែត ធ្វើឡើងក្នុងក្រុងចំនួន ៣ ដូចជានៅក្រុងMelbourne, SydneyនិងAdelaide។ លោកបញ្ជាក់បាតុកម្មនៅកន្លែងខ្លះមានអ្នកចូលរួមប្រមាណ ៥០០ទៅ ៦០០នាក់។

ជាក់ស្តែងកាលពីយប់ថ្ងៃសុក្រទី ៧ តុលា សហគមន៍ខ្មែរនៅអូស្ត្រាលី បានលើកបដាតវ៉ាប្រឆាំងនឹងវត្តមានលោកហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានរៀបចំពិធីជួបជុំសមាជិករបស់បក្សប្រជាជននៅប្រទេសអូស្ត្រាលី។

លោក ហុង លឹម តំណាងក្រុមអ្នករៀបចំបាតុកម្មបានចាត់ទុក កម្មវិធីជួបជុំទទួលទានអាហារនោះ ថាជាការផ្គើនដល់សហគមន៍ខ្មែរនៅអូស្ត្រាលី ដែលកំពុងតែប្រារព្ធពិធីកាន់ទុក្ខ ១០០ថ្ងៃយ៉ាងក្រៀមក្រំ ជូនដល់លោកបណ្ឌិត កែម ឡី។

បើទោះជាមានបាតុកម្មប្រឆាំងនឹងវត្តមាន រួមទាំងការជួបជុំនៅអូស្ត្រាលីនោះ លោកហ៊ុន ម៉ាណែត បានឲ្យដឹងតាមហ្វេសប៊ុករបស់លោកថា ការជួបជុំរវាងពលរដ្ឋខ្មែរ និងសមាជិកគណបក្សប្រជាជននៅតែធ្វើឡើងដដែល។ ក្រៅពីនោះលោកហ៊ុន ម៉ាណែត ក៏បានជួបមន្ត្រីអូស្ត្រាលីមួយចំនួនផងដែរ៕

ប្រភព៖ RFI