ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បង្ហាញពីហេតុផលចំនួន៣ ដែលអាជ្ញាធរបដិសេធការរៀបចំបុណ្យខួប១០០ ជូនលោក កែម ឡី

សមាជិកគណៈកម្មការរៀបចំពិធីបុណ្យខួប១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី ដែលបានចូលប្រជុំជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីព្រឹកមិញ គឺព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា ហេតុផលចំនួន៣ ដែលសាលារាជធានីភ្នំពេញ បដិសេធសំណើគណៈកម្មការបុណ្យ១០០ថ្ងៃជូនលោកបណ្ឌិតកែម ឡី នៅទីកន្លែងៗនៃរាជធានីភ្នំពេញ ក្នុងនោះមានបរិវេណមុខវត្តបទុមវតី និងវត្តពោធិយារាម ហៅវត្តចាស់ នាពេលកន្លងមកនេះ។

ព្រះអង្គមានថេរដីកាថាមូលហេតុដែលសាលារាជធានីភ្នំពេញ បានបដិសេធចំនួនពីរលើក ចំពោះសំណើរបស់គណៈកម្មការបុណ្យ១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី នាពេលកន្លងមកគឺ ១) សាលារាជធានីភ្នំពេញមិនបានឃើញសមាសភាពគណៈកម្មការពិតប្រាកដ ហើយមិនឃើញមានសាច់ញាតិលោកបណ្ឌិត កែម ឡីចូលរួមជាគណកម្មការបុណ្យ ២) សាលារាជធានីឃើញអ្នកដាក់ពាក្យស្នើសុំច្រើនគ្នាពេកមិនដឹងអ្នកណាជាអ្នកណា និង ៣)សាលារាជធានីភ្នំពេញមិនបានដឹងពីគោលបំណងជាក់លាក់ របស់គណៈកម្មការបុណ្យ។

Loading...

ព្រះអង្គ ប៊ុត ប៊ុនតិញ មានថេរដីកាបន្តថា ក្រោយពីបានជួបពិភាក្សាគ្នាជាមួយគណៈកម្មការបុណ្យជាង២ ម៉ោងរួចមក សាលារាជធានីភ្នំពេញបានយល់ពីគោលបំណងរបស់គណៈកម្មការបុណ្យទើបអនុញ្ញាត
ឱ្យធ្វើបុណ្យដោយរីករាយ។

កាលពីថ្ងៃទី៤ និងថ្ងៃទី៧ ខែតុលា សាលារាជធានីភ្នំពេញ បានចេញលិខិតចំនួនពីរដែលមានខ្លឹមសារដូចគ្នាបដិសេធសំណើរបស់គណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី នៅបរិវេណមុខវត្តបទុមវតី និងបរិវេណវត្តពោធិយារាម ក្នុងរាជធានីភ្នំពេញ ដោយបង្វែរឱ្យរៀបចំពិធីនេះនៅទីគេហដ្ឋាន និងទីបញ្ចុះសព ដែលមានទីតាំងស្ថិតក្នុងទឹកដីនៃខេត្តតាកែវ តែម្តង។

ពិធីបុណ្យ១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី នឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃ ដែលពីថ្ងៃធ្វើនៅរាជធានីភ្នំពេញ គឺថ្ងៃទី១៤ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនៅថ្ងៃទី១៦ ខែតុលា នឹងដង្ហែទៅកាន់ខេត្តតាកែវ៕

ប្រភព៖ khmertoday