ប្រពល​រដ្ឋ​រងគ្រោះ​ជិត​៥០​គ្រួសារ បាន​ចោទ​ឈ្មួញ​ដី​ទាំង​២​ថា​លេងល្បិច​ឆ្ពិន​ភ្នែក​រំលោភ​យក​ដី​ពួកគាត់

ខេត្តកំពង់ឆ្នាំង៖ ករណីគេរំលោភយកដីជិត៥០ឡូត៍ នៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលជាដីតំបន់២ កំពុងអភិវឌ្ឍន៍ធ្វើផ្សារកំពង់ឆ្នាំងថ្មី កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦រួចមក ប្រជាលរដ្ឋបានលើកគ្នាមកមុខសាលាខេត្ត ដាក់ពាក្យសុំអោយលោកអភិបាលខេត្តជួយដោះស្រាយ។ ដោយឡែកនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ ជនរងគ្រោះជាច្រើននាក់ក្នុងក្រុងកំពង់ឆ្នាំង បានចោទប្រកាន់ឈ្មួញដីឈ្មោះ លី ផេង និងឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់ ថាបានលេងល្បែងឆ្ពិនភ្នែក ដោយសារអ្នកទាំង២គឺជាមិត្តភ័ក្រនឹងគ្នាតាមរយៈរូបថតមួយសន្លឹក ហើយម្នាក់ជាអ្នកលក់ដីយកលុយពីពលរដ្ឋអស់ហើយ និងម្នាក់ទៀតជាអ្នកមកព័ទ្ធរបងរំលោភយកដីពីប្រជាពលរដ្ឋដែលបានទិញហើយទៅវិញ ដែលគេបញ្ជាក់ថាពួកគេមិនស្គាល់គ្នាទេ។ ប្រជាពលរដ្ឋបានស្នើរសុំទៅលោកអភិបាលខេត្តអោយជួយរកយុត្តិធម៌ដល់ពួកគាត់ផង ព្រោះថាពេលនេះពួកគាត់កំពុងរងទុក្ខដោយត្រូវសងប្រាក់ធនាគារ ដែលគាត់បានខ្ចីលុយមកទិញដីខាងលើទុកធ្វើផ្ទះរស់នៅ។

222

ប្រជាពលរដ្ឋបានអោយដឹងថា៖ ពួកគាត់ធ្លាប់លើកគ្នាទៅមុខសាលាខេត្តកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ គឺចង់សុំជួបលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត អោយជួយដោះស្រាយរឿងភាគីលោក លី ផេង បានប្រើអំណាចយកកម្លាំងប៉េអឹមខេត្តការពាររុះរើបង្គោលព្រុំដី រុះរើរោងពួកគាត់ និងបានបោះរបងហ៊ុំព័ទ្ធបន្លាលួស រំលោភយកដីពួកគាត់ជាង៤០ឡូត៍ ដែលបានទិញពីឈ្មោះ អៀ គុយម៉ុង ហៅក្តាន់ ដោយមានអាជ្ញាធរភូមិ សង្កាត់ទទួលស្គាល់ត្រឹមត្រូវ។

555

ដោយឡែកពាក់ព័ន្ធនឹងការប្តឹងផ្តល់គ្នារបស់ឈ្មួញដីទាំង២ គឺប្រជាពលរដ្ឋមិនជឿនោះឡើយ ដោយពួកគាត់អះអាងថាឈ្មោះ លី ផេង និងឈ្មោះ អៀរ គុយម៉ុង ធ្លាប់ជាម្រាក់ក្លើនឹងគ្នា និងធ្លាប់ដើរទិញដីនៅចំណុចអភិវឌ្ឍន៍នោះជាមួយគ្នាទៀតផង ស្រាប់តែប្រមាណជិត២ខែមុននេះឈ្មោះ លី ផេង បានមកធ្វើរបងហ៊ុំព័ទ្ធយកដីប្រជាពលរដ្ឋអស់ទៅវិញ ដោយមានកម្លាំងកងរាជអាវុធហត្ថជាអ្នកការពារទៀតផង និងបានបញ្ជាក់ថាឈ្មោះ អៀរ គុយម៉ុង ជាអ្នកលួចដីខ្លួនលក់ ព្រមទាំងបដិសេធថាមិនបានស្គាល់ឈ្មោះ អៀរ គុយម៉ុងទៀតផង។

444

ឈ្មោះ លី ផេង ជាឈ្មួញទិញដីបានបញ្ជាក់ថា លោកបានទិញដីពីឈ្មោះ ជាម ហៃ ទំហំជិត៦ហិកតា ក្នុងតម្លៃជាង១៤ម៉ឺនដុល្លានៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបានកក់ប្រាក់ជាបន្តបន្ទាប់ចំនួន៤លើក ដោយលើកទី៣បានអោយប្រាក់ទៅលោក អៀ គុយម៉ុង ជាតំណាងលោក លី ផេង មកអោយឈ្មោះ ជាម ហៃ និងបានប្រគល់ប្រាក់ថ្លៃដីអោយគ្រប់ចំនួនអស់ហើយនៅក្នុងខែ០៨ ឆ្នាំ២០១៦។

777

ដោយឡែកលោក អៀ គុយម៉ុង ហៅក្តាន់វិញ បាននិយាយអោយដឹងថា៖ លិខិតកក់ប្រាក់ចំនួន៥ម៉ឺនដុល្លា អោយឈ្មោះ ជាម ហៃ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កាពិតគឺឈ្មោះ សាយ សូ បានខ្ចីលុយលោកចំនួន៣ម៉ឺនដុល្លា និងពឹងអោយយកទៅកក់អោយឈ្មោះ ជាម ហៃ អោយលោក លី ផេង ហើយឈ្មោះ លី ផេង គឺគ្រាន់តែជាតំណាងអោយលោក សាយ សូ តែប៉ុណ្ណោះ គឺលោកមានឯកសារឈ្មោះ សាយ សូ ខ្ចីលុយលោក៣ម៉ឺនដុល្លា។ ដូច្នេះរឿងខាងលើនេះ លោកបានប្តឹងឈ្មោះ លី ផេង និងឈ្មោះជាម ហៃ ទៅតុលាការខេត្តរួចហើយ រង់ចាំតទល់ក្តីគ្នាតាមផ្លូវច្បាប់នៅតុលាការខេត្ត បើលោករំលោភដីគេលោកមិនខ្លាចទទួលទោសឡើយ។

888

រឿងនេះប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានសំណូមពរដល់លោកអភិបាលខេត្ត តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងអ្នកពាក់ព័ន្ធ សូមជួយរកយុត្តិធម៌ និងជួយយកដីដែលគេបានរំលោភយកនោះ អោយពួកគាត់វិញផង ព្រោះពួកគាត់កំពុងជំពាក់លុយធនាគារ និងបានកំពុងបង់លុយសងទៅធនាគារជារៀងរាល់ខែ។ ពេលនេះប្រជាពលរដ្ឋមានរូបថត ឈ្មួញទិញដីទាំង២ និងមិត្តភ័ក្រគេធ្លាប់ថតជាមួយគ្នាកាលពីទិញដីដំបូងទៀតផង ដូចនេះសូមអោយលោកអភិបាលខេត្តជួយពិនិត្យរូបថតនេះ និងវែកមុខជនឆរបោកប្រជាពលរដ្ឋផ្តន្ទាទោសទៅតាមច្បាប់អោយបានម៉ឺងម៉ាត់ផង ព្រោះពួកគេលេងល្បិចបោកប្រាស់ប្រជាពលរដ្ឋហើយ៕ ( រិទ្ធិជ័យ)