មហាជន​គាំទ្រ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ក្នុងការ​ឃាត់ខ្លួន​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ដែល​ល្បីល្បាញ​ខាង​ជួញដូរ​ឈើ​ប្រណីត​

ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែលមាន​ប្ដី​ជា​មន្ត្រីនគរបាល​ខេត្តស្ទឹងត្រែង ហើយ​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​។ ប្រតិបត្តិការ​ឃាត់ខ្លួន​យាយ​ព្រឿង​ធ្វើឡើង​ដោយ​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រប​ស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ចុះទៅ​បំពេញការងារ​នៅ​ខេត្តស្ទឹងត្រែង​។ ទីបំផុត​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ត្រូវ​ឃាត់ខ្លួន​នៅក្នុង​បរិវេណ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង បន្ទាប់ពី​ឈ្មួញ​យួន​ម្នាក់នេះ​យក​រថយន្ត​២​គ្រឿង​និង​កម្មករ​៧​នាក់មក​រំដោះ​ឈើ​ប្រណីត​ដែល​សមត្ថកិច្ច​បង្ក្រាប​ក​ន្ល​ង​មក​។

ប្រតិបត្តិការ​របស់​ក​ម្លាំ​ង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុងការ​ឃាត់ខ្លួន​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តស្ទឹងត្រែង គាំទ្រ​យ៉ាង​ខ្លាំងក្លា​ហើយ​មជ្ឈដ្ឋាន​នានា​ក៏​គាំទ្រ​ស្នាដៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែរ​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​រិះគន់ថា លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង គឺជា​អ្នក​បើកដៃ​ឲ្យ​យាយ​ព្រឿង ជួញដូរ​ឈើ​ប្រណីត​នោះ គួរតែ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​តាមច្បាប់​ផងដែរ ដើម្បី​ជាការ​ព្រមាន​។ ដោយហេតុថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ឈាង តុលា ទេនោះ​គឺ​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​។

ប្រភពពី​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​យាយ​ព្រឿង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ចុះ​បំពេញការងារ​នៅ​ខេត្តស្ទឹងត្រែង បាន​រកឃើញ​គំនរ​ឈើ​ជាច្រើន​ដែល​ត្រូវគេ​យកទៅ​លាក់ទុក​ក្នុង​ដីចម្ការ​នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ នៅពេល​រកឃើញ​ឈើ​ប្រណីត​យ៉ាងច្រើន​នោះ កម្លាំង​អាវុធហត្ថ​បាន​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ ដឹកជញ្ជូន​ឈើ​ទាំងនោះ​ទៅ​រក្សាទុក​ក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ តាំងពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ដោយ​ឈើ​ទាំងនោះ​សរុប​៦​រថយន្ត​សាំ​យ៉ុង និង​៦​រថយន្ត​បែន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ទៅ​ទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​រួចរាល់ ស្រាប់តែ​នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក៏​ឃើញ​មុខ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង និង​កម្មករ​៧​នាក់​ជាមួយ​រថយន្ត​២​គ្រឿង​ចូលទៅ​រំដោះ​ឈើ​និង​ឡោមព័ទ្ធ​មកលើ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​យាម​ឈើ​នោះ​។ នៅក្នុង​ឱកាស​នោះ​សមត្ថកិច្ច​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ក៏បាន​ឃាត់ខ្លួន​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ក្នុង​បទល្មើស​ជាក់ស្ដែង​ពេល​មក​រំដោះ​ឈើ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ គឺ​កម្ម​ករទាំង​៧​នាក់​បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​។

មជ្ឈដ្ឋាន​នានា​កំពុង​រង់ចាំ​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៅលើ​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង តាមផ្លូវ​ច្បាប់​ព្រោះ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​យាយ​ព្រឿ ក្នុង​បទល្មើស​ជាក់ស្ដែង​។ ប្រជាពលរដ្ឋ​មួយចំនួន​បានបង្ហាញ​ការសង្ស័យ​ចំពោះ​អំពើ​ឃុបឃិត​គ្នា​រវាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​យាយ​ព្រឿង ព្រោះ​ក្នុងខណៈដែល​យាយ​ព្រឿង និង​កម្ម​ករទាំង​៧​នាក់ ត្រូវ​ចាក់សោ​ឃាត់ខ្លួន​រួចទៅហើយ​នោះ បែរជា​កម្មករ​៧​នាក់​អាច​គេចខ្លួន​យ៉ាង​ស្រួលៗ ដូច្នេះ​សមត្ថកិច្ច​គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​ជាមួយ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

img-20161013-wa0008-576x1024 img-20161013-wa0004-768x576 img-20161013-wa0006-576x1024 img-20161013-wa0005-576x1024 img-20161013-wa0003-576x1024