ល្បែងស៊ីសង​ក្នុង​ខេត្តស្ទឹងត្រែង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​អសន្តិសុខ​សង្គម​

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​គ្រប់​សង្កាត់​ក្នុង​ក្រុង​ស្ទឹងត្រែង ហើយ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ក្រុង​ស្ទឹងត្រែង​ជាបន្ទាន់ ព្រោះ​អធិការនគរបាល​ក្រុង​ស្ទឹងត្រែង និង​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច ទទួលផល​ប្រយោជន៍​ពី​អ្នកបើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​កើតឡើង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​។

ល្បែង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង​ឲ្យ​ដឹងថា កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​ពលរដ្ឋ​មួយចំនួន​ដែល​ឈ្លក់​វង្វេង​នឹង​ល្បែង​នេះ ត្រូវ​ចាញ់​អស់ទ្រព្យ​សម្បត្តិ​លុយកាក់ ហើយ​អ្នកខ្លះ​ឈានដល់​អស់​ដីធ្លី​ផ្ទះសម្បែង​ទៀតផង​។ អាជ្ញាធរ​សង្កាត់ ក៏ដូចជា​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​ស្ទឹងត្រែង មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ ហើយ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​។ ផ្ដើមចេញពី​ល្បែងស៊ីសង​នេះ នាំ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រុង​ស្ទឹងត្រែង ក៏ដូចជា​បណ្ដា​ស្រុក​នានា​ទូទាំង​ខេត្ត ជាពិសេស​អំពើហិង្សា​ក្នុង​គ្រួសារ អំពើចោរកម្ម និង​បទល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ជាដើម​ដែល​កើតមាន​កាន់តែច្រើន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា ប្រសិនបើ​លោក មុំ សារឿន ជា​អភិបាលខេត្ត និង​លោក ម៉ៅ តារា ជា​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​នោះ គឺ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មិនអាច​រាលដាល​ពេញបន្ទុក​ក្នុង​ក្រុង​ស្ទឹងត្រែង​ដូច​សព្វថ្ងៃនេះ​ទេ​។ ទន្ទឹមនឹងនេះ​ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​កន្លងទៅនេះ ល្បែង​កន្ទុយលេខ​រាលដាល​កាន់តែខ្លាំង​ក្នុង​ក្រុង​ស្ទឹងត្រែង ហើយ​ពុំ​ឃើញ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង កំពុង​បរាជ័យ​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ខ្លះ​ផង​៕

hqdefault

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ 

fn-2016-07-12-14-17-49-3

លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង