នាយករដ្ឋមន្ត្រី​ថៃ កាត់​ដំណើរ​ទៅតាម​ខេត្ត​ដើម្បី​មក​ប្រជុំ​បន្ទាន់​ជាមួយ​រាជទាយាទ​

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា នៅរសៀលថ្ងៃពុធនេះ បានកាត់ដំណើររបស់លោកចុះទៅកាន់ខេត្ត Chonburi ដើម្បីត្រលប់មកប្រជុំបន្ទាន់ជាមួយនឹង រាជទាយាទ Maha Vajiralongkorn ខណៈ ស្ថានភាពនៃព្រះរាជសុខភាពនៃមហាក្សត្រថៃ ក៏កាន់តែចុះដុនដាបខ្លាំងនោះ។

លោកឧត្តមសេនីយ៍ Wilas Arunsri លេខាធិការនាយករដ្ឋមន្ត្រីថៃ នៅរសៀលថ្ងៃទី១២ ខែតុលានេះ បានអះអាងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា បានប្រតិភូកម្មអំណាចឲ្យលោកឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ដើម្បីជំនួសលោកក្នុងកិច្ចប្រជុំជាមួយនឹងមន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងវិស័យឯកជននៅខេត្ត Chonburi ដ្បិត លោកនាយរដ្ឋមន្ត្រី ត្រូវត្រលប់មករាជធានីវិញដើម្បីទទួលនិងជួបពិភាក្សាជាមួយនឹងរាជទាយាទ ដែលទើបតែយាងត្រលប់មកពីក្រៅប្រទេសនោះ។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មានបាងកករសៀលថ្ងៃពុធនេះ។

Loading...

ការជួបបន្ទាន់រវាងនាយករដ្ឋមន្ត្រីថៃ ជាមួយនឹងរាជទាយាទដែលបានលុបចោលទស្សនកិច្ចក្រៅប្រទេសពីប្រទេសអាឡឺម៉ង ត្រូវបានធ្វើឡើង ស្របពេលដែលព្រះរាជសុខភាពរបស់ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត ដែលត្រូវបានមន្ត្រីរាជវាំងថៃ ប្រកាសថា ស្ថិតនៅក្នុងស្ថានភាពដុនដាបនោះ។

ខណៈដែលសុខភាពស្ដេច ភូមិបុល អាប់ឌុលយ៉ាដេត មិនល្អនោះ ប្រជាជនថៃនាំគ្នាស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូក ដើម្បីបន់ស្រន់ឲ្យមហាក្សត្រដែលគ្រងរាជ្យយូរជាងគេអង្គនេះ ត្រឡប់ទៅស្ថានភាពប្រក្រតីវិញ។ ជាមួយគ្នានេះ ប្រជាជនថៃជាច្រើន ក៏នាំគ្នាសម្រុកទៅកាន់រាជវាំង ដើម្បីថ្វាយព្រះពរដល់មហាក្សត្ររបស់គេ តាមរយៈការសរសេរពាក្យបន់ស្រន់លើសៀវភៅថ្វាយព្រះពរ ដែលរៀបចំដោយរាជវាំងដែរ។

នៅថ្ងៃទី១១ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា ក្រុមយោធា និងសមាជិករដ្ឋាភិបាលដទៃទៀត ក៏បានទៅកាន់រាជវាំង ដើម្បីបន់ស្រន់ ជាមួយប្រជាជនដទៃទៀត។ មិនត្រឹមតែរាជធានីបាងកកឡើយ នៅតាមបណ្ដាខេត្តផ្សេងៗ ក៏មានពិធីបន់ស្រន់ដូចគ្នានេះដែរ ក្នុងគោលដៅបង្ហាញការបារម្ភ និងការស្រឡាញ់ចំពោះមហាក្សត្រអង្គនេះ។

ប្រជាជនថៃមានជំនឿថា ពណ៌ផ្កាឈូក គឺជាពណ៌ល្អសម្រាប់ស្ដេចអង្គនេះ ហើយការស្លៀកពាក់ពណ៌ផ្កាឈូក នឹងជួយឲ្យសុខភាពមហាក្សត្រថៃកាន់តែរឹងមាំថែមទៀត។ តាមពិតទៅ ជំនឿបែបនេះ លេចឡើងកាលពីប៉ុន្មានឆ្នាំមុន បន្ទាប់ពីក្រុមហោរារាជវាំងថៃ ចាត់ទុកជាពណ៌ផ្កាឈូក ជាពណ៌មង្គលមួយ ហើយចាប់ពីពេលនោះមក មហាក្សត្រ ភូមិបុល ក៏បានប្រើសម្លៀកបំពាក់ពណ៌ផ្កាឈូកជាញឹកញយដែរ។

ក្រោយការប្រកាសព័ត៌មានពីសុខភាពស្ដេច ភូមិបុល មកនោះ ប្រជាជនថៃជាច្រើន ក៏នាំគ្នាទៅកាន់មន្ទីរពេទ្យ Siriraj ជាទីដែលមហាក្សត្រដែលត្រូវបានប្រជាជនថៃគោរពដូចអាទិទេព ចំណាយពេលភាគច្រើនដើម្បីព្យាបាលព្រះរោគជាច្រើនមុខនោះ។ កាសែតបាងកកប៉ុស្តិ៍ផ្សាយថា ពួកគេទាំងនោះ បានស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូក សម្រាប់បន់ស្រន់ដែរ។

អស់ពេលជាយូរមកហើយ បញ្ហាសុខភាពរបស់មហាក្សត្រ ភូមិបុល គឺជារឿងនេះធ្វើឲ្យប្រជាជនថៃព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសលើបញ្ហាការស្នងរាជ្យតែម្ដង។ រាជទាយាទ Maha Vajiralongkorn ក៏មិនសូវមានប្រជាប្រិយភាពខ្លាំង ហើយថែមទាំងសម្បូររឿង អាស្រូវទៀតផង។ លើសពីនោះ បញ្ហាសុខភាពនេះ ថែមទាំងប៉ះពាល់ដល់វិបត្តិនយោបាយទៀតផង ដ្បិតយោធា ដែលស្មោះត្រង់ចំពោះស្ដេចនោះ នៅតែបន្តកាន់អំណាច និងរឹតត្បិតសិទ្ធិសេរីភាពប្រជាជនដដែល៕

ប្រភព៖ ថ្មីៗ