រន្ធត់ ! បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​មួយ​រំពេច​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦២-១៦៣ ស្ថិត​ក្នុងភូមិ​ស្វាយស ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខណៈ​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លា​ក​លេខ ភ្នំពេញ 3D-5606 ដាច់​ក្រ​ឡេ​កំពុងធ្វើការ​ជួសជុល​នៅ​ចិញ្ចើមថ្នល់​ខាងត្បូង ស្រាប់តែ​រថយន្ត​១​ទៀត​ម៉ាក​ហ៊ី​ណូ ពណ៌​ត្រាវ ពាក់​ស្លា​ក​លេខ កំពង់ចាម 3A-0579 បាន​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​កៀរ​​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដែល​កំពុង​ជួសជុល​រថយន្ត​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​មួយ​រំពេច​តែ​ម្តង ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ​បាន​រត់គេច​ខ្លួន​ក្រោយ​ពេល​កើតហេតុ ៕