ស៊ុំ សុម៉ាលី ខឹងសាច់ញាតិពេក រហូតហ៊ានប្រើសម្តីធ្ងន់ៗដល់ម្លឹង

ភ្នំពេញ៖ ក្រោយពីតារាសម្តែងស្រី អ្នកនាង ស៊ុំ សុម៉ាលី បានសម្តែងក្នុងខ្សែភាពយន្ត "អ្នកនាងម្ចាស់ឡឺកឺ" រួចមក គេសង្កេតឃើញថា កេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បីល្បាញរឹតតែខ្លាំង។

ចំពោះតារាស្រីរូបនេះ ស្ទើរតែធ្វើឲ្យមហាជនភ្លេចមុខនាងបាត់ទៅហើយ ព្រោះតាំងពីនាងបានរៀបការ កាលពីឆ្នាំ២០១៤ នាងបានបោះបង់វិថីសិល្បៈចោលទាំងស្រុង គឺទើបតែថ្មីៗនេះទេ រូបនាងបានហក់ចូលសម្តែងកុនសារជាថ្មី។

ក្នុងនោះដែរ កាលពីយប់មិញនេះ អ្នកនាង ស៊ុំ សុម៉ាលី ហាក់ដូចជាកើតអារម្មណ៍ខឹងសម្បារ នឹងសាច់ញាតិយ៉ាងខ្លាំង រហូតរូបនាងបានសរសេរសារទាំងចិត្តក្តៅក្រហាយ ថា "ខឹងចិត្តកែមនុស្សម្នាក់មិនបាន មិនសមមានសាច់ញាតិបែបនេះសោះ ពូជអញ ពូជមិនឲ្យអ្នកណាមើលងាយ ឬជាន់ឈ្លី និងមិនឲ្យចាញ់មនុស្សប្រុស តែញាតិអញមួយនេះខ្វះ… បាននៅតែរញ៉េររញ៉ៃ មិនចេះចប់ ឲ្យគេគិត គេបារម្ភ គេភ័យ គេខ្លាច។ សួរថាពេលពិបាក តើអាថោកទាបណា វាខ្វល់ហរ មានតែបងប្អូនឯងគ្រួសារ ឯងហ្នឹង មិចមិនចេះគិតសោះចឹង ហឹម ពូជនេះពូជខ្លាំង មិនសមមានមួយចឹងសោះ មិនចេះខ្មាស់"

សាររបស់តារាស្រីរូបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ឆ្ងល់ថា តើរូបនាង ខឹងសាច់ញាតិមួយណា ទើបប្រើសម្តីសាហាវ និងធ្ងន់ៗយ៉ាងនេះ។ ប៉ុន្តែទោះបី មានមតិជាច្រើន បានសាកសួរទៅកាន់ អ្នកនាង ស៊ុំ សុម៉ាលីក៏ដោយ ក៏រូបនាង មិនបានប្រាប់ រឺបកស្រាយប្រាប់នោះឡើយថា នាងបានខឹងបងប្អូនម្នាក់ណានោះ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រី ស៊ុំ សុម៉ាលី បានអះអាងយ៉ាងច្បាស់ថា នាងមិនថតឈុតស្រើបស្រាលដាច់ខាត ទោះឲ្យតម្លៃខ្លួនថ្លៃយ៉ាងណាក៏ដោយ។

អ្នកនាងស៊ុំ សុម៉ាលី បាត់មុខពីពិភពសិល្បៈជាច្រើនខែមកហើយ។ ក្រោយរៀបការរួច ទាំងអ្នកសិល្បៈ និងមហាជនដឹងថា តារាស្រស់សោភារូបនេះមានក្តីសុខក្នុងជីវិតប្តី-ប្រពន្ធ ប៉ុន្តែពេលវិលមកវិថីសិល្បៈវិញនោះ បង្កឲ្យមានការមន្ទិលថា នាងអាចមានបញ្ហាប្រេះឆាជីវិតអាពាហ៍ពិពាហ៍ ។

ចំពោះការវិលត្រឡប់សាជាថ្មីវិញក្នុងពិភពសិល្បៈនេះត្រូវមហាជនសង្ស័យថា ប្រហែលជានាងជួបវិបត្តិក្នុងគ្រួសារ ឬក៏មានភាពរកាំរកូសជាមួយស្វាមី ។ តើវាបែបនោះមែនឬ ?

អ្នកនាងស៊ុំ សុម៉ាលី អះអាងថា «ចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំនៅតែល្អប្រសើរដដែល គឺមិនមានអ្វីកើតឡើងខុសប្រក្រតីទេ ។

ពួកយើងនៅតែស្រលាញ់ យល់ចិត្តគ្នាដូចដើម ។ មូលហេតុដែលខ្ញុំត្រលប់មកចាប់អាជីពសិល្បៈវិញនោះ ព្រោះជាអាជីពដែលខ្ញុំស្រលាញ់ ហើយម្យ៉ាងក្រោយពីខ្ញុំឈប់សម្រាកពីការងារក្នុងក្រុមហ៊ុន ខ្ញុំក៏ចាប់ផ្តើមអផ្សុកខ្លាំងចង់សម្តែងវិញ ព្រោះឃើញមិត្តភក្តិសម្តែងនៅតែនឹកដល់ការងារសិល្បៈ ។

គួបផ្សំនឹងប្រាក់ចំណូលក្នុងគ្រួសារមានការធ្លាក់ចុះផង ពិសេសខ្ញុំត្រូវប្រឹងរកប្រាក់ឱ្យសល់បានច្រើន ព្រោះខ្លួនខ្ញុំមានជំងឺប្រចាំកាយដែលត្រូវការប្រាក់ច្រើនក្នុងការព្យាបាលទើបឆ្លៀតឱកាសនេះវិលមករកការសម្តែងឡើងវិញ។ មុននឹងត្រលប់មកនេះ គឺខ្ញុំបានពិភាក្សាជាមួយស្វាមីខ្ញុំរួចរាល់អស់ហើយ គឺមិនឱ្យមានការអាក់អន់ស្រពន់ចិត្តនឹងគ្នាអ្វីឡើយ ។

ខ្ញុំមកលើកនេះធ្វើការងារនៅក្នុងផលិតកម្មមហាហង្សផង និងសម្តែងផង គឺខ្ញុំជាអ្នកជួយមើលចាត់ចែងការស្លៀកពាក់របស់តារាសម្តែងនៅក្នុងផលិតកម្ម ។

បើកឆាកដំបូងខ្ញុំក៏ទទួលបានការសម្តែងជាតួអង្គមិត្តភក្តិតួឯកស្រីនៅក្នុងរឿង «អ្នកនាងម្ចាស់ឡឺកឺ» ។ ក្នុងរឿងនេះខ្ញុំមានចរិតចូលចិត្តលេងសើច តាមជួយផ្តល់យោបល់ដល់តួឯកស្រី ពីបទពិសោធន៍ និងរឿងស្នេហា ។ រឿងនេះខ្ញុំសម្តែងជាតួរងទេ តែក្តីស្រមៃរបស់ខ្ញុំក៏ចង់ក្លាយជាតួឯកដែរ ។ ផលិតកម្មមហាហង្សក៏មានគម្រោង រៀបចំឱ្យខ្ញុំសម្តែងជាតួឯកដែរ តែមានបញ្ហាគឺខ្ញុំឡើងទម្ងន់ពេក ព្រោះឥឡូវ៥៥គីឡូទៅហើយ ប្រសិនបើនៅត្រឹមក្រោម៥០គីឡូ អាចមានរាងស្អាតជាងនេះ» ។

អ្នកនាងស៊ុំ សុម៉ាលី និយាយថា ទោះបីជានាងកំពុងតែត្រូវការប្រាក់ក្តី តែបើមានផលិតកម្មណាតម្រូវឱ្យនាងថតឈុតឆាកសិចស៊ី អោបថើបស្រើបស្រាលក្នុងតម្លៃថ្លៃយ៉ាងណាក៏ដោយ ក៏នាងមិនអាចទទួលបានទេ ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload