រដ្ឋាភិបាល​គួរ​ចាត់វិធានការ​លើ​ឈ្មួញ​ដែល​ដឹក​អង្ករ​យួន​ចូល​ស្រុក​ខ្មែរ ហើយ​នាំ​ចេញទៅ​ក្រៅប្រទេស​

កន្លងមក​មាន​ឈ្មួញ​និង​ក្រុមហ៊ុន​មួយចំនួន​បាន​បន្លំ​ដឹក​អង្ករ​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ ហើយ​ប្រើ​យីហោ​ខ្មែរ​ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការនាំចេញ​អង្ករ​ដែល​ផលិត​នៅ​ស្រុក​ខ្មែរ​ពិតប្រាកដ​។ ហេតុនេះហើយ​ទើប​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ និង​សហគមន៍​កសិករ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុវត្តន៍​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ក្នុងការ​ត្រួតពិនិត្យ​អង្ករ​នាំចូល​ពី​ស្រុក​យួន ព្រមទាំង​បញ្ជាក់​ពី​គុណភាព​ក៏ដូចជា​ប្រភពដើម​នៃ​អង្ករ​គ្រប់​ប្រភេទ​មុនពេល​អនុញ្ញាត​ឲ្យ​នាំចេញ​។ បើ​មិន​ដូច្នេះ​ទេ​ក្រុម​ឈ្មួញ​ដែល​បន្លំ​នាំ​អង្ករ​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ ហើយ​ដាក់ថា​ជា​ផលិតផល​ខ្មែរ​សម្រាប់​នាំចេញ​ទៅ​បរទេស​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អង្ករ​ដែល​ផលិត​នៅ​ស្រុក​ខ្មែរ ព្រោះ​អង្ករ​ដែល​នាំចូល​ពី​ស្រុក​យួន​មាន​លាយ​សារ​ធាតុគីមី និង​មាន​គុណភាព​អន់​ជាង​អង្ករ​ខ្មែរ​។

ថ្មីៗ​នេះ​ក្រុមហ៊ុននាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ និង​សហគមន៍​កសិករ បាន​លើកឡើងថា ការមិន​បញ្ជាក់​អំពី​គុណភាព​ក៏ដូចជា​ប្រភពដើម​នៃ​អង្ករ​មុន​នាំចេញ ក៏ដូចជា​ការមិន​ត្រួតពិនិត្យ​អង្ករ​នាំចូល​ពី​ស្រុក​យួន គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​បន្លំ​ឬ​ប្រើ​ជាតិគីមី​ច្រើន​ហួស​កម្រិត ព្រមទាំង​ខ្វះ​អនាម័យ​លាយ​ជាមួយ​ប្រភេទ​អង្ករ​រួច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ ការបន្លំ​អង្ករ​យួន​ថា​ផលិត​នៅ​ស្រុក​ខ្មែរ ហើយ​នាំ​ចេញទៅ​ក្រៅប្រទេស​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​អង្ករ​ខ្មែរ ព្រោះ​បណ្ដា​ប្រទេស​នានា​គេ​មិន​ទទួល​ទិញ​អង្ករ​គុណភាព​អន់​ដែល​ឈ្មួញ​ដឹក​មកពី​យួន​បន្លំ​ថា​ជា​អង្ករ​ខ្មែរ រួច​នាំ​ចេញទៅ​ក្រៅប្រទេស​នោះទេ​។ ជាពិសេស​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម ត្រូវ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ហើយ​គួរ​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ឈ្មួញ​និង​ក្រុមហ៊ុន​ដែល​នាំចូល​អង្ករ​ពី​យួន ហើយ​បន្លំ​ថា​ជា​ផលិតផល​ខ្មែរ​។

សូមបញ្ជាក់ថា ថ្មីៗ​នេះ​ប្រជាកសិករ​ខ្មែរ​នៅតាម​បណ្ដា​ខេត្ត​ភាគ​ខាងលិច កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​តម្លៃ​ស្រូវ​ធ្លាក់ចុះ​យ៉ាងគំហុក ព្រោះ​ឆ្នាំមុន​ពួកគាត់​អាច​លក់​ស្រូវ​សែន​ក្រអូប​ក្នុង​១​គីឡូក្រាម​ជាង​១០០០​រៀល ប៉ុន្តែ​ឆ្នាំនេះ​ឈ្មួញ​ហ៊ាន​ទិញ​ក្នុងតម្លៃ​១​គីឡូក្រាម​ត្រឹម​៦៥០​ទៅ​៨៥០​រៀល ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ប្រឈម​នឹង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​។ ទន្ទឹមនឹង​តម្លៃ​ស្រូវ​ក្នុងស្រុក​ខ្មែរ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​កសិករ​នោះ បែរ​ជាមាន​ក្រុមហ៊ុន​និង​ឈ្មួញ​មួយចំនួន​នាំចូល​អង្ករ​ពី​ស្រុក​យួន​មក​ចែកចាយ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុមហ៊ុន​និង​ឈ្មួញ​ខិលខូច​នាំ​អង្ករ​ពី​ស្រុក​យួន​មក​បន្លំ​ថា​ជា​អង្ករ​ខ្មែរ​នោះទេ ហើយ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មួញ​និង​ក្រុមហ៊ុន​ខិលខូច​ទាំងនោះ ដើម្បី​ជាការ​ព្រមាន​ផងដែរ​៕

%e1%9f%a1%e1%9f%a4 46467449-7faa-4bea-88b0-d65e00b4cf60 04t