មន្ត្រីរដ្ឋបាល​ជលផល​ឈ្មោះ ទេ​ព្យ ទូច និង សុខ ស៊ី​ណាត កំពុង​ល្បី​ខាង​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​នៅ​ស្រុក​ស្អាង ស្រុក​កោះធំ

ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគាត់​ប្រើ​ឧបករណ៍​ខុសច្បាប់​តិចតួច​សម្រាប់​ចាប់​ត្រី តែងតែ​ត្រូវ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​ភ្លាមៗ​តែម្តង​។ ប៉ុន្តែ​នៅពេល​ជនល្មើស​មួយចំនួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ដើម្បី​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ បែរជា​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ក្រោម​ការគ្រប់គ្រង​របស់លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាពិសេស​លោក វ៉ិ​ត ធា​រិ​ទ្ធ ក្នុងនាម​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល បាន​ចេញមុខ​បង្ក្រាប​បទល្មើស​នេសាទ​តូចតាច​យក​ស្នាដៃ ហើយ​រក្សាទុក​បទល្មើស​ធំៗ​ដើម្បី​ផលប្រយោជន៍​ទៅវិញ​។

តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ស្អាង និង​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា មាន​មន្ត្រីរដ្ឋបាល​ជលផល​ពី​រ​នាក់​កំពុង​សកម្ម​ក្នុង​ការដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យ៉ាង​ក្រអឺតក្រទម គឺ​ឈ្មោះ ទេ​ព្យ ទូច នាយរង​រដ្ឋបាល​ជល​ផល​ផ្នែក​បាសាក់ និង​ឈ្មោះ សុខ ស៊ី​ណាត ហៅ​ក្លូ ជា​នាយរង​សង្កាត់រដ្ឋបាល​ជលផល​ស្អាង​។ មន្ត្រីរដ្ឋបាល​ជលផល​ទាំងពីរ​នាក់​នេះ បាន​ប្រមូល​លុយ​ពីបទ​ល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទូទាំង​ស្រុក​ស្អាង និង​ស្រុក​កោះធំ ហើយ​មិនទាន់​ឃើញ​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ខេត្តកណ្ដាល ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ដោយសារតែ​មន្ត្រីរដ្ឋបាល​ជលផល​ឈ្មោះ ទេ​ព្យ ទូច និង​ឈ្មោះ សុខ ស៊ី​ណាត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទើប​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​ក្នុងស្រុក​ស្អាង និង​ស្រុក​កោះធំ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​បទល្មើស​ប្រើ​សៃយ៉ឺន​ស្បៃ​មុង​ចាប់​កូន​ត្រី​ល្អិតៗ​បានកើត​ឡើង​យ៉ាង​អនាធិបតេយ្យ​តាម​ព្រែក តាម​បឹង និង​តំបន់​អតីត​ឡូត៍​នេសាទ​មួយចំនួន​នៅក្នុង​ស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្តកណ្ដាល​។ ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ត្រូវ​បង់លុយ​ឲ្យ​លោក ទេ​ព្យ ទូច និង សុខ ស៊ី​ណាត តាម​ការកំណត់​ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប ហើយ​មន្ត្រី​ទាំងពីរ​នាក់​នោះ​អាចបែងចែក​ផលប្រយោជន៍​មួយផ្នែក​សម្រាប់​លោក វ៉ិ​ត ធា​រិ​ទ្ធ ផងដែរ​ទើប​លោក វ៉ិ​ត ធា​រិ​ទ្ធ​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​នេសាទ​ក្នុងស្រុក​កោះធំ និង​ស្រុក​ស្អាង កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល ក្រោម​ការគ្រប់គ្រង​រប​ស់លោក វ៉ិ​ត ធា​រិ​ទ្ធ គិតតែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​៕

14686612_1604962883132621_877505804_n

លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល

27-3