ឈ្មួញ​កាយ​ដីភ្នំ​លក់​នៅ​ខេត្ត​ប៉ៃលិន មានការ​ឃុបឃិត​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​ដែល​គិតតែ​រឿង​ប្រមូល​លុយ​

កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ មាន​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​១​គ្រឿង​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ត្រង់ចំណុច​ភ្នំ​សារ​វ៉ាន់ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ យ៉ាង​គឃ្លើន​ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សារ​ព្រំ បាន​ឲ្យ​ដឹងថា គ្រឿងចក្រ​នោះ​ធ្លាប់ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាច្រើន​កន្លែង​មកហើយ ជាពិសេស​នៅ​ខាងក្រោយ​ក្បែរ​កាស៊ីណូ​ម្កុដ​ពេជ្រ ហើយ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មើលរំលង​រហូត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​សង្ស័យថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ​លក់​តាម​អំពើ​ចិត្ត​។

ក្នុងខណៈដែល​ឈ្មួញ​ជីក​កកាយ​ដីភ្នំ​លក់​យកលុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​មន្ត្រី​ពុករលួយ​នោះ ស្រាប់តែ​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ព្យាយាម​បិទបាំង​ថា​ការជីក​កកាយ​ដីភ្នំ គឺ​គ្រាន់តែ​ដើម្បី​រៀបចំ​ធ្វើ​ព្រំដែន​ក្រវាត់​ភ្នំ​ប៉ុណ្ណោះ​។ ការឆ្លើយ​ដោះសា​របស់លោក គឹម សុខា បែបនេះ​ទំនងជា​លោក គឹម សុខា ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ពួក​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ​លក់​។ ដូច្នេះ​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន គួរពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ការកាយ​ដីភ្នំ​លក់​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ខ្លះ​ផង ប្រសិនបើ​លោក​មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ​។ ដោយហេតុថា ដីភ្នំ​គឺជា​តំបន់​អភិរក្ស​មិនអាច​នរណា​មាន​សិទ្ធិ​រំលោភ​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះទេ ហើយ​ការ​ឈូសឆាយ​បំផ្លាញ​ដីភ្នំ គឺជា​ការបំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​យ៉ាង​គឃ្លើន​ទៀតផង​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ភ្នំ​តូចធំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាច្រើន​កន្លែង ត្រូវ​ក្រុម​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​យក​អាចម៍ដី​លក់​ធ្វើ​ឲ្យ​រាបស្មើ​អស់​ទៅហើយ​។ មន្ត្រី​សាលាខេត្ត​ប៉ៃលិន​មួយចំនួន បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជាមួយ​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន ដោយមាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​ស្ងាត់ស្ងៀម​។ ជាងនេះទៅទៀត​មន្ត្រី​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ក៏ដូចជា​មន្ត្រី​អាជ្ញាធរខេត្ត​ប៉ៃលិន​មួយចំនួន ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​ក្រុម​ឈ្មួញ​ជីក​កកាយ​ដីភ្នំ​លក់​ផងដែរ ទើប​រហូតមក​ដល់ពេលនេះ​បទល្មើស​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​៕

img_6315 untitled-1
​ ​