បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ជាប់​ព្រំប្រទល់​រវាង​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ កន្លងមក​សម្បូរ​ទៅដោយ​ព្រៃស្រោង​មាន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ស្ទើរតែ​វិនាស​អស់​ទៅហើយ​។ ប្រការនេះ​កើតឡើង​ដោយសារតែ​មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​និង​ឈ្មួញ​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​នេះ ពុំមាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹ​ជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​និង​ក្រុម​ជនល្មើស​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​ឈ្មួញ​មួយចំនួន​អាង​ដឹកឈើ​ពី​តំបន់​បឹង​ពែរ​ចូល​ក្រុង​សៀមរាប និង​ចូល​ទី​រួម​ខេត្តកំពង់ធំ​យ៉ាង​រលូន​។ សមត្ថកិច្ច​តាម​ដងផ្លូវ​គិតតែ​ពី​រឿង​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​បឹង​ពែរ​កើតឡើង​ឥតឈប់ឈរ​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​បទល្មើស​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ឈើ​បេង នាងនួន ធ្នង់ គគីរ និង​ឈើទាល​ជាដើម កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​បឹង​ពែរ មិន​ចាត់វិធានការ​បង្ក្រាប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ឈ្មួញ​មួយចំនួន​បានដាក់​កម្មករ​និង​ម៉ាស៊ីន​អារឈើ​ឲ្យ​ចូល​អារ​រំលំ​ដើមឈើ​និង​ច្រៀក​ឈើ​ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ ឬ​រថយន្ត​កែច្នៃ​ចេញពី​ព្រៃ​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​ជី​ក្រែក ខេត្តសៀមរាប និង​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ធំ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​បឹង​ពែរ​នាំគ្នា​ចង់​អង្រឹង​ចាំ​ប្រមូល​លុយ​ពី​ឈ្មួញ ក៏ដូចជា​ក្រុម​ល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​សុខ​ស្រួល​បំផុត​។ ដូច្នេះ​ប្រសិនបើ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ចៀស​មិន​ផុតពី​ក្លាយទៅជា​វាលស្មៅ​នោះទេ​៕

srnews-post183 srnews-post179 srnews-post180 srnews-post182