រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ ប្រតិកម្ម​ផ្ទួន​ៗ​​លើ​ការបញ្ចេញ​​ដើម​ទ្រូង​​របស់​សិល្បការិនី​ខ្មែរ

ត្រឹម​រយៈ​ពេល​១សប្ដាហ៍​ប៉ុណ្ណោះ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​បាន​ចេញ​ប្រតិកម្មផ្ទួន​ៗ​ទៅ​លើ​ការ​និយម​សម្ញែង​ដើម​ទ្រូង​របស់​បណ្ដា​សិល្បការិនី​ខ្មែរ ដែល​​ឯកឧត្តម​យល់​​ថា ជំងឺ​​ចាស់​​ចង់​​លាប់​​ឡើង​​វិញ និង​ហាក់​ផ្គើន​នឹង​អ្វី​ដែល​ឯកឧត្តម​បាន​​លើក​ឡើង​កន្លង​មក។

 

ប្រតិកម្ម​របស់​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​​លើ​បណ្ដាញ​សង្គម ដោយ​មាន​​ភ្ជាប់​ជាមួយ​រូបថត​អួត​បង្ហាញ​ដើម​ទ្រូង​របស់​សិល្បការិនី​ខ្មែរ​មួយ​ចំនួន​ផងនោះ សំដៅ​លើ​ការ​ស្លៀកពាក់ បញ្ចេញ​ដើម​ទ្រូង ដែល​ជា​ជំងឺ​ចាស់​ ខណៈ​ឯកឧត្តម​ធ្លាប់​ទាំង​បាន​កោះ​ហៅ​តារា​សិចស៊ី ដេនី ក្វាន់ មក​ទទួល​យក​ការ​អប់​រំ​ផង។ ឥឡូវ​ ជំងឺ​នេះ ហាក់​កម្រើក​ឡើង​វិញ។

 

រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ ប្រតិកម្ម​ផ្ទួន​ៗ​​លើ​ការបញ្ចេញ​​ដើម​ទ្រូង​​របស់​សិល្បការិនី​ខ្មែរ

 

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ 

 

ឯកឧត្តម ថៃ នរៈសត្យា បាន​សរសេរ​ថា “ប្រែត​ទៅ​វិញ​អស់ ទេពអប្សរ​ហោះ​ហើរ​ពេញ​ពាសតែ​ជម្ងឺ​ចាស់​ដូច​ជា​ចង់​លាប់​មក​វិញ​ធ្ងន់​ពាប់ ស្រប​ពេលដែល​ក្រម​សីលធម៌*កំពុង​បន្ត​នីតិវិធី​ផ្លូវ​ការ។ ដឹង​ថា​ត្រូវ​ហើយ​មិន​ធ្វើ និង​ដឹង​ថា​ខុស​ហើយ​មិន​កែពិត​ជា​កំហុស​តែ​ពីរ​គត់​របស់​មនុស្ស​ទូទៅ​លើ​លោក​នេះ​មែន​…! “។

 

យ៉ាង​នេះ​ក្ដី ឯកឧត្តម ថ្លែង​ប្រាប់ Sabay ថា ការ​ដាក់​ចេញ​នូវ​ការ​អធិប្បាយ​បន្ត​បន្ទាប់​របស់​ឯកឧត្តម​លើ​ករណី​ខាង​លើ​នេះ មិន​មាន​ចេតនា​ណា​មួយចង់​​ស្ដី​បន្ទោស​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ឡើយ។ ជាមួយ​គ្នា​នេះ ​ក៏​មិន​ទាន់​មាន​ផែន​ការ​កោះ​ហៅ​មក​ព្រមាន ឬ​ដាក់​ទោសទណ្ឌ​អ្វី​ដែរ ជៀស​វាង​បង​ប្អូន​សិល្បករ​ទទួល​អារម្មណ៍​កៀប​សង្កត់។

 

ប៉ុន្តែក្នុង​នោះ ​ឯកឧត្តម​ចង់​អោយ សាមី​ខ្លួន ស្វែង​យល់​ដោយ​ខ្លួន​ឯង ថា​អ្វី​គួរ អ្វី​មិន​គួរ និងស្វែង​​យល់​កាលៈទេសៈ​ផង ព្រោះ​ថា សង្គម​កម្ពុជា​បច្ចុប្បន្ន​មាន​អ្នក “ពេក” ច្រើនណាស់។

 

រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ ប្រតិកម្ម​ផ្ទួន​ៗ​​លើ​ការបញ្ចេញ​​ដើម​ទ្រូង​​របស់​សិល្បការិនី​ខ្មែរ

 

ឯកឧត្តម លើក​ឡើង​ថា “ជា​ការ​យល់​ឃើញ​ដោយ​ឯក​បុគ្គលI ខ្ញុំ​មិន​គិត​ថា​វា​អាក្រក់​អ្វី​ពេក​ទេ ប៉ុន្តែ​ស្រុក​យើង​ឥឡូវ​នេះ​សម្បូរណ៌​ទៅ​ដោយ​មនុស្ស ពេក​ៗ ច្រើន​ណាស់… ខ្លាច​ពេក ហ៊ាន​ពេក ស្លុយ​ពេក កំសាក​ពេក ស្នេហា​ពេក គាំទ្រ​ពេក បន្តុះ​បង្អាប់​ពេក ឲ្យ​តម្លៃ​ពេក ជាន់​ឈ្លី​ពេក ស្រឡាញ់​ពេក ស្អប់​ពេក ជេរ​តាម​គ្នា​ពេក…។ល។ និង។ល។ អា​កន្លែង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​ឲ្យ​ពួក​នាង​ស្គាល់​សង្គម​បរិយាកាស​ឲ្យ​ច្បាស់ ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់ ស្គាល់​អ្នក​គាំទ្រ​ដ៏​យោល​យោក​តាម​ខ្យល់​របស់​នាង​ៗឲ្យ​ច្បាស់​តែ​ប៉ុណ្ណោះ”។

 

ដូច្នេះហើយ ឯកឧត្តម​សង្កត់​ធ្ងន់​ថា ការ​ប្រតិបត្តិ​គ្រប់​យ៉ាង​ដែល​មិន​ហួសហេតុ​ពេក គឺ​ជា​សម្រស់ ជា​កិត្តិយស និង​ជា​សេចក្ដី​ថ្លៃ​ថ្នូរ។រដ្ឋលេខាធិការ​ដដែល បាន​គូស​បញ្ជាក់​ថា វប្បធម៌ អរិយធម៌ ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ មិន​គួរ​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រអាប់ ដោយ​សារ​តែ​បុគ្គល​ម្នាក់​ ឬ​ច្រើន​នាក់​ស្លៀកពាក់​សិចស៊ី ឬ​ដោះ​ខោអាវ​ចេញ​ពី​ខ្លួន​ឡើយ ហើយ​ថា ប្រតិកម្មឯកឧត្តម​​គ្រា​នេះ ​ចៀសវាង​មហាជន​មាន​ការ​ភ័ន្ត​ច្រឡំ​ថា ក្រសួង​វប្បធម៌​ដែល​ជា​ម៉ែ​ជា​ឪ ដេក​លក់ មិន​យក​ភ្នែក​មើល។

 

 

ក្រសួង​វប្បធម៌ កំពុង​ធ្វើ​សេចក្ដី​ព្រាង លើ​ “ក្រម​សីលធម៌​អ្នក​សិល្បៈ” ដែល​ចាត់​ជា​ខ្សែ​បន្ទាត់​​ថ្មី​មួយ គូសវាស​ឲ្យ​សិល្បករ​ក្នុង​ស្រុក ទទួល​យក​ទាំង​អស់​គ្នា នូវ​អ្វី​ដែល​ហៅ​ថា ​”សម​រម្យ​” ទាំង​ការ​និយាយ​ស្ដី កាយ​វិការ​ជា​ដើម ​ដើម្បី​ធានា​បាន​នូវសេចក្ដី​ថ្លៃ​ថ្នូរ​នៃ​សិល្បៈ​វប្បធម៌​ជាតិ​ ក្នុង​នោះ ក៏​មាន​និយាយ​ពី​ការ​ប្រើ​សម្លៀកបំពាក់​រុំព័ទ្ធ​ខ្លួន​ប្រាណ​នេះ​ផង​ដែរ។

 

នៅ​ក្នុង​សេចក្ដី​ព្រាង​អំពី “ក្រម​សីលធម៌” នោះ សិល្បករ​អាច​នឹង​ទទួល​ពិន័យ ល្គឹកណាសិល្បករ​នៅតែ​ចចេស​បង្កើត​ឲ្យ​មាន​កំហុស​ឆ្គង​ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​នោះ​រូបភាព​នៃ​ការ​ដាក់​ពិន័យ​មាន​ដូច​ជា ហៅ​ណែនាំ ឬ​ស្ដី​បន្ទោស​ផ្ទាល់​មាត់ ឬ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​ផ្សព្វផ្សាយ​ជា​សារធាណៈ។ ក្រៅ​ពី​នេះ​ករណី​ធ្ងន់​ធ្ងរ គឺ​ផ្អាក​មិន​អោយ​ធ្វើ​សកម្មភាព​ទាក់​ទង​នឹង​វិស័យ​សិល្បៈ ក្នុង​ពេល​សម​ស្រប​ណា​មួយ អាស្រ័យ​លើ​កំហុស​ឆ្គង​ដែល​កើត​មាន។

 

រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ ប្រតិកម្ម​ផ្ទួន​ៗ​​លើ​ការបញ្ចេញ​​ដើម​ទ្រូង​​របស់​សិល្បការិនី​ខ្មែរ

 

ឯកឧត្តម រដ្ឋលេខាធិកា បញ្ជាក់​ប្រាប់ Sabayថា “ក្រម” ដែល​កំពុង​ពង្រាង​នោះ មាន​ចែង​ច្បាស់​ពី​ករណី​ខាង​លើ​នេះ។ ប៉ុន្តែ​អ្វី​ៗ​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា​ពិចារណា និង​ពង្រាង​នៅ​ឡើយ ហើយ​​ជា​គោលការណ៍ ក្រសួង​នៅ​តែ​ប្រកាន់​យក​ឥរិយាបថ​ទន់​ភ្លន់ ពន្យល់​ណែនាំ​ឲ្យ​សិល្បករ​ឲ្យ​យល់​ ជា​អាទិភាព​ដដែល។

 

“ក្រម​សីលធម៌ នៅ​តែ​ជា​ក្រម​សីលធម៌ យើង​គ្រាន់​តែ​មិន​ចង់​ឲ្យ​គ្នា​យើង​ហ្នឹង​វាខុស យើង​គ្រាន់​តែ​ចង់​បង្ហាញ​ថា ផ្លូវ​ហ្នឹងវា​មាន​បន្លា កុំ​ទៅ បើ​គេ​នៅ​តែ​ទៅ គេ​នឹង​​មុត​បន្លា​ បើ​គេ​នៅ​តែ​ទៅ គេ​នឹង​ធ្លាក់​រណ្ដៅ អាហ្នឹង​វា​អីចឹង…ចាំ​​មើល​ពេល​ក្រម​សីលធម៌​ចេញ​ជា​ផ្លូវ​ការ យើង​នឹង​ពិនិត្យ​លើ​ខ្លឹម​សារ​​ទៀត”។ ឯកឧត្តម ថៃ នរៈសត្យា បន្ថែម៕

 

អត្ថបទ៖ ទារិកា