នាង ​Shailine Woodley ត្រូវ​ចាប់ខ្លួនពី​បទ​ប្រឆាំង​ការ​សង់​បំពង់​បង្ហូរ​ប្រេងកាត់​តំបន់​ជនជាតិភាគតិច

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ពី​ការ​ចាប់ខ្លួន​នាង​Shailene Woodley តារា​សម្ដែង​អា​មេ​រិ​ក អាយុ​២៤​ឆ្នាំ ពី​បទ​ចូលរួម​តវ៉ា​ប្រឆាំង​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង​«Dakota Access» ។ ការ​ចាប់ខ្លួន​នោះ​បន្ទាប់​ពី​នាង​Shailine Woodley បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​ពី​ការ​ចូលរួម​របស់​នាង ។

Woodley ដែល​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ដ​រឿង​«Snowden» ឬ «​ល្អាង​ព្រិល​» បាន​ចូលរួម​តវ៉ា​ប្រឆាំង​ជាមួយ​ជន​អំបូរ​ភាគតិច «​ស៊ូ​» កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ នៅ​រដ្ឋ​North Dakota ធ្វើ​ឱ្យ​អ្នកស្រុក​ជោគជ័យ​លើ​ការ​ហាម​សាងសង់​បំពង់​បង្ហូរ​ប្រេង​ឆ្លងកាត់​តំបន់​អភិរក្ស​«Standing Rock» ចាត់​ទុក​ថា​ជា «​តំបន់​ដ៏​សក្ដិ​សិទ្ធិ​» ទោះបីជា​តុលាការ​បញ្ជា​ឱ្យ​ដំណើរការ​បន្ដ​ក៏​ដោយ ។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន «Energy Transfer Partner» នៅ​ក្រុង​ដា​ឡាស់ រដ្ឋ​តិច​សាស់ ជា​ម្ចាស់​នៃ​គម្រោងការ បញ្ជាក់​ថា គម្រោងការ Dakota Access ត្រៀម​ចំណាយ​ប្រាក់​៣.៧០០​លាន​ដុល្លារ ក្នុង​រយៈ​ចម្ងាយ​ប្រហែល​១.៧៧០​គីឡូម៉ែត្រ ឆ្លងកាត់​តំបន់​ក្នុង​រដ្ឋ​ចំនួន​៤ គឺ​ន័​រ​ដា​កូតា​, សៅ​ដា​កូតា​, អាយ​អូ​វ៉ា និង​អីុល្លី​ណ​យ ដោយ​បង្កើត​ការងារ​ដ៏​ធំ​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់ ប៉ុន្ដែ​ត្រូវ​ក្រុម​សកម្មជន​ប្រឆាំង ព្រោះ​ពួក​គេ​យល់​ថា​វា​បំផ្លិចបំផ្លាញ​ទីតាំង សំខាន់​ៗ​របស់​ជន​អំបូរ​ដើម​អា​មេ​រិ​ក ៕