តារាចម្រៀង Celine Dion ស្រណោះ​ប្ដី​ដែល​ស្លាប់​ដោយ​មហារីក

លោកស្រី​Celine Dion អតីត​តារាចម្រៀង​បាន​បង្ហាញ​ទឹកចិត្ដ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក​Rene Angelil បន្ទាប់​ពី​លោក​ស្លាប់​ជិត​១​ឆ្នាំ​មកនេះ ។

លោកស្រី​Celine Dion អាយុ​៤៨​ឆ្នាំ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​(CBS) ក្រោយ​ពេល​ប្ដី​របស់​ខ្លួន​ស្លាប់ កាលពីដើម​ឆ្នាំ​កន្លង​មក​ថា «​ខ្ញុំ និង​កូន​បានឃើញ​គេ​រកកលនឹង​ស្លាប់​ជា​រៀងរាល់ថ្ងៃ ។ សម្រាប់​ខ្ញុំ គាត់​ជា​បុរស​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់ ជា​បុរស​មួយ​រូប​ដែល​ខ្ញុំ​ធ្លាប់​ថើប ។ ខ្ញុំ​មិន​ដែល​ថើប​អ្នក​ផ្សេង​ឡើយ ដូច្នេះ​នៅ​ពេល​ភាព​ឈឺចាប់​ដោយ​ជំងឺមហារីក​របស់​គាត់​បាន​បញ្ចប់ គឺជា​រឿង​ល្អ​មួយ​ហើយ​គាត់​លែង​ឈឺចាប់​ដោយ​បែប​នោះ​ទៀត​» ។

លោក​Rene Angelil ចាប់អារម្មណ៍​លើ​លោកស្រី​Celine Dion បន្ទាប់​ពី​បាន​ស្ដាប់​ចម្រៀង​ភាសា​បារាំង «Le n`etait qu`un reve» ដែល​បងប្រុស និង​ម្ដាយ​របស់​អ្នកស្រី​តែង ។ Celine Dion បាន​ថត​ចម្រៀង​នោះ​ទុកជា​បទ​ដំបូង​នៅ​ពេល​មាន​អាយុ​១២​ឆ្នាំ ។ នៅ​ពេល​បាន​ស្ដាប់​លោក​សម្រេចចិត្ដ​លើក​ស្ទួយ​ក្មេង​ស្រី​រូប​នេះ​ឱ្យ​ក្លាយជា​មនុស្ស​ល្បី ដោយ​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ ដើម្បី​រក​ទុន​ចេញ​អាល់​ប៊ុ​ម​ថ្មី​ឱ្យ​Celine ដែល​ជា​ចំណុច​ចាប់ផ្ដើម​នៃ​អាជីព​របស់​នាង ។

លុះដល់​ឆ្នាំ​១៩៩៤ ពួក​គេ​ទាំង​២​បាន​រំកិល​ឋានៈ​ពី​សិល្បករ ក្លាយជា​អ្នកដឹកនាំ​សិល្បៈ និង​ក្លាយជា​ប្ដី​-​ប្រពន្ធ​នឹង​គ្នា ។

ក្រោយ​ពី​រៀប​ការ លោកស្រី​Celine Dion និង​លោក​Rene Angelil មានកូន​៣​នាក់ ។ លោក​Rene Angelil បាន​ស្លាប់​បាត់បង់​ជីវិត​ខណៈ​ពេល​មាន​អាយុ​៧៣​ឆ្នាំ ដោយ​ជំងឺមហារីក កាលពីដើម​ឆ្នាំ​កន្លង​ទៅ ៕