លក់ទំនិញ​តាម​អន​ឡាញ​បែប​ណា​ឱ្យ​លើស​គូប្រជែង

ការ​លក់ទំនិញ​តាម​អន​ឡាញ ជា​អាជីវកម្ម​មួយ​ប្រភេទ​ដែល​រីក​ដុះដាល​យ៉ាង​ឆាប់រហ័ស ហើយ​មនុស្ស​គ្រប់​រូប​នឹក​ស្មាន​មិន​ដល់ និង​មិន​ត្រឹមតែ​ក្នុង​ប្រទេស​តែ​មួយ​ឬ​ពីរ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​ជំនួញ​ទូ​ទាំង​សកលលោក ។ ការ​រីក​ដុះដាល​ឡើង​នេះ ធ្វើ​ឱ្យ​មាន​គូប្រជែង​ច្រើន​ឡើង ប្រៀប​ដូច​ស្រមោល​តាម​ខ្លួន តែ​មិន​ត្រូវ​ខ្លាច​នោះ​ទេ ។ ប្រសិនបើ​ចង់​លក់ទំនិញ​តាម​អន​ឡាញ​ឱ្យ​ឈ្នះ​គូប្រជែង​បាន នេះ​ជា​គន្លឹះ​៥​ចំណុច​ដែល​អាច​ជួយ​អ្នក​បាន ។

១-​ចាប់ផ្តើម Marketing ៖
ពេល​ដែល​អ្នកជំនួញ​គិតដល់​ការ​លក់ទំនិញ​តាម​អន​ឡាញ រឿង​ដំបូង​ដែល​ចូល​មក​ក្នុង​គំនិត នឹង​មិនមែន​ជា​រឿង​ទីផ្សារ​នោះ​ទេ ។ ទីផ្សារ ជា​រឿង​ដែល​មនុស្ស​ភាគច្រើន​ផ្តល់​ភាព​សំខាន់​បន្ទាប់បន្សំ​ប៉ុណ្ណោះ ទាំង​ដែល​ការ​ពិត គឺ​វា​សំខាន់​លំដាប់​ដំបូង​សម្រាប់​ឱ្យ​ការ​ចាយវាយ​ប្រាក់​ទាំងអស់​ក្នុង​អាជីវកម្ម​ដំណើរការ​ទៅ​ល្អ និង​រីក​លូតលាស់​រៀង​រាល់​ខែ។

អ្នក​ត្រូវ​វែកញែក​ថា អតិថិជន​នឹង​ចូល​មក​យ៉ាងណា អ្នក​ត្រូវ​ចាយវាយ​ប៉ុន្មាន​ទើប​អាច​ទាក់ទាញ​ពួក​គេ​បាន ហើយ​ការ​លក់​ម្តង​ៗ ប្រាក់​ចំណេញ​របស់​អ្នក​នឹង​គ្រប់គ្រាន់​ឬទេ ដែល​ចំណុច​នេះ​ជា​តួនាទី​របស់ Marketing ។

២-​ទំនិញ​ត្រូវ​តែ​មានគុណ​ភាព ៖
នៅ​ពេល​ប្រកប​អាជីវកម្ម មិន​ថា​អ្វី​ក្តី ចៅហ្វាយនាយ​តែ​មួយ​របស់​អ្នក គឺ​អតិថិជន ដែល​បច្ចុប្បន្ន​នេះ មាន​អតិថិជន​ជា​ច្រើន​ប្រភេទ ។ ការ​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ រឿង​ដែល​អ្នក​នឹង​ធ្វើ​ឱ្យ​លើស​គូប្រជែង គឺ​គុណភាព​នៃ​ទំនិញ​។ នេះ​ជា​មូលដ្ឋាន​តែ​មួយ​របស់​អាជីវកម្ម ព្រោះ​ទោះជា​ផ្នែក​ទីផ្សារ​ល្អ​ប្រសើរ​យ៉ាងណា​ក្តី ក៏​មិន​អាច​លក់​បាន​ដែរ ប្រសិនបើ​ទំនិញ​នោះ​មិនល្អ​។ ដូច្នេះ ការ​យកឈ្នះ​អ្នក​ដទៃ​ដោយ​ទំនិញ​មានគុណ​ភាព គឺជា​ការ​ប្រសើរ ។

៣-​សេវាកម្ម​លើសគេ ៖
អ្នក​មិន​អាច​គេច​ចេញពី​ការ​ពិត​ថា ទោះបីជា​អ្នកលក់​អ្វី​ក៏​ដោយ ត្រូវ​តែ​មាន​គូប្រជែង​ដែល​លក់ទំនិញ​ដូច​គ្នា​ជា​និច្ច ហើយ​ឱកាស​ដែល​ធ្វើ​ឱ្យ​អ្នក​ឈាន​ទៅ​មុខ​លើស​គូប្រជែង​ដទៃ​ទៀត​នោះ គឺ​សេវាកម្ម ។

នៅ​ពេល​ដឹង​ថា មាន​គូប្រជែង​យ៉ាងច្រើន​នៅ​លើ​ទីផ្សារ អ្នក​ត្រូវ​អភិវឌ្ឍ​ខ្លួនឯង​ក្នុង​ផ្នែក​សេវាកម្ម ដែល​ធ្វើ​ឱ្យ​វា​ដូចនឹង​ការ​រំពឹង​ទុក​របស់​អតិថិជន និង​នៅ​ពេល​ដែល​សេវាកម្ម​របស់​អ្នក​បង្កើត​ផល អតិថិជន​នឹង​មិន​ទៅ​រក​សេវាកម្ម​របស់​អ្នក​ដទៃ​ឡើយ ។

៤-​តម្លៃ​ទំនិញ​មិន​ចាំបាច់​ថោក​នោះ​ទេ ៖
អតិថិជន​ដែល​មក​រក​សេវាកម្ម​របស់​អ្នក ដោយសារ​ហេតុផល​ដូច​គ្នា ហើយ​តម្លៃ​ទំនិញ​ក៏​ជា​រឿង​មួយ​ក្នុង​ចំណោម​នោះ​ដែរ ប៉ុន្តែ​វា​មិនមែន​ទាំងអស់​ទេ ។ ទោះជា​យ៉ាងណា​ក្តី ការ​លក់​នៅ​តាម​អន​ឡាញ​ដែល​ប្រកប​ទៅ​ដោយ​ទំនិញ​មានគុណ​ភាពល្អ និង​សេវាកម្ម​ល្អ​ជាងគេ​ក្តីក៏​វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​ឡើយ ដែល​ទំនិញ​របស់​អ្នកមាន​តម្លៃ​ថោក​បំផុត​នៅ​លើ​ទីផ្សារ ។ ដូច្នេះ អ្នក​អាច​យកឈ្នះ​គូប្រជែង​តាម​គ្រប់យ៉ាង​ដែល​អ្នកមាន និង​ត្រូវ​តែ​ល្អ​បំផុត ។

៥-​បង្កើត Brand ដោយ​ខ្លួនឯង ៖
នេះ​ជា​ចំណុច​ចុង​ក្រោយ​ក្នុង​ការ​លក់​តាម​អន​ឡាញ​ដើម្បី​ឈ្នះ​លើ​គូប្រជែង ។ ប្រសិនបើ​និយាយ​ដល់​រឿង Brand អ្នក​ចង់ឱ្យ​អតិថិជន​នឹក​ដល់​អ្នក​បែប​ណា ព្រោះ​ជា​ការ​ពិត នៅ​ខាងក្រោយ Brand គឺ​ការ​ស្វែង​រករឿង​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អតិថិជន តាម​រយៈ​ទំនិញ សេវាកម្ម និង​អ្វី​គ្រប់យ៉ាង​ដែល​អ្នកមាន ដែល​នេះ​ជា​ភាព​លំបាក​ក្នុង​ការ​បង្កើត Brand​។ ប៉ុន្តែ​នៅ​ពេល​ណា​ដែល​អ្នក​បាន​ទទួល​ទំនុកចិត្ត​ពី​អតិថិជន​ហើយ ពួក​គេ​នឹង​ក្លាយជា​អ្នកគាំទ្រ​ដ៏​ធំ​ដល់​ហាង​ទំនិញ​របស់​អ្នក​រហូត​ទៅ ។

នៅ​ពេល​បាន​ឈ្វេងយល់​ពី​ចំណុច​ខាងលើ​ហើយ ការ​ធ្វើ​ជំនួញ​នៅ​តាម​អន​ឡាញ​ឱ្យ​ឈ្នះ​គូប្រជែង​ដែល​មាន​ច្រើន​ទូ​ទាំង​ប្រទេស​នោះ វា​មិនមែន​ជា​បញ្ហា​លំបាក​ទៀត​ឡើយ ៕