ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា



កណ្ដាល​: សមត្ថកិច្ច​មូលដ្ឋាន បាន​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ពាក្យបណ្តឹង​ឪពុកក្មេក ជា​ជំទប់​ទី​១ គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ឈើខ្មៅ បន្ទាប់​ពី​បាន​វាយ​បំផ្លាញ ស្លាក​គណបក្ស បណ្តាល​ឲ្យ​ខូចខាត ដោយ​ចេតនា ។

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង ១ រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅផ្ទះ​របស់​ឈ្មោះ គុន នារី ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​២​នាក់ ទី​១-​ឈ្មោះ​ទែន សុខ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ មុខរបរ កសិករ​និង​ជា​ជំទប់​ទី​១ គណៈបក្ស​សង្គ្រោះ​ជាតិ ឃុំ​ឈើខ្មៅ ។ ២-​ឈ្មោះ គុន នារី ភេទ​ស្រី អាយុ ៥៥​ឆ្នាំ (​ត្រូវជា​ម្ដាយក្មេក​ជនសង្ស័យ​) មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ មុខរបរ កសិករ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ ញឹ​ម សុ​ជាតិ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ កសិករ ។

សម្ភារៈ​ខូចខាត មាន​ស្លាក​សញ្ញា​គណៈបក្ស​សង្គ្រោះ​ជាតិ ចំនួន​១ ធ្វើ​ពី​ស័ង្កសី មាន​ទំហំ ០,៩×៣ ម៉ែត្រ ។

នៅ​មុន​ពេល​កើតហេតុ​មួយ​ថ្ងៃ ជនសង្ស័យ បាន​ធ្វើ​ដំណើរ មក​តាម​រកប្រពន្ធ​ឈ្មោះ ហ៊ លាង​ហ៊ី ឯ​ផ្ទះ​ម្ដាយក្មេក​របស់​ខ្លួន ក្នុងភូមិ​ឃុំ​កើតហេតុ ខាងលើ ដោយ​ប្រពន្ធ​របស់​ជន សង្ស័យ បាន​រត់គេច​ចេញពីផ្ទះ ព្រោះតែ​ត្រូវ​ជនសង្ស័យ ជា​ប្ដី​វាយ​ធ្វើបាប ។ ពេលមក​ដល់ ជនសង្ស័យ បាន​និយាយ​សុំ​យក ប្រពន្ធ​ទៅ​ផ្ទះ​វិញ តែ​ប្រពន្ធ និង​ម្ដាយក្មេក ពុំ​ព្រម រួច​ជនសង្ស័យ ក៏​សម្រាក​នៅ​ទីនោះ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ ១​និង​៣០ នាទី​រសៀល ក្រោយ​ពី​ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង នៅ​ឯ​ផ្ទះ​ម្ដាយក្មេក​ខ្លួន រួច​បាន​ទាក់​ពាក្យ​សម្ដី​គ្នា ជាមួយ​ម្ដាយក្មេក ហើយ​បាន​ទាញ​យក​ដំបង​ឈើ វាយ​ទៅ​លើ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​បញ្ឈរ នៅ​ខាង​មុខ​ផ្ទះ បណ្ដាល​ឲ្យ​ដួល​ខូចខាត រួច​ទាញ​ទៅ​ដាក់​លើ ផ្លូវជាតិ​លេខ ១១០ ។

ក្រោយមក បាន​បន្តិច ម្ដាយក្មេក​ជនសង្ស័យ និង​ឈ្មោះ ទែន សុខ បាន​មក​ដាក់​ពាក្យបណ្ដឹង មក​សមត្ថកិច្ច​ប៉ុស្ដិ៍ ។ ភ្លាម​នោះ សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើ ការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ញឹ​ម សុ​ជាតិ មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ និង​បន្ត​ចាត់ការ តាម​នីតិវិធី​៕