អ្នក​ធ្វើ​រូប​សំណាក​លោក​ កែម ​ឡី បារម្ភ​ពី​សុវត្ថិភាព

កំពង់ស្ពឺៈ ជាងចម្លាក់ដែលជាអ្នកធ្វើរូបសំណាកលោក កែម ឡី បានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក៏ដូចជាកូនជាងរបស់ខ្លួនបន្ទាប់ពីមានមនុស្សមិនស្គាល់មុខជាច្រើនបានចេញចូលមើលរូបសំណាកនេះហើយតាមសួររករូបលោក និងខណៈដែលអាជ្ញាធររាជធានីមិនអនុញ្ញាតឲ្យរៀបចំពិធីបុណ្យ ១០០ ថ្ងៃនៅវត្តចាស់សម្រាប់អ្នកវិភាគល្បីឈ្មោះដែលត្រូវបានគេបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅកណ្តាលទីក្រុងរូបនេះ។

លោក សៀន កាម៉ង់ដង់ ជាអ្នកធ្វើរូបសំណាកលោក កែម ឡី បានប្រគល់រូបសំណាកដែលធ្វើរួចហើយនេះទៅគណៈកម្មការបុណ្យសពតាំងពីសប្តាហ៍មុនប៉ុន្តែរូបសំណាកនេះមិនទាន់ត្រូវបានយកចេញនៅឡើយ។

Loading...

លោកបន្តថាក្រោយពីប្រកាសថារូបសំណាកលោក កែម ឡី បានសាងសង់រួចមានមនុស្សជាច្រើនបានចូលមកទស្សនារូបសំណាកនេះដែលមនុស្សភាគច្រើនលោកមិនបានស្គាល់នោះទេដែលលោកថាធ្វើឲ្យលោកបារម្ភពីសុវត្ថិភាពខណៈដែលកម្មវិធីបុណ្យ ១០០ ថ្ងៃលោក កែម ឡី កំពុងស្ថិតក្នុងភាពចម្រូងចម្រាស។

លោកថា៖ «ម្សិលមិញអ្នកធ្វើការនៅភ្នំពេញបានមកជួបខ្ញុំ តាមពិតទៅក៏មានបញ្ហាជាច្រើនដែលមានគេទាមទាររករូបខ្ញុំ …អ៊ីចឹងបានន័យថារូបខ្ញុំជាមុខសញ្ញាមួយ…ឥឡូវហ្នឹងបញ្ហាសុវត្ថិភាពជាចម្បងហើយពិសេសប្អូនៗខ្ញុំបើតែខ្ញុំមិនខ្លាចទេព្រោះអីខ្ញុំអត់ធ្វើអីខុស»។

លោក កាម៉ង់ដង់ ឲ្យដឹងទៀតថាលោកកំពុងទាក់ទងគណៈកម្មការបុណ្យដើម្បីឲ្យមកទទួលរូបសំណាកនេះឲ្យបានឆាប់។

លោកបន្តថា៖ «ខ្ញុំបារម្ភពីសុវត្ថិភាពគ្រប់យ៉ាងសូម្បីតែវត្តចាស់ក៏គេមិនអនុញ្ញាតឲ្យ (ធ្វើបុណ្យ) អ៊ីចឹងរូបសំណាកដែលមានហើយវាអាចប៉ះពាល់ច្រើន…ខ្ញុំកំពុងតែទាក់ទងទៅគាត់ឲ្យមកយកមុនថ្ងៃទី ១៣ ដើម្បីឲ្យវាផុតព្រោះយើងធ្វើកិច្ចការនេះមិនបានអ្វីទាំងអស់តែបែរជាភិតភ័យ»។

ទាក់ទងនឹងការដែលអាចយករូបសំណាកលោក កែម ឡី ចេញពីស្រុកឧដុង្គមុនថ្ងៃទី ១៣ នេះសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថាព្រះអង្គមិនទាន់អាចថាយ៉ាងម៉េចបានទេដោយត្រូវរង់ចាំពិភាក្សាជាមួយសមាជិកគណៈកម្មការដទៃទៀតជាមុនសិន។ «ចាំមើលស្ថានភាពយើងទៅដឹកចេញមកបើស្ថានភាពតានតឹងបើថាវាតានតឹងមានតែយើងទៅហែមក…ត្រូវតែពិភាក្សាគ្នាព្រោះអាហ្នឹងវាជាកិច្ចការរួមអាត្មាមិនទាន់ហ៊ានសម្រេចថាទៅហែមក ឬដឹកមកស្ងាត់ៗណា»។

ព្រះអង្គ ប៊ុនតិញ ឲ្យដឹងដែរថារហូតមកដល់ពេលនេះគណៈកម្មការបុណ្យនៅរក្សាជំហររៀបចំបុណ្យ ១០០ ថ្ងៃលោក កែម ឡី នៅវត្តចាស់ដដែលបើទោះបីជាសាលារាជធានី និងព្រះគ្រូចៅអធិការវត្តចាស់មិនអនុញ្ញាតឲ្យធ្វើក៏ដោយ។

ទោះយ៉ាងណាព្រះអង្គថាគណៈកម្មការនៅតែព្យាយាមទាក់ទងសាលារាជធានីដើម្បីសុំការអនុញ្ញាតធ្វើបុណ្យ និងកំណត់ផ្លូវហែរូបសំណាកលោក កែម ឡី នេះ។

បើតាមគម្រោងព្រះអង្គថារូបសំណាកលោក កែម ឡី នឹងត្រូវដង្ហែពីឧដុង្គមកកាន់វត្តចាស់នៅថ្ងៃទី ១៣ តុលានេះមកតម្កល់ធ្វើបុណ្យនៅវត្តចាស់តែមិនមែនជាការធ្វើពិធីអ្វីនោះទេហើយនៅព្រឹកថ្ងៃទី ១៦ នឹងមានពិធីហែរូបសំណាកនេះទៅកាន់ផ្ទះលោក កែម ឡី ក្នុងខេត្តតាកែវ។

កាលពីថ្ងៃទី ១០ ខែតុលាព្រះចៅអធិការវត្តចាស់បានចេញសេចក្តីជូនដំណឹងមួយថាព្រះអង្គនឹងមិនអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យ ១០០ ថ្ងៃសពលោក កែម ឡី នោះទេដោយថាព្រះអង្គនឹងស្នើទៅកាន់អាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។ សមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី លោក ប៉ា ងួនទៀង ថ្លែងថាព្រះចៅអធិការវត្តនេះអាចរងការគំរាមកំហែងណាមួយបានជាលោកមិនអនុញ្ញាតបែបនេះ។

សាលារាជធានីកាលពីថ្ងៃទី ៧ ខែតុលាក៏បានបដិសេធចំពោះសំណើសុំធ្វើបុណ្យ ១០០ ថ្ងៃនេះផងដែរ និងបានណែនាំឲ្យគណៈកម្មការទៅធ្វើបុណ្យនៅស្រុកកំណើតលោក កែម ឡី នៅខេត្តតាកែវវិញ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍