ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ជប៉ុន​ពង្រឹង​កិច្ចសហការ​សេដ្ឋកិច្ច​ផ្លូវ​សមុទ្រ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋមន្ត្រី​ម្នាក់​បាន​និយាយ​ថា រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ជប៉ុន បាន​យល់​ស្រប​ពង្រឹង​លើ​ការ​សហការ​ទៅ​លើ​សេដ្ឋកិច្ច​ផ្លូវ​សមុទ្រ ដែល​ប្រទេស​ទាំង​ពីរ​បាន​ផ្តើមគំនិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ឆ្នាំ​មុន ។

រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ផ្លូវ​សមុទ្រ Luhut Binsar Pandjaitan ថ្លែង​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ជប៉ុន​បាន​យល់​ស្រប​បង្កើត​ក្រុមការងារ​ដើម្បី​ធ្វើការ​ទៅ​លើ​កិច្ចព្រម​ព្រៀង​សហការ​រួម​មាន គម្រោង​ស្វែងរក​ប្រេង​រួម​គ្នា​ក្នុង Natuna Riau Islands, គម្រោង​អភិវឌ្ឍន៍​កសិកម្ម​ក្នុង Merauke Papua និង​គម្រោង​ផែ Patimban Port។លោក Luhut បាន​និយាយ​ប្រាប់​អ្នកកាសែត​ពី​លទ្ធផល​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​តូ​ក្យូ  កាលពី​ស​ប្តា​ហ៍​មុន​ថា ៖ « ជាមួយនឹង​ក្រុមការងារ​ទាំងនេះ ពួក​យើង​សង្ឃឹមថា គម្រោង​ជា​ច្រើន​នឹង​ចាប់ផ្តើម​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​ក្រោយ​» ។

រដ្ឋមន្ត្រី​ខាងលើ​បន្ត​ថា ប្រទេស​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ដល់​ឥណ្ឌូ​ណេ​ស៊ីក្នុង​វិស័យ​អប់រំ ដោយ​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បញ្ជូន​សាស្ត្រាចារ្យ​របស់​ពួក​គេ​មក​កាន់​មហាវិទ្យាល័យ​ជា​ច្រើន​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ផង​ដែរ ។

លោក​បន្ថែម​ថា ៖ « ប្រទេស​ទាំង​ពីរ​ក៏​បាន​យល់​ស្រប​បន្ត​សហការ​លើ​ទ័ព​រក្សា​សន្តិភាព ដែល​ពួក​គេ​បាន​ផ្តើមគំនិត​ទៀត​ផង » ។

ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​លោក Luhut លោក​ក៏​បាន​ស្នើ​ពី​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​មធ្យម​ពី Jakarta ទៅ Surabaya ទៅ​កាន់​រដ្ឋាភិបាល​ជប៉ុន​ផង​ដែរ ។ បន្ទាប់​ពី​កិច្ចប្រជុំ​នោះ ប្រទេស​ទាំង​ពីរ​បាន​រៀបចំ​ធ្វើ​គម្រោង​សិក្សា​រួម​គ្នា​មួយ​ដែល​ត្រូវ​បាន​គិត​ថា នឹង​ចាប់ផ្តើម​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ ៕