នៅ​យេ​ម៉ែ​ន​មានការ​បាញ់​មី​ស៊ី​ល​ថ្មី​ប្រឆាំង​នាវា​អា​មេ​រិ​ក

នាវាចម្បាំង​អា​មេ​រិ​ក​USS MASON រង​ការ​វាយប្រហារ​ថ្មី​ដោយ​មី​ស៊ី​ល​១​គ្រាប់​ក្នុង​ដែនទឹក​យេ​ម៉ែ​ន​តែ​ពុំ​ត្រូវ​ឡើយ ។ ការ​បាញ់​មី​ស៊ី​ល​សំដៅ​នាវាចម្បាំង​អា​មេ​រិ​ក​នោះ​កើត​មាន​៣​ថ្ងៃ​បន្ទាប់​ពី​ឧប្បត្តិហេតុ​ប្រហាក់ប្រហែល​គ្នា​នោះ​ក្នុង​សមុទ្រ​ក្រហម ។

ក្នុង​សេចក្តី​ប្រកាស​មួយ​លោក​PETER COOK អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​ថា ដូច​ឧប្បត្តិហេតុ​លើក​មុន​កាលពី​ថ្ងៃ​ទី​៩ តុលា​ដែរ មី​ស៊ី​ល​នោះ​បាញ់​ចេញពី​ដែនដី​យេ​ម៉ែ​ន​ត្រួតត្រា​ដោយ​ពួក​ជីវពល​ហ៊ូ​ធី ចង់​និយាយ​សំដៅ​ពី​ច្រកចូល​កំពង់​ផែ HODEIDA នៅ​សមុទ្រ​ក្រហម ។ នាវាចម្បាំង​នោះ​ចាប់​ឃើញ​មី​ស៊ី​ល​នា​ថ្ងៃ​ទី​១២​តុលា​វេលា​ម៉ោង​១៥​ម៉ោង​សាកល​រួច​មានការ​ប្រើ​វិធានការ​តបត​វិញ​ដើម្បី​កុំឱ្យ​មី​ស៊ី​ល​នោះ​ធ្លាក់់​ត្រូវ​រួច​មី​ស៊ី​ល​បាន​ធ្លាក់​ក្នុង​សមុទ្រ ។

ទោះបី​យ៉ាងណា​អ្នកនាំពាក្យ​រូប​នោះ​ពុំ​បាន​បញ្ជាក់​ថា​តើ​វិធានការ​ទប់ទល់​នោះ​ចាត់​បែប​ណា តែ​ប្រហែលជា​ការ​ប្រើ​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល ដែល​បាញ់​ទម្លាក់​មី​ស៊ី​ល​សត្រូវ​ដែល​បាញ់​ចេញពី​ឆ្នេរសមុទ្រ ។

សហរដ្ឋអាមេរិក​ជា​អ្នកគាំទ្រ​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជួយ​ដល់​កងទ័ព​រដ្ឋាភិបាល​ស្របច្បាប់​យេ​ម៉ែ​ន​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី និង​កងកម្លាំង​របស់​អតីត​ប្រធានាធិបតី​លោក​អា​លី​អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ ៕