មី​ស៊ី​ល​ដាក់​ពង្រាយ​នៅ​កាលី​នី​ន​ហ្គ្រា​ដ​គឺ​លើ​ដែនដី​រុ​ស្ស៊ី

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គោ​យ​ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​១២ តុលា​ថា ដោយ​ដាក់​ពង្រាយ​អាវុធ​នៅ​តំបន់​កាលី​នី​ន​ហ្គ្រា​ដ រុ​ស្ស៊ី​ដាក់​ពង្រាយ​លើ​ដែនដី​ខ្លួន ខណៈ​ដែល​សហរដ្ឋអាមេរិក​បរិហារ​ថា​អាវុធ​ទាំងនោះ​ដាក់​ពង្រាយ​នៅ​អឺរ៉ុប​ខាងកើត​ដែល​ពុំ​មែន​ជា​ដែនដី​អា​មេ​រិ​ក ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CNN លោក​ឡាវ​រ៉ូ​វ​ថ្លែង​ថា ទាក់ទិន​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​ISKANDER អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​កាលី​នី​ន​ហ្គ្រា​ដ ព្រោះ​នោះ​ជា​ដែនដី​របស់​យើង ។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន និយាយ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល ISKANDER-M នៅ​កាលី​នី​ន​ហ្គ្រា​ដ ។

ប្រមុខ​ការទូត​រុ​ស្ស៊ី អះអាង​ថា សហរ​រដ្ឋ​អា​មេ​រិ​កបាន​បង្កើន​៤​ដង​នូវ​ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​យោធា​នៅ​អឺរ៉ុប​ខាងកើត ។ សហរដ្ឋអាមេរិក​រៀបចំ​រចនាសម្ព័ន្ធ​យោធា​នៅ​ក្បែរ​ព្រំដែន​របស់​យើង ។ ពេល​នេះ​បណ្តា​យន្តហោះ F-35 អា​មេ​រិ​ក​ជា​យន្តហោះ​ថ្មី​ដែល​អាច​បំពាក់​គ្រាប់បែកនុយក្លេអ៊ែរ​ជំនាន់​ក្រោយ​នឹង​ត្រូវ​ដាក់​ពង្រាយ​ជិត​ព្រំដែន​រុ​ស្ស៊ី ។ នោះ​ពុំ​មែន​ជា​ដែនដី​អា​មេ​រិ​ក​ទេ ។

រហូត​ដល់​ខែមករា​ឆ្នាំ​២០១៧ ទាហាន​អា​មេ​រិ​ក​ជិត​១.០០០​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ប៉ូ​ឡូញ​ចម្ងាយ​៥៨​គ​.​ម ពី​ព្រំដែន​រុ​ស្ស៊ី និង​ចម្ងាយ​១៣៥​គ​.​ម​ពី​កាលី​នី​ន​ហ្គ្រា​ដ ជាទី​ក្រុង​រុ​ស្ស៊ី​មួយ​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ប៉ូ​ឡូញ​និង​លី​ទុ​យ​អា​នី ៕