កីឡាការិនី អេ យ៉ា​នុ​ត បារម្្ភធ្លាក់​ពី​ជម្រើសជាតិ

មួយ​រយៈ​ចុង​ក្រោយ​នេះ កីឡាការិនី​អេ យ៉ា​នុ​ត ត្រូវ​គេ​ឃើញ​ប្រឹងប្រែង​ហ្វឹកហាត់​ប្រដាល់​យ៉ាង​ខ្លាំង​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក ។ ក្នុង​មួយ​ថ្ងៃ​កីឡាការិនី​រូប​នេះ​ហ្វឹក​ហាត់​ច្រើន​ម៉ោង ជា​ពិសេស​ចាប់តាំងពី​នាង​ទំនេរ​ពី​ការ​សិក្សា​គេ​ឃើញ​នាង​ប្រឹងប្រែង​សំបើម​ណាស់ ដោយសារ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​នឹង​ធ្វើ​ការ​ជម្រុះ​បេក្ខភាព​ជម្រើសជាតិ​ជា​ថ្មី​ម្ដងទៀត​ទើប​ធ្វើ​ឱ្យ​នាង​មិន​អាច​ប្រហែស​បាន ។

Capture.PNG2

ភរិយា​លោក​អេ ភូ​ថង អ្នកស្រី​សុ​ម៉ា​លី បាន​អះអាង​ថា អេ យ៉ា​នុ​ត កូនស្រី​សំណព្វចិត្ត​របស់​អ្នកស្រី​បាន​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល​អាជីព​ប្រមាណ​ជិត​មួយ​ឆ្នាំ​មក​ហើយដោយ​ទទួល​បាន​ប្រាក់ខែ​ជា​ប្រចាំ​ផង​ដែរ ។ តាំងពី​ជាប់​មក នាង​ចំណាយពេល​ស្ទើរ​ទាំងស្រុង​ជាមួយ​ការ​ប្រដាល់​ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​នាង​មិន​មែន​ចេញ​ប្រកួត​តែ​ប្រភេទ​ប្រដាល់​សាកល​នោះ​ទេ ។ អ្នកស្រី​បន្ត​ថា អេ យ៉ា​នុ​ត ទើប​បញ្ចប់​ការ​ប្រកួត​ផ្នែក​កីឡា​យុទ្ធ​សិល្ប៍​នៅ​ក្នុង​ប្រទេស​វៀតណាម​មុន​នេះ​ប៉ុណ្ណោះ បើ​ទោះ​ជា​ការ​ប្រកួត​នោះ​មិនមែន​ចំ​ជា​ការ​ប្រដាល់​អាជីព​ក្ដី ។

Capture.PNG1

អ្នកស្រី​បញ្ជាក់​ថា ការ​ប្រដាល់​មានការ​ពាក់ព័ន្ធ​ជាមួយ​ល្បុក្កតោ ប៉ុន្តែ​មិន​មាន​ន័យ​ថា​នាង​ក្រោយ​ពី​មិន​បាន​ប្រដាល់ ក៏​ហក់​ចូល​អាជីព​ជា​កីឡាការិនី​ផ្នែក​ល្បុក្កតោ​នោះ​ទេ ។ ដ្បិតថា នាង​ទើបតែ​ទទួល​បាន​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​ល្បុក្កតោ​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុទ្ធ​សិល្ប៍​របស់​ប្រទេស​វៀត​ណាម ប៉ុន្តែ​នាង​មិន​មាន​ចំណូលចិត្ត​ក្រៅពី​អាជីព​ប្រដាល់សេរី និង​សាកល​ដូច​អ្វី​ដែល​អ្នកស្រី​បាន​ដៅ​ដូច​គ្នា​នោះ​ទេ​។

14671173_1859169920978362_3278664548592464030_n

អ្នកស្រី​ថា អេ យ៉ា​នុ​ត ស្រឡាញ់​តែ​អាជីព​ប្រដាល់​តែ​មួយ​គត់ ជាក់ស្ដែង​ក្នុង​ពេល​ចូល​កង នាង​ត្រូវ​ចំណាយពេល​កន្លះ​ថ្ងៃ​ហ្វឹកហាត់​មិន​ដែល​ខាន​ដើម្បី​ក្លាយ​ខ្លួន​ជា​ធនធាន​សំខាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​។ នាង​បាន ជាប់​ជា​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល​ប្រមាណ​ជាង​កន្លះ​ឆ្នាំ​មក​ហើយដោយ​ខាង​សហព័ន្ធ​កំណត់​ឱ្យ​ហ្វឹកហាត់​ជាប់លាប់ ដើម្បី​ប្រែក្លាយ​នាង​ពី​អ្នក​ប្រដាល់សេរី​ឱ្យទៅជា​អ្នក​ប្រដាល់​សាកល​អាជីព​វិញ ។

មុន​ពេល​វ៉ា​កង អេ យ៉ា​នុ​ត មានឱកាស​ទៅ​សាលា​ត្រឹមតែ​មួយ​ពេល​ៗ​ក្នុង​ម៉ោង​រដ្ឋ​ប៉ុណ្ណោះ ដោយ​មិន​មាន​ពេលវេលា​រៀន​គួរ​ក្រៅ​ម៉ោង​ច្រើន​ទេ​ដោយសារ​នៅ​ថ្ងៃ​ទី​២៥ តុលា ខាង​មុខ​នេះ នាង​ត្រូវ​ត្រៀមខ្លួន​ចូល​ប្រកួត​កីឡា​ជាតិ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​សាកល ។ អ្នកស្រី​រំពឹង​ថា កូនស្រី​នឹង​ទទួល​បាន​តំណែង​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​ដែល​ខ្លួន​ប្រឹងប្រែង ដោយសារ​តែ​នាង​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​ទៅ​ហ្វឹកហាត់ និង​ដាក់​សម្ពាធ​ខ្លួនឯង​ជាមួយនឹង​អាជីព​ប្រដាល់​សាកល​យ៉ាង​ខ្លាំង ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អ្នកស្រី​បន្ត​ថា ក្រៅពី​ត្រូវ​ត្រៀមខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ នាង​ក៏​ស្ថិត​ក្នុង​បេក្ខភាព​ប្រកួត​យក​តំណែង​ជម្រើសជាតិ​សម្រាប់​ឆ្នាំ​ទី​២​ផង​ដែរ ដោយ​នាង​ប្រឹងប្រែង​ហ្វឹកហាត់​ក្នុង​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គឺ​ដើម្បី​បន្ត​តំណែង​ជាមួយនឹង​តួនាទី​នេះឯង ។

អ្នកស្រី​និយាយ​ថា​៖«​យ៉ា​នុ​ត រាល់ថ្ងៃ​វា​ភ័យ​តែ​រឿង​អត់​បាន​ជាប់​ជម្រើសជាតិ​បន្ត​ទេ ទើប​នាង​ខំ​ហាត់​ណាស់​ដោយ​សូ​ម្បី​តែ​ការ​ហូប​ចុក​ក៏​មាន​របៀបរបប​ត្រឹមត្រូវ​ដែរ ដើម្បី​កុំឱ្យ​ស្រក ឬ​ឡើង​ទម្ងន់​ខុស​ពី​៥៤​គីឡូក្រាម​ដែល​ខាង​ជម្រើសជាតិ​បាន​កំណត់ ។ នាង​ចង់​ប្រដាល់​មែនទែន​អត់​ដែល​ហ៊ាន​ឈប់​ទេ ព្រោះ​ពេល​ជាប់​ជម្រើសជាតិ​បាន​លុយ​ប្រចាំខែ​ក៏​ច្រើន​គួរសម​ដែរ តែ​សំខាន់​នាង​បាន​ចូល​ប្រកួត​នៅ​នេះ​នៅ​នោះ​ខុស​ប្លែក​ពី​មុន ទើប​រាល់ថ្ងៃ​នាង​ភ័យ​តែ​រឿង​ធ្លាក់​ពី​តំណែង​ជម្រើសជាតិ​ហ្នឹង​ទេ​!» ។
អ្នកស្រី​ថា អេ យ៉ា​នុ​ត រៀន​ថ្នាក់​ទី​១០​នៅ​វិទ្យាល័យ​បាក់​ទូក តែបើ​និយាយ​ពី​ការ​សិក្សា និង​ការ​ហ្វឹកហាត់​គឺ​នាង​ងាក​មក​រក​អាជីព​កីឡា​ច្រើន​ជាង​ចាប់តាំងពី​នាង​ក្លាយជាជម្រើស​ជាតិ​ផ្នែក ប្រដាល់​សាកល ។

យ៉ាងណា​ក៏​ដោយ​អ្នកស្រី​ថា កូនស្រី​របស់​ខ្លួន​មិន​អាច​បោះបង់​ចោលការ​សិក្សា​នោះ​ទេ បើ​ទោះជា​នាង​ស្រឡាញ់​ងប់ងុល​អាជីព​កីឡា​ក្ដី។ អ្នកស្រី​បាន​ទាំង​សម្រេច​មិន​ឱ្យ​កូនស្រី​ចូល​ក្លិប​ផ្ទាល់ខ្លួន​បង្វឹក​សិស្ស​នោះ​ផង ដើម្បី​ឱ្យ​នាង​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ និង​ដើម្បី​ប្រកួតប្រជែង​បន្ត​តំណែង​ជា​ជម្រើសជាតិ​ក្នុង​ឆ្នាំ​ទី​២ ។ អ្នកស្រី​នៅ​តែ​រំពឹង​ថា អេ យ៉ា​នុ​ត បន្ត​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ ដោយសារ​តែ​ប្រដាល់​សាកល​សម្រាប់​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម មិនសូវ​មាន​កីឡាការិនី​ច្រើន ហើយ​ម្យ៉ាង​កូនស្រី​របស់​អ្នកស្រី​ក៏​បាន​ប្រឹងប្រែង​មិនមែន​អាង​តែ​ខ្លួន​ល្បី និង​មាន​សមត្ថភាព​មិនសូវ​ចូល​ក្លិប​ហ្វឹកហាត់​នោះ​ទេ៕

ប្រភពពី Fight Zone

The post កីឡាការិនី អេ យ៉ា​នុ​ត បារម្្ភធ្លាក់​ពី​ជម្រើសជាតិ appeared first on CamboSport.