សាលា​រាជធានី ​គ្រោង​នឹង​សាងសង់​ស្ពាន​មួយ​ទៀត ​ឆ្លង​កាត់​ដង​ទន្លេ​សាប

 

សាលា​រាជធានី ​គ្រោង​នឹង​សាងសង់​ស្ពាន​មួយ​ទៀត ​ឆ្លង​កាត់​ដង​ទន្លេ​សាប

គម្រោងសាងសង់ស្ពានថ្មីមួយទៀតឆ្លងកាត់ទន្លេសាប ដែលចាកចេញពីតំបន់ផ្លូវដែកចាស់ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ទៅកាន់តំបន់ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC គ្រោងនឹងចាប់ផ្តើមនៅពេលខាងមុខនេះ។លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា សាលារាជធានីភ្នំពេញ កំពុងឲ្យមន្ត្រីជំនាញធ្វើការពិចារណា ដើម្បីសាងសង់ស្ពាននេះ ចេញពីតំបន់ផ្លូវរថភ្លើងទៅកាន់ទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។

លោកបន្តថា ពីមុនគម្រោងសាងសង់ស្ពាននេះគ្រោងសាងសង់ចេញពីតំបន់ឃ្លាំងស្តុកសាំងសូគីម៉ិច ទៅកាន់តំបន់ជ្រោយចង្វារ ប៉ុន្តែដោយសារតំបន់នេះជាផ្លូវទាល់មិនអាចធ្វើបាន ទើបសាលារាជធានីពិចារណាលើកទីតាំងស្ពានទៅកាន់តំបន់ថ្មីនោះ។

លោកបន្តថា ៖ «ស្ពាននេះនឹងមានប្រវែងដូចគ្នានឹងស្ពានជ្រោយចង្វារ និងចំណាយថវិកាសាងសង់ដោយក្រុមហ៊ុន OCIC ប៉ុន្តែបើសួរថា សាងសង់នៅពេលណាជាក់លាក់លោកមិនទាន់ដឹងនោះទេ»។លោកបន្តថា៖ «ការសាងសង់ស្ពាននៅតំបន់នេះនឹងជួយសម្រួលចរាចរណ៍ ការតភ្ជាប់រាជធានីភ្នំពេញទៅភាគខាងកើតកាន់តែជិត និងជួយលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសផងដែរ»។រហូតមកទល់ពេលនេះប្លង់ស្ពាននេះ ត្រូវបានគូសវាសរួចហើយ ហើយការតភ្ជាប់ស្ពាននៅតំបន់នេះ ស្របនឹងផែនការរបស់ក្រុងដែលគ្រោងសាងសង់ផ្លូវចេញពីផ្លូវរទេះភ្លើងពីគីឡូម៉ែត្រលេខ៦ មកកាន់ផ្លូវលេខ ២៧០។

លោក មាន ចាន់យ៉ាដា បានបន្តថា តាមពិតស្ពាននេះត្រូវសាងសង់នៅឆ្នាំនេះ ប៉ុន្តែដោយសារមានការផ្លាស់ប្តូរទីតាំងសាងសង់ ទើបគម្រោងនេះបានពន្យាពេលរហូតមកទល់ពេលនេះ ខណៈបច្ចុប្បន្នមន្ត្រីជំនាញកំពុងសិក្សាពីផលប៉ះពាល់បរិស្ថាននៅទីតាំងសាងសង់ស្ពាននេះ។លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបដិសេធមិនអត្ថាធិប្បាយ ដោយលោកថ្លែងថា លោកមិនទាន់បានចូលរួមកិច្ចប្រជុំពិភាក្សាពីគម្រោងសាងសង់ស្ពាននេះនៅសាលាក្រុងកាលពីពេលថ្មីៗនេះនោះទេ ដោយលោកឲ្យសួរទៅលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ដែលមិនអាចទាក់ទងបាន។

លោក ទូច សំណាង ធ្លាប់បានប្រាប់ថា ថវិកាសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ស្ពាននេះ បានមកពីការជួលដីរបស់សាលារាជធានីដល់ក្រុមហ៊ុន OCIC។លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា គម្រោងសាងសង់ស្ពាននេះ មានជាយូរមកហើយ ហើយវាជាគំនិតរបស់ឧកញ៉ាបីរូប គឺលោកឧកញ៉ា សុខ គង់ ដែលមានដីស្ថិតនៅចំណុចកណ្តាល ឧកញ៉ា ពុង ឃាវសែ មានដីនៅភាគខាងត្បូង(ដីទីក្រុងរណបជ្រោយចង្វារ) និងលោកឧកញ៉ា លី យ៉ុងផាត់ មានដីនៅតំបន់បាក់ខែង ដូច្នេះបើសាងសង់ស្ពាននេះ នឹងជួយធ្វើឲ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃខ្លាំង។

លោកបន្តថា៖ «តំបន់នេះស័ក្ខិសមជាតំបន់លំនៅឋាន និងទេសចរណ៍ដោយសារជាតំបន់មានដីទំនេរធំៗច្រើន មានទន្លេអមសងខាងមានផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦អមសងខាង និងជាតំបន់មានខ្យល់អាកាសល្អ»។លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្មទីក្រុងបានថ្លែងថា គម្រោងនេះមានភាពស្រដៀងគ្នានឹងទីក្រុងហាណូយ ដែលរដ្ឋាភិបាលវៀតណាម បានសាងសង់ស្ពានច្រើនឆ្លងកាត់ទន្លេដើម្បីសម្រួលចរាចរណ៍ ដូច្នេះគម្រោងអភិវឌ្ឍន៍នៅតំបន់នេះរបស់ក្រុមហ៊ុននានា ទាមទារឲ្យមានស្ពាន ឬផ្លូវថ្មីៗ ព្រោះបើមិនមានស្ពានប្រជាពលរដ្ឋត្រូវវាងមកកាន់ស្ពានជ្រោយចង្វារ និងស្ពានព្រែកព្នៅរបស់ឧកញ៉ា លី យ៉ុងផាត់។

លោកបន្តថា ការសាងសង់ស្ពាន នឹងជួយសម្រួលច្រើននៅតំបន់នេះ ដែលស្ពាននេះអាចជាស្ពានវាង និងកាត់បន្ថយការកកស្ទះក្នុងទីក្រុង។លោកបន្តថា ៖ «ការមានស្ពាននេះធ្វើឲ្យមានជម្រើសច្រើនដើម្បីកាត់បន្ថយការប្រមូលផ្តុំចរាចរណ៍តែមួយកន្លែងនៅក្នុងទីក្រុង ដែលធ្វើឲ្យកកស្ទះចរាចរណ៍ ដូច្នេះមានស្ពានច្រើន មានជម្រើសច្រើនក្នុងការធ្វើដំណើរ»៕

ប្រភព ៖ postkhmer

Loading...

  • សាលា​រាជធានី ​គ្រោង​នឹង​សាងសង់​ស្ពាន​មួយ​ទៀត ​ឆ្លង​កាត់​ដង​ទន្លេ​សាប已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: