ថ្លើមធំ! វៀតណាម៦នាក់​ដឹកសម្រាស់ទៅដាក់ដែន​អភិរក្ស

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន​​៦​​នាក់ ត្រូវ​​​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ចាប់​​ខ្លួន កាលពី​វេលា​ម៉ោង​០៩ ​និង​១០​នាទី​យប់​​ថ្ងៃ​ទី​១២ ​តុលា ​​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរណ៍ ខណៈ​​​​ពួក​គេ​​​កំពុង​​ដឹក​សម្រាស់ ចំនួន​​៣​ទូក បំណង​យក​ទៅ​​ជិត​​ដែន​អភិរ​ក្ស​ ។

​លោក​សោម ភិ​រុណ នាយ​ខ​ណ្ឌ​​រដ្ឋបាល​ជលផល​​កំពង់ឆ្នាំង​ឱ្យ​ដឹងថា ក្រោយ​​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​បទល្មើស​ដឹក​សម្រាស់​ចូល​ទៅ​ចំណុច​ខាងលើ លោក​បាន​ចាត់​​​ឱ្យ​​មន្ត្រី​ជលផល និង​ក្រុម​ការពារ​ដែន​អភិរ​ក្ស​នៅ​តំបន់​នោះ ស្ទាក់​ចាប់​នៅ​ចំណុច ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរណ៍ ដោយ​​​១-​ឈ្មោះ​ចាំង យ៉ាំ​ង​ឡុ​ង អាយុ​៣២​ឆ្នាំ  ២-​ឈ្មោះ​ចាំង យ៉ាំ​ង​មិន អាយុ​៣៦​ឆ្នាំ ៣​-ឈ្មោះ​ចាំង យ៉ាំ​ង​យូ អាយុ​១៣​ឆ្នាំ ៤-​ឈ្មោះចាំង យ៉ាំ​ង​ទឹង អាយុ​១៨ ឆ្នាំ ៥-​ឈ្មោះ​ចាំង យ៉ាំ​ង​ហឿ​ង អាយុ​២៥​ឆ្នាំ និង​៦-​ឈ្មោះង្វៀ​ង យ៉ាំ​ង​ដាយ អាយុ​១៤​ឆ្នាំ ​ទាំង​៦​នាក់ មាន​ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

ចំពោះ​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​ដកហូត​​បាន​ទូក​ម៉ាស៊ីន​៣​គ្រឿង និង​សម្រាស់​២៥០​មែក ។ ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​និ​តិ​វិធី ​។