ទ្រាំ​លែង​បាន ! ជេរ​ប្រមាថ​ថា «​បើ​ពួក​ហ្អែ​ង​បិណ្ឌ​បាត្រ​មិន​បាន​មិនបាច់​ស៊ី​ទេ​»

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​នាំ​គ្នា​ផ្ទុះ​កំហឹង​លើក​បដា​ធ្វើការ​តវ៉ា​សុំ​បណ្ដេញ​ចៅអធិការ​វត្ត​ឃ្លាំងមឿង​ចេញពី​វត្ត​ដោយសារ​តែ​លោក​បាន​នាំ​ក្រុម​គ្រួសារ​មក​រស់នៅ និង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​វត្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​វត្ត​ឃ្លាំងមឿង ស្ថិត​នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​លើក​បដា​តវ៉ា​បាន​ឲ្យ​ដឹង​ថា ចៅអធិការ​វត្ត​ឃ្លាំងមឿង​បាន​ធ្វើ​ខុសឆ្គង​នឹង​ច្បាប់​របស់​ព្រះសង្ឃ ដោយ​បាន​នាំ​ក្រុម​គ្រួសារ​មក​រស់នៅ និង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​វត្ត ម្យ៉ាងទៀត​ម្តាយ​របស់​លោក​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ដាក់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​បាន​ជេរ​ប្រមាថ​លោក​នេន​ដែល​ចេញ​ទៅ​បិណ្ឌ​បាត្រ​មិន​បាន​ថា «​បើ​ពួក​ហ្អែ​ង​បិណ្ឌ​បាត្រ​មិន​បាន​ទេ​មិនបាច់​ស៊ី​ទេ​» ទៀត​ផង ។ ទ​ង្វើ​ទាំង​អស់នេះ​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​មានការ​មិន​ពេញចិត្ត រហូត​ទ្រាំ​លែង​បាន​ទើប​ផ្ទុះ​ការ​តវ៉ា​បណ្ដេញ​ចៅអធិការ​វត្ត​ចេញពី​វត្ត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តាំងពី​ព្រះសង្ឃ​អង្គ​នេះ​ឡើង​ធ្វើ​ជា​ចៅអធិការ​វត្ត​មក វត្ត​មិន​ត្រឹមតែ​គ្មាន​ការ​រីក​ចម្រើន​ទេ ថែម​ទាំង​បាត់​របស់របរ​ពី​ក្នុង​វត្ត​ថែម​ទៀត​ផង ។

អ៊ុំ​ស្រី ភឿ​ង សុខ​កប អាយុ​៥៨​ឆ្នាំ ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​និយាយ​ថា តាំងពី​ចៅអធិការ​វត្ត​បាន​យក​គ្រួសារ​មក​នៅ​ក្នុង​វត្ត ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយ​ទ្រាំ​នឹង​ទ​ង្វើ​ខុសឆ្គង​ជា​ច្រើន​របស់​ចៅអធិការ​វត្ត និង​ម្តាយ​លោក​ជេរ​ប្រមាថមើលងាយ​អ្នក​នៅ​ក្នុង​វត្ត​មិន​បាន មិនតែប៉ុណ្ណោះ​មិន​ត្រឹមតែ​គ្មាន​ការ​រីក​ចម្រើន​ទេ ថែម​ទាំង​បាត់​សម្ភារៈ​មួយ​ចំនួន​ពី​ក្នុង​វត្ត​ថែម​ទៀត ទើប​នាំ​គ្នា​ធ្វើការ​តវ៉ា​សុំ​បណ្ដេញ​លោក​ចេញពី​ក្នុង​វត្ត​បែប​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ចៅអធិការ​វត្ត​ឃ្លាំងមឿង​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​សុំ​បណ្តេញ​ចេញពី​វត្ត​នោះ​មាន​ព្រះ​នាម ច័ន្ទ ពេជ្រ​រស្មី ព្រះ​ជន្ម​២៦​ព្រះ​វស្សា ។ ហើយ​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​នោះ គឺ​ចៅអធិការ​វត្ត​មិន​បាន​ចេញ​មុខ​មក​ដោះស្រាយ​ជាមួយនឹង​ពុទ្ធបរិស័ទ​ទេ គឺ​បាន​ចាក់សោ​សំងំ​នៅ​ក្នុង​កុដិ មិន​ព្រម​ចេញ​មក​ក្រៅ​នោះ​ឡើយ ។

«​កោះសន្តិភាព​»​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ចៅអធិការ​វត្ត និង​ក្រុម​គ្រួសារ​របស់​លោក​បាន​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ ៕