មន្ត្រី​សិទ្ធិ​មនុស្ស​និង​សកម្មជន​បឹងកក់​ប្រកាន់​ជំហរ​ប្ដឹង​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ

មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដែល​ត្រូវ​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ វាយ​ដំ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​តែ​ប្រកាន់​ជំហរ​ប្ដឹង​ដដែល ទោះ​បី​ជា​នៅ​ពេល​នេះ ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​នៅ​មិន​ទាន់​ផ្តល់​សញ្ញា​វិជ្ជមាន​ដល់​ពួក​គេ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ នៅ​តែ​ចង់​ឃើញ​ភាគី​ទាំង​ពីរ​ចរចា​គ្នា ជា​ជាង​ប្តឹងផ្តល់​គ្នា។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត នៅ​តែ​រក្សា​ជំហរ​ប្ដឹង​ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​រូប​លោក​ដដែល។ លោក​ថា ប្រសិន​បើ​សមត្ថកិច្ច​មូលដ្ឋាន​ត្រូវ​ការ​សាក្សី​ដើម្បី​បំភ្លឺ លោក​មាន​សាក្សី។ លោក អំ សំអាត បន្ត​ទៀត​ថា ទោះ​បី​ជា​សមត្ថកិច្ច​មិន​បាន​ឃើញ​រឿង​នេះ​ផ្ទាល់​ភ្នែក​ក្តី ប៉ុន្តែ​រូបថត និង​វីដេអូ​ច្រើន​ណាស់​ត្រូវ​មហាជន ឬ​អ្នក​សារព័ត៌មាន​ថត​បាន និង​បង្ហោះ​តាម​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​អ៊ីនធឺណិត៖ «»

សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ទប់ស្កាត់ និង​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក្តិ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ក្នុង​ពេល​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី​៣១។ ទិវា​នេះ​មាន​អ្នក​ចូលរួម​ប្រមាណ ៥០០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា។

លោក អំ សំអាត រៀបរាប់​ដំណើរ​រឿង​នេះ​ថា លោក​បាន​ឃើញ​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ទៅ​លើ​ប្រជាពលរដ្ឋ ហើយ​លោក​ក៏​ឃាត់​កុំ​ឲ្យ​ពួក​គេ​ប្រើ​ហិង្សា។ តែ​ទីបំផុត មន្ត្រី​សន្តិសុខ​ទាំងនោះ​បែរ​ជា​ប្រើ​ហិង្សា​វាយ​លោក​បី​ដៃ​ទៅ​វិញ។

ករណី​លោក ច័ន្ទ ពុទ្ធិស័ក្តិ វិញ​ម្តង ត្រូវ​បាន​លាត​ត្រដាង​ដោយ​រូបថត​មួយ​សន្លឹក គឺ​សន្តិសុខ​របស់​ក្រុង​ម្នាក់ ដៃ​ម្ខាង​កាន់​វិទ្យុ​ទាក់ទង និង​ដៃ​ម្ខាង​ទៀត​ដាល់​លោក ច័ន្ទ ពុទ្ធិស័ក្តិ ពី​ក្រោយ។

អំ សំអាត ត្រូវ​សន្តិសុខ​ខណ្ឌ​វាយ ២០១៦ ៨៥៥
មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ​វាយ ខណៈ​លោក​ឃ្លាំមើល​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

មិន​ខុស​ពី​លោក អំ សំអាត សកម្មជន​ដីធ្លី​តំបន់​បឹងកក់​រូប​នេះ ថ្លែង​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ថា មក​ទល់​ពេល​នេះ សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យជម្នះ​ដែល​ជា​កន្លែង​លោក​ដាក់​ពាក្យ​បណ្ដឹង មិន​ផ្តល់​ចម្លើយ​អ្វី​ដល់​រូប​លោក​នៅ​ឡើយ​ទេ។ លោក​ថា ប្រសិន​បើ​សមត្ថកិច្ច​មិន​អាច​រក​យុត្តិធម៌​ឲ្យ​រូប​លោក លោក​នឹង​ប្ដឹង​ទៅ​តុលាការ និង​ស្ថាប័ន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត៖ «»

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា បាន​ដកស្រង់​សម្ដី​នាយ​ប៉ុស្តិ៍​សង្កាត់​ជ័យជម្នះ លោក ឆក់ កៅនី បាន​លើក​ឡើង​ថា លោក​មិន​ទាន់​រក​បាន​អ្នក​ដែល​ឃើញ​ហេតុការណ៍​ដើម្បី​ធ្វើ​ជា​សាក្សី។ តែ​ទោះ​យ៉ាង​ណា​ក្តី លោក​មេ​ប៉ុស្តិ៍​ថា ប្រសិន​បើ​លោក​ដោះស្រាយ​រឿង​នេះ​មិន​បាន លោក​នឹង​បញ្ជូន​បន្ត​ទៅ​ថ្នាក់​លើ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​ថា លោក​មិន​ទទួល​បាន​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។ លោក​យល់​ថា រឿង​នេះ​កើត​ឡើង​ព្រោះ​ការ​មិន​យល់​គ្នា​រវាង​រដ្ឋ​អំណាច និង​អ្នក​ចូលរួម។ លោក​បន្ត​ថា ការ​ប្តឹងផ្តល់​មិន​ខុស​ទេ ប៉ុន្តែ​លោក​ចង់​ឃើញ​ភាគី​ទាំង​ពីរ​ឈ្នះ​ដូច​គ្នា ដោយ​ការ​ចរចា​គ្នា៖ «»

អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា មិន​ទាន់​ជឿ​ថា ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ វាយ​ដំ​មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី​នោះ​ទេ។

មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដែល​ប្រកាន់​ជំហរ​ប្ដឹង​នោះ ពួក​គេ​អះអាង​ថា គ្រាន់​តែ​ចង់​ឲ្យ​ច្បាប់​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្តិ ហើយ​គេ​មិន​ទាមទារ​សំណង​ទេ។ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្ដឹង​ក្រុម​សន្តិសុខ​ប្រមាណ ៥​នាក់​ដែល​វាយ​ដំ​លើ​រូប​លោក។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក្តិ ប្ដឹង​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា ដែល​លោក​ចោទ​ប្រកាន់​ថា ជា​អ្នក​បញ្ជា​សន្តិសុខ​ឲ្យ​វាយ​លោក។ អ្នក​ទាំង​ពីរ​យល់​ថា ប្រសិន​បើ​សន្តិសុខ​វាយ​ពួក​គេ ពួក​គេ​ចរចា​នោះ ក្រុម​សន្តិសុខ​នៅ​តែ​ប្រព្រឹត្ត​ហិង្សា​បន្ត​ទៀត និង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​រដ្ឋាភិបាល​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។