ហ្វីលីពីន សុខចិត្ត​ហៅ​អ្នករាយការណ៍​ពិសេស​UN មក​ស៊ើប​រឿង​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-13-2016, 4:41 pm         231

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ហ្វីលីពីន សុខចិត្ត​ហៅ​អ្នករាយការណ៍​ពិសេស​UN មក​ស៊ើប​រឿង​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ប្រធានាធិបតីហ្វីលីពីន Duterte និងអ្នករាយការណ៍ពិសេស Agnes Callamard (រូបភាព Rappler)​រដ្ឋបាល​នៃ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានចេញ​លិខិតផ្លូវការ​អញ្ជើញ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លើ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ស៊ើបអង្កេត​លើ​ការសម្លាប់​មនុស្ស​ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ពី​សង្គម​ហ្វីលីពីន​។ ហើយ​អ្នករាយការណ៍​ពិសេស ក៏បាន​សាទរ​ការអញ្ជើញ​នេះ ដ្បិតតែ​ការអញ្ជើញ​នោះ មាន​លក្ខខណ្ឌ​ក៏ដោយចុះ​។

​ចុងក្រោយ​នោះ រដ្ឋាភិបាល​ហ្វីលីពីន ដាច់ចិត្ត​ចេញ​លិខិតផ្លូវការ​អញ្ជើញ​លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ មក​ពិនិត្យ​ស្ថានភាព​នៃ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ដែល​រង​ការរិះគន់​ឥត​សំចៃមាត់​នោះ​។ មិន​ត្រឹមតែ​អង្គការសហប្រជាជាតិ​ឡើយ ហ្វីលីពីន ក៏​ត្រៀមខ្លួន​រូ​ចរាល់​ដើម្បី​អញ្ជើញ​អាមេរិក និង​សហភាព​អឺរ៉ុប មក​អង្កេត​បញ្ហា​នេះដែរ​។​

​ប៉ុន្តែ​ក្នុង​លិខិតអញ្ជើញ​ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ផ្ញើ​ទៅ​ឲ្យ​អ្នករាយការណ៍​ពិសេស​នោះ រដ្ឋបាល​លោក Duterte ក៏បាន​ដាក់​លក្ខខណ្ឌ​ជាមុន​ដែរ​។ បើតាម​សារព័ត៌មាន Rappler អ្នក រាយការណ៍​ពិសេស​របស់ UN ត្រូវ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី Duterte សួរ​សំណួរ​ពាក់ព័ន្ធ នឹង​លទ្ធផល​នៃ​ការស៊ើបអង្កេត ហើយ​អ្នករាយការណ​ពិសេស​ត្រូវតែ​ស្បថ​ជាមុន ដើម្បី ប្រាកដថា ចម្លើយ​នោះ​ជាការ​ពិត​។

​ប្រព​ភ​ព័ត៌មាន​ដដែល​បន្តថា លោក Duterte មាន​សិទ្ធិ​ដឹង​រឿងរ៉ាវ និង​មូល​ហេតុដែល​អ្នករាយការណ៍​ពិសេស​របស់ UN ចង់​បើក​ការស៊ើបអង្កេត​នោះ​។ កន្លងមក ប្រធានាធិបតី Duterte បានបង្ហាញ​ចម្ងល់​ជុំវិញ​ការចង់​ស៊ើបអង្កេត​របស់​អ្នក​ខាងក្រៅ​លើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដោយ​លោក​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ស៊ើបអង្កេត​លើ​ហ្វីលីពីន ខណៈដែល​កន្លែង​ផ្សេង​លើ​ពិភពលោក កំពុងមាន​ការសម្លាប់​មនុស្ស​រង្គាល​នោះ​?

​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក Salvador Medialdea រដ្ឋមន្ត្រី​ទទួលបន្ទុក​គណៈរដ្ឋមន្ត្រី ហ្វីលីពីន បាន​ទទូច​ឲ្យ​អ្នករាយការណ៍​ពិសេស​របស់ UN មក​ពិនិត្យ​ស្ថានការណ៍​ជាក់ស្ដែង ជាជាង​មើល​តាម​សារព័ត៌មាន​ដែល​រាយការណ៍​ថា រដ្ឋាភិបាល​លោក Duterte សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​នោះ​។ ពាក្យ «​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​» ត្រូវបាន​ប្រើ​ដោយ​ក្រុម​អ្នក​រិះគន់ សំដៅលើ​ការសម្លាប់​មនុស្ស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ប៉ុណ្ណោះ​។

​តាំងពីដើម​មក​នោះ ប្រធានាធិបតី​ហ្វីលីពីន Duterte មិនដែល​ស្វាគមន៍​ពាក្យសម្ដី​រិះគន់ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​ឡើយ ហើយ​ថែមទាំង​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ទៀតផង​។ មិនតែប៉ុណ្ណោះ លោក​ថែមទាំង​ប្រកាស​គាំទ្រ​កងកម្លាំងប្រដាប់អាវុធ​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ដោយ​ធានា​ការពារ​ពួកគេ​មិន​ឲ្យ​រង​ការចោទប្រកាន់​អ្វី​ឡើយ ព្រមទាំង​ផ្ដល់​រង្វាន់​ថែមទៀត​៕