កម្ពុជា​មិនមែន​ជា​គោលដៅ​តែមួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នោះ​ទេ

កម្ពុជាមិនមែនជាប្រទេសគោលដៅតែមួយគត់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីងភីង នោះទេ។ បន្ទាប់ពីកម្ពុជា ប្រធានាធិបតីចិនរូបនេះ នឹងបន្តដំណើរទៅកាន់ប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌាថែមទៀត។ យ៉ាងណាក្តី កម្ពុជាបានចាត់ទុកដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិននៅកម្ពុជា គឺជាថ្ងៃប្រវត្តិសាស្ត្រ។

នៅពេលជាន់ជើងលើទឹកដីកម្ពុជានៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃនេះ លោក ស៊ី ជីងភីង (Xi JINPING) ប្រធានាធិបតីចិន នឹងបន្តដំណើរទៅចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជានៅឯព្រះបរមរាជវាំង។

Loading...

នៅក្នុងព្រះបរមរាជវាំងនេះហើយ គឺជាទីនៃការរៀបចំពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍គណៈប្រតិភូ និងប្រធានាធិបតីចិនជាផ្លូវការ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ បន្ទាប់ពីនេះ លោកស៊ី ជីងភីង នឹងត្រូវអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនកម្ពុជា នៅឯវិមានឯករាជ្យ ដោយមានការអមដំណើរពីលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ ហើយបន្ទាប់មក នៅវេលាម៉ោង៥និង៣០នាទី លោក ស៊ី ជីងភីង និងគណៈប្រតិភូ នឹងបន្តទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវស្វាគមន៍នៅឯវិមានសន្តិភាព។ នៅទីនោះ ភាគីទាំងពីរនឹងធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២៨ ដែលភាគីទាំងពីរបានឯកភាពគ្នា ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្ម កសិកម្ម និងទំនាក់ទំនងជាដើម។ នេះបើយោងតាមការជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ហើយនៅចុងក្រោយនៃដំណើរទស្សនកិច្ចដ៏មមាញឹកនេះ ប្រធានាធិបតីចិន នឹងគណៈប្រតិភូ នឹងត្រូវទទួលស្វាគមន៍ដោយពិធីលៀងសាយភោជន៍ ដែលត្រូវរៀបចំឡើងនៅក្នុងព្រះបរមរាជវាំង ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ មុនីនាថ សីហនុ ផង។

មុនមកកម្ពុជា លោក ស៊ី ជីងភីង បានផ្ញើសារមួយមកកាន់ប្រជាជនកម្ពុជាថា “នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីចិនមក។ ដូច្នេះលោកពោពេញទៅដោយការរំពឹងទុក ចំពោះដំណើរទស្សនកិច្ចលើកនេះ និងក៏បានលើកសរសើរកម្ពុជាថា ជាប្រទេសស្ថិតនៅក្នុងតំបន់ផ្លូវសូត្រ លើសមុទ្រនាសម័យបូរាណ ហើយក៏ជាប្រទេសដែលប្រកបដោយវប្បធម៌ប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ និងយូអង្វែងថែមទៀត។

គួរជំរាបជូនថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីងភីង នៅកម្ពុជានេះ គឺ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤តុលា។ យ៉ាងណាក៏ដោយ កម្ពុជាមិនមែនជាប្រទេសគោលដៅតែមួយនោះទេ។ បន្ទាប់ពីស្នាក់មួយយប់នៅកម្ពុជាហើយ គណៈប្រតិភូចិនដឹកនាំដោយ លោក ស៊ី ជីងភីង នឹងបន្តដំណើរទៅកាន់ប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌាថែមទៀត៕

ប្រភព៖ RFI