រលុះ​ថ្ម និង​ដី​ធ្លាក់​លើ​ផ្លូវ​ឡើង​ភ្នំ​ប្រាសាទព្រះវិហារ​និង​ភ្នំ​ចាក់ច្រែង​កង​វិស្វកម្ម​ចុះ​ជួសជុល​ភ្លាម​ៗ

រលុះ​ថ្ម និង​ដី​ធ្លាក់​លើ​ផ្លូវ​ឡើង​ភ្នំ​ប្រាសាទព្រះវិហារ​និង​ភ្នំ​ចាក់ច្រែង​កង​វិស្វកម្ម​ចុះ​ជួសជុល​ភ្លាម​ៗ



ព្រះ​វិហារ​: ផ្ទាំង​ថ្ម​ធំ​ៗ​លាយឡំ​ជាមួយ​ដី បាន​បាក់​ធ្លាក់​មក​លើ​ផ្លូវ ឡើង​ប្រាសាទព្រះវិហារ និង​ភ្នំ​ចាក់ច្រែង ក្នុង​ទឹកដី​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវ​បាន​សម្រួល​កែ​លំអរ​ឡើង វិញ​ដោយ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន​សែន​សៀមរាប ដែល​មាន​នាយ​ឧត្តមសេនីយ៍ ខេ​ង សុ មេ​ធ ជា​មេបញ្ជាការ​។

ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ នៅ​តំបន់​ភ្នំ​ចាក់ច្រែង និង​តំបន់​ប្រាសាទព្រះវិហារ ក្នុងស្រុក ជាំ​ក្សាន្ត មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោគ​ជាំ ហើយ​ខ្លាំង​ៗ​បំផុត ដែល​ធ្វើ​អោយ​ដី​ជំរាលភ្នំ​ទាំងនោះ បាន​បាក់​ធ្លាក់​មក​លើ​ផ្លូវ ជា​បន្តបន្ទាប់​។​ផ្ទាំង​ថ្ម​ធំ​ៗ​ត្រូវ​បាន​រមៀល​លាយ ឡំ​ជាមួយ​ដី ធ្វើ​អោយ​ដំណើរ​ចរាចរណ៍​ឡើង​ចុះ មិន​អាច​ទៅ​រួច​។

ជាមួយនឹង​ភាព​លំបាក​នោះ នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ​មេបញ្ជាការ​កង​វិស្វកម្ម តេ​ជោ​ហ៊ុន សែន សៀមរាប បាន​ដឹកនាំ​បញ្ជា​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ចុះ​ទៅ​កាន់​គោលដៅ​ដើម្បី​ប្រតិបត្តិការ​បន្ទាន់ ដោយ​យក​ថ្ម​និង​ដី​ចេញពី​កន្លែង​កើតហេតុ​។

មន្ត្រី​កង​វិស្វកម្ម​តេ​ជោ​ហ៊ុន​សែន​សៀមរាប​បាន​និយាយ​ថា កំណាត់​ផ្លូវ​ឡើង​ភ្នំ​ទាំង ពីរ​ត្រូវ​បាន​សម្រួល​ចរាចរណ៍ មិន​អោយ​រាំងស្ទះ​យូរ​ឡើយ គឺ​អ្នក​ធ្វើ​ដំណើរ​អាច​ឡើង​ចុះ បាន​ដោយ​សេរី ជាមួយនឹង​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​កំពុង​ប្រតិបត្តិការ​នៅ​កន្លែង​កើតហេតុ​។

មន្ត្រី​កង​វិស្វកម្ម​តេ​ជោ ហ៊ុន​សែន​សៀមរាប ដដែល​បាន​បន្ត​ថា ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជា​រៀងរាល់ថ្ងៃ ហើយ​ដី​នៅ​តែ​បាក់​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន​សែន​សៀមរាប បាន​ចាំ​បញ្ជា​ដោយ​មិន​ទុក​អោយ​ដី​ឬ​ថ្មភ្នំ  បិទផ្លូវ​ដោយ​ការ​ធ្វើ​ដំណើរ​មិនកើត នោះ​ឡើយ ៕