ថ្លើមពាសមេឃ ! ប្រុង​គាស់​ប៉ុស្តិ៍​នគរបាល​ចូល​លួច​…

ខេត្តកណ្ដាល ៖ បុរស​២​នាក់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ខណៈ​ធ្វើ​សកម្មភាព​បម្រុង​គាស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​សំណាញ់​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន ១-​ឈ្មោះ អុ​ន រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ​, ២-​ឈ្មោះ ចក់ សុផល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ ។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន កាំភ្លើងខ្លី​ជ័រ ពណ៌​ខ្មៅ​១​ដើម កាំបិត​សាំង​គី​ម​១ ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក​ណូ​គា​ចុច​ពិល ពណ៌​ស ឈើ​ជ្រុង​១​ដើម ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ី​គី Smash-V ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BA-2442 មាន​បំពាក់​ប្រដាប់​សណ្តោង​រ៉ឺ​ម៉ក ជា​របស់​ជនសង្ស័យ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​​ថា នៅ​វេលា​កើតហេតុ​ខាងលើ កម្លាំង​ង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​សំណាញ់ បាន​ត្រឡប់​មក​ពី​ល្បាត​ក្នុងភូមិ​សាស្ដ្រ ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​មក​ដល់​ខាងក្រោយ​ប៉ុស្តិ៍ ដោយ​បិទ​ភ្លើង​ម៉ូតូ​ហើយ​ជនសង្ស័យ​ឈ្មោះ ចក់ សុផល បាន​ចុះ​ពីលើ​ម៉ូតូ ដោយ​កាន់​ឈើ​ជ្រុង​ដើរ​សំដៅ​ទៅ​ផ្នែក​ខាងក្រោយ​ប៉ុស្តិ៍​បម្រុង​ធ្វើ​សកម្មភាព ភ្លាម​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង​ដូច​ខាងលើ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​គ​របាល​ក្រុង​តា​ខ្មៅ​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ អុ​ន រី បាន​សារភាព​ថា ខ្លួន​និង​បក្សពួក​ពិតជា​មាន​បំណង​លួច​គាស់​ប៉ុស្តិ៍​កំពង់​សំណាញ់ ដើម្បី​លួច​យក​កាំភ្លើង​ទុក​សម្រាប់​ធ្វើ​សកម្មភាព​ប្លន់​នៅ​ថ្ងៃក្រោយ ។ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ ចក់ សុផល បាន​សារភាព​ថា ខ្លួន​មិន​មាន​បំណង​លួច​គាស់​ប៉ុស្តិ៍​យក​កាំភ្លើង​ទេ គឺ​គ្រាន់តែ​មាន​បំណង​ចូល​លួច​ឈើ​ដែល​ទុក​នៅ​ក្រោយ​ប៉ុស្តិ៍​ទុក​ធ្វើ​ជ​ន្ទុ​ល​រ៉ឺ​ម៉ក​កង់​បី​របស់​ខ្លួន​ប៉ុណ្ណោះ រីឯ​កាំភ្លើង​ជ័រ និង​កាំបិត​សាំង​គី​ម​វិញ​ខ្លួន​ទុក​សម្រាប់​ភ្ជង់​គំរាម​គេ​ដើម្បី​ប្លន់​យក​លុយ និង​ទូរស័ព្ទ​ពេល​យប់ តែ​មិន​ទាន់​បាន​ប្រព្រឹត្ត​ទេ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។

ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​តាម​ច្បាប់ ៕