មន្ត្រី​ចម្រុះ​ចុះតាមអាហារដ្ឋានក្នុងក្រុងបាត់ដំបង ពិនិត្យគុណ​ភាព​ចំណី

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា នៅវេលា​​ម៉ោង​ជាង០​២​រសៀល​ថ្ងៃ​ទី​១៣ ​តុលា នេះ​ មន្ត្រី​កាំកុងត្រូល សហការ​ជា​មួយ​​មន្ត្រី​នៃ​មន្ទីរ​​ជំនាញ​មួយ​ចំនួន​ទៀត ដែល​​ដឹកនាំ​ដោយ​លោក​​ច័ន្ទ សុផល អភិបាលខេត្ត​បាត់​ដំបង បាន​ចុះ​ត្រួត​ពិនិត្យ​​គុណភាព​ម្ហូប​​អាហារ​នៅ​តាម​បណ្ដា​អាហារ​ដ្ឋាន​​មួយ​ចំនួន ​ក្នុង​ក្រុង​បាត់ដំបង​ ។

បើ​តាម​ប្រភព​​ឱ្យ​ដឹងថា ការ​ចុះ​ត្រួត​​ពិនិត្យ​គុណភាព​ម្ហូបអាហារ ដែល​ដឹកនាំ​​ដោយ​លោក​អភិបាលខេត្ត​​នេះ គឺ​​ចុះ​ពិនិត្យ​រកសារ​ធាតុ​គីមី​«​បួ​រ៉ា​ក់» ​ទៅ​លើ​ប្រហិត​សាច់​គោ ប្រហិត​បៀក និង​សាច់​ប៉ា​តេ​ ។​ល​។

ប្រភព​ពី​មន្ត្រី​ដែល​ចុះ​ត្រួត​​ពិនិត្យ​ខាងលើ​​បាន​បញ្ជាក់​​ថា ក្នុង​​ប្រតិបត្តិការ​​នេះ គឺ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទី​តាំង​ផលិត​ប្រហិត​​នានា ទាំង​សាច់​​ប៉ា​តេ និង​តាម​អាហារ​ដ្ឋាន​ ​ដែល​ដាក់​តាំង​លក់​តែ​ម្ដង ។ ប៉ុន្តែ​លទ្ធផល​បែប​ណា​នោះ គេនៅ​មិន​ទាន់​​ទម្លាយ​ឱ្យ​​ដឹង​នៅឡើយ​ទេ​ ។

ទោះបី​ជា​​យ៉ាង​ណា ជាមួយ​​​នឹង​កិច្ច​ប្រតិបត្តិការ​ចុះ​ត្រួត​​ពិនិត្យ​គុណភាព​ម្ហូបអាហារ​របស់​​មន្ត្រី​ជំនាញ​ខាងលើ ​មាន​​មតិ​នានា​រិះគន់​​ថា យូរ​ៗ​គេ​ប្រទះ​ឃើញ​ធ្វើ​ម្ដង​នេះ គេ​គួរ​តែ​ចុះត្រួត​​ពិនិត្យ​ម្ហូបអាហារ ឬ​ផលិតផល​នានា​ ដែល​កំពុង​ដាក់​តាំង​លក់​​នៅ​តាម​ស្ដង់​ពិ​ព័រ​ណ៌​លក់ទំនិញ​ខ្មែរ​-​ថៃ ក្នុង​ពិធីបុណ្យ​អុំទូក​ក្នុង​​ក្រុង​បាត់ដំបង ដែល​កំពុង​ប្រារព្ធ​​​ធ្វើ​នេះ​ផង ​។ ព្រោះ​​មាន​ប្រជា​ពលរដ្ឋ​ក្រុង​បាត់ដំបង ​បាន​អះអាង​ថា មាន​ទំនិញ​ក្លែង​បន្លំ និង​ម្ហូបអាហារ​ខូចគុណភាព​ច្រើន​ណាស់​ ដែល​កំពុង​ដាក់​តាំង​​លក់​​នៅ​តាម​តូប​នានា​ ក្នុង​
ពិ​ព័រ​ណ៌​មិត្ត​​ភាព​ខ្មែរ​-​ថៃ​​នេះ​ ។