ពិបាក​នោះ​ពិបាក ! ផ្លូវលំ​ត​ភា្ជ​ប់​ពី​ផ្លូវជាតិ​លេខ​៧​ចូល​ទៅ​ឃុំ​ថ្ម​ពេជ្រ

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​មាន​រថយន្ត​ឆ្លងកាត់​ទៅ​មក​ៗ ពិសេស​ល្បី​ថា​មាន​រថយន្ត​ដឹកឈើ និង​រថយន្ត​ដឹក​កសិផល​ធំ​ៗ​ឆ្លងកាត់ រួម​ផ្សំ​នឹង​ទឹកភ្លៀង​ហូរ​កាត់​ផង បាន​ធ្វើ​ឲ្យ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​១​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ កាត់​ភូមិ​ជា​ច្រើន​ក្នុង​ឃុំ​ជី​រោ​ទិ៍​ទី​២​រហូត​ដល់​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ បាន​ទទួល​រង​ការ​ខូចខាត​បង្ក​ឲ្យ​មាន​រណ្តៅ​ភក់​ធំ​ៗ ត្រូវ​បាន​ប្រជាពលរដ្ឋ​រអ៊ូរទាំ និង​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​សុំ​ឲ្យ​មានការ​ជួសជុល​ផង​ដែរ ។

ប្រជាពលរដ្ឋ​ឈ្មោះ ជី​ន ផល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ពើក ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា ថា ចំពោះ​ផ្លូវ​លំនៅ​ខាង​មុខ​ផ្ទះ​របស់​គាត់​នេះ​ត្រូវ​បាន​គេ​ធ្វើ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១១ ដំបូង​ៗ​មាន​សភាព​ស្រួល​ជិះ​ទៅ​វិញ​ទៅ​មក ទាំង​កង់ និង​ម៉ូតូ តែ​មក​ដល់​ឆ្នាំ​២០១៤ ផ្លូវ​បាន​ចាប់ផ្តើម​ខូច​បណ្តើរ ដោយ​មាន​រណ្តៅ​ទឹក​ដក់ ។ ហើយ​នៅ​ឆ្នាំ​២០១៥ គាត់​ឃើញ​មាន​គេ​ចុះ​មក​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ជា​ច្រើន​កន្លែង​ដើម្បី​សំរួល​ទឹក​ហូរ​ចៀសវាង​កុំ​ឲ្យ​ទឹក​ហូរ​បុក​ដាក់​ផ្លូវ មក​ដល់​ឆ្នាំ​២០១៦​នេះ គាត់​បានឃើញ​គេ​ចុះ​វាស់​ដើម្បី​ធ្វើ​ផ្លូវ បើ​បាន​រលោង​គាត់​សប្បាយចិត្ត​ណាស់ ព្រោះថា​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ដោយ​ស្រួល ។

ស្ត្រី​ចំណាស់​ឈ្មោះ ឃុ​ត សេត អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ពើក ឃុំ​ថ្ម​ពេជ្រ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​គាត់​នៅ​កាលពី​កុមារភាព នៅ​ពេល​ដែល​ដើរ​ចុះពីលើផ្ទះ​កាត់​តាម​ផ្លូវ​មុខ​ផ្ទះ​ត្រូវ​តែ​មូល​ជើង​ខោ ព្រោះតែ​មាន​ភក់  ។ តែ​ចាប់តាំងពី​ក្រោយ​មានការ​បោះ​ឆ្នាំ​១៩៩៣​រួច​មក អាជ្ញាធរ​បាន​ចាប់ផ្តើម​ចាក់​ដី​បន្តិច​ម្តង​ដើម្បី​ធ្វើ​ផ្លូវ​ឲ្យ​មាន​ភាព​ងាយស្រួល​ជិះ តែ​ផ្លូវ​ដី​មិន​បាន​ប៉ុន្មាន​ក៏​ខូច​ទៅ​វិញ ដោយសារ​តែ​មាន​រថយន្ត​បើក​កាត់​ទៅ​វិញ​ទៅ​មក ។ គាត់​ថា នៅ​ថ្ងៃ​ទី​១២ តុលា ២០១៦ កូនប្រុស​បាន​ឌុ​ប​គាត់​តាម​ម៉ូតូ​មិន​ទាន់​នឹង​ដល់​ផ្ទះ​ផង ស្រាប់តែ​រអិល​ដួល​បណ្តាល​ឲ្យ​គ្រេច​ចង្កេះ ។ គាត់​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មេត្តា​ជួយ​ជួសជុល ដើម្បី​ងាយ​ស្រួ​ស​ធ្វើ​ដំណើរ​ទៅ​វត្ត​សុំ​សីល​ផង ។

លោក កេង ប៊ុ​ណ្ណា អភិបាលស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ទាក់ទង​ទៅ​នឹង​ផ្លូវលំ​ពី​ម្រាម​ទា​ឃរ​ហូត​ដល់  ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ មាន​ចំងាយ​២៣​គីឡូម៉ែត្រ ត្រូវ​បាន​រៀបចំ​ដាក់​គ្រឿងចក្រ​ចូល​ហើយ ដោយ​រៀបចំ​ធ្វើ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ជូន​ដល់​ពលរដ្ឋ​ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ តែ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ខ្លាំង​ពេក ទើប​មិន​បាន​ធ្វើ ៕