AirAsia ផ្តល់​​ការ​ជិះ​យន្តហោះឥត​គិតថ្លៃ​ដល់​​កីឡាករ​​អាស៊ាន​

ក្រុង​ស៊ី​ប៉ា​ង-ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ធ្វើ​ពិធី​ផ្តល់​ជូន​នូវ​ការ​ជិះ​យន្តហោះ​ ដោយ​ឥត​គិតថ្លៃ​ដល់​កីឡាករ​-​កីឡាការិនី​ពិការ​អាស៊ាន ដែល​ទទួល​បាន​ជ័យ​លា​ភី ​ក្នុង​ការ​ប្រកួត​កីឡា Paralympic ឆ្នាំ​២០១៦ ។

ការ​ប្រគល់​ជូន​នេះ​ ធ្វើ​ឡើង​ក្នុង​ព្រឹត្តិការណ៍​​ស្រមោល​.ស​មួយ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ឧត្តមភាព​នៃ​អាកាសចរណ៍​អាស៊ី ហៅ​កាត់​​ថា AACE កាលពី​ថ្ងៃ​ទី​១១ តុលា កន្លង​ទៅ ។ ក្នុង​ព្រឹត្តិការណ៍​នេះ អ្នក​ជ័យ​លា​ភី​មេដាយមាស​ទទួល​បានការ​ជិះ​យន្ត​ហោះ​​ ដោយឥត​គិតថ្លៃ​អស់​មួយ​ជីវិត​, មេដាយ​ប្រាក់​ទទួល​បានការ​ជិះ​ដោយ​ឥត​គិតថ្លៃ​រយៈពេល​៥​ឆ្នាំ និង​មេដាយ​សំរឹទ្ធិ​រយៈពេល​៣​ឆ្នាំ ។

អ្នក​ជ័យ​លា​ភី​ទាំងនោះ​ ទទួល​បាន​កាត​ «Big» ​ដ៏​ពិសេស​មួយ​របស់ AirAsia ដែល​មាន​ទម្រង់​ជា​មាស ប្រាក់ និង​សំរឹទ្ធិ ដែល​អនុ​ញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ចំណត​មួយ​ណា​ក៏​បាន ​ក្នុង​ចំណោម​ចំណត​ទាំង​១២០​របស់ AirAsia និង​បណ្តាញ AirAsia X ក្នុង​​តំបន់​អាស៊ី អូស្ត្រាលី មជ្ឈិមបូព៌ា ​និង​អាហ្វ្រិក ។

ព្រឹត្តិការណ៍​នេះ​ ក៏​មានការ​ចូលរួម​ពី​នាយក​ប្រតិបត្តិ​របស់ AirAsia Group លោក Tony Fernandes, ​នាយក​ប្រតិបត្តិ​របស់​AirAsia X Group លោក Datuk Kamarudin Meranun, នាយក​ប្រតិបត្តិ​របស់ AirAsia Berhad លោកស្រី Aireen Omar, នាយក​ប្រតិបត្តិ​របស់ AirAsia X Berhad លោក Benyamin Ismail និង​នាយក​ប្រតិបត្តិ​របស់ AirAsia ប្រចាំ​ប្រទេស​ដទៃ​ទៀត រួម​ជាមួយនឹង​មន្ត្រី​រដ្ឋការ និង​កីឡាករ​ផ្សេង​ទៀត​មក​ពី​អាស៊ាន ។

ថ្លែង​ក្នុង​ពិធី​នោះ លោក Tony Fernandes នាយក​ប្រតិបត្តិ AirAsia Group បាន​មាន​ប្រសាសន៍​ថា​ « ជា​ថ្មី​ម្តងទៀត​ហើយ​ដែល​កីឡាករ​អាស៊ាន​បាន​ធ្វើ​ឲ្យ​តំបន់​យើង​មាន​មោ​ទ​នភាព ដោយ​បាន​បង្ហាញ​ថា ពួក​យើង​មាន​កីឡាករ​ដ៏​មាន​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ខ្ញុំ​ពិតជា​មាន​ក្តី​រំភើប​ណាស់​ក្នុង​ការ​ផ្តល់​ជូន​នូវ​ការ​ជិះ​យន្តហោះ​ដោយ​មិន​គិតថ្លៃ​ដល់​កីឡាករ និង​កីឡាការិនី​ទាំងអស់​ក្នុង​ការ​ទទួលស្គាល់​ពី​សមិទ្ធផល​របស់​ពួក​គេ » ។

លោក​បន្ដ​ថា ៖ « កីឡាករ​ទាំងនេះ​បាន​បង្ហាញ​ថា ស្មារតី​របស់​មនុស្សលោក គឺ​ពិតជា​ពុំ​មាន​ដែន​កំណត់​មែន គ្មាន​ឧបសគ្គ​អ្វី​ដែល​យើង​មិន​អាច​ឆ្លងកាត់​ក្នុង​ការ​សម្រេច​ក្ដី​សុបិន​របស់​យើង​បាន​ឡើយ តាម​រយៈ​ការ​ផ្ដើម​ស្មារតី ការ​ខិតខំ​តស៊ូ និង​ការ​ខិតខំ​ប្រឹង ប្រែង ពួក​គេ​គឺជា​និមិត្តរូប​មួយ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​នេះ » ។