គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​២៦​គ្រាប់ ត្រូវ​បាន​ប្រគល់​ជូន​អង្គការ​ហា​ឡូ​ត្រាស់

ខេត្តពោធិ៍សាត់ ៖ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សរុប​ចំនួន​២៦​គ្រាប់​បាន​ត្រូវ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​លោ ស្រុក​បាកាន ធ្វើ​ពិធី​ប្រគល់​ជូន​អង្គការ​ហា​ឡូ​ត្រាស់ នា​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​យក​ទៅ​រក្សា​ទុក ឬ​កម្ទេច​ចោល​តាម​ជំនាញ​។ ការ​ប្រគល់​ជូន​នេះ​បាន​ធ្វើ​នៅ​ភូមិ​ប្រហា​ល ឃុំ​តា​លោ ស្រុក​បាកាន ដោយ​មានការ​ចូលរួម​ពី​តំណាង​អង្គការ​បោសសម្អាត​មីន​ហា​ឡូ​ត្រាស់ តំណាង​អធិការដ្ឋាន​នគរបាល​ស្រុក ប៉ុស្ដិ៍​រដ្ឋបាល​តា​លោ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

លោក​អនុសេនីយ៍ឯក រ៉​ង សុ​វ​ណ្ណា​រឿ​ន មេ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​តា​លោ​បាន​ឲ្យ​ដឹង​ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​២៦​គ្រាប់​នេះ​រួម​មាន គ្រាប់​ដេ​កា​៨២​មី​លី​ម៉ែត្រ​ចំនួន​០៣​គ្រាប់​,​គ្រាប់​៦០​មី​លី​ម៉ែត្រ​ចំនួន​០៣​គ្រាប់​,​គ្រាប់​៧២​អា​ចំនួន​០១​គ្រាប់​,​គ្រាប់​ប៉េ​ហ្សេ​ចំនួន​១៧​គ្រាប់ និង​មីន​៦៩​ចំនួន​០២​គ្រាប់​។ លោក​មេ​ប៉ុស្ដិ៍​ឲ្យ​ដឹង​ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​អស់នេះ​សមត្ថកិច្ច​យើង​បាន​ប្រមូល​ពី​ប្រជាពលរដ្ឋ​ភូមិ​ប្រហា​ល  ភូមិ​សំ​សាន្ត  និង​ភូមិ​ព្រៃ​កន្ទួត ឃុំ​តា​លោ ស្រុក​បាកាន​ដែល​ពួក​គាត់​ភ្ជួរ​ដីស្រែ​ធ្វើ​ចម្ការ​ប្រទះ​ឃើញ​កន្លង​មក​។

កាលពី​សម័យ​សង្គ្រាមរ៉ាំរ៉ៃ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៨០​និង​១៩៩០ នៅ​ឃុំ​តា​លោ ស្រុក​បាកាន​នេះ ជា​សមរភូមិ​ក្ដៅ​រវាង​កងទ័ព​រដ្ឋ​កម្ពុជា​ជាមួយ​កងទ័ព​ខ្មែរក្រហម ហើយ​បាន​បន្សល់​ទុក​កប់​ក្នុង​ដី​តាំងពី​សម័យ​នោះ​មក​។ កន្លង​មក​យើង​បាន​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​កុមារ​ឲ្យ​បាន​យល់​ដឹង​ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ដទៃ​។ លុះ​ពេល​ពួក​គាត់​ភ្ជួរ​ដី​ធ្វើស្រែ​ចម្ការ ឬ​ប្រទះ​ឃើញ​ក្នុង​ព្រៃ​ពួក​គាត់​តែងតែ​ផ្ដល់​ព័ត៌មាន​មក​សមត្ថកិច្ច​យើង​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​យក​ចេញ​ចៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាយថាហេតុ​។

ជាក់ស្ដែង​នា​ពេល​នេះ​សមត្ថកិច្ច​យើង​ប្រមូល​បាន​ពី​ប្រជាពលរដ្ឋ​ចំនួន​២៦​គ្រាប់​ទើប​ប្រគល់​ឲ្យ​អង្គការ​ហា​ឡូ​ត្រាស់​ដើម្បី​យក​ទៅ​កម្ទេច​ចោល ឬ​រក្សា​ទុក​តាម​ជំនាញ​។ មន្ត្រី​ជំនាញ​អង្គការ​ហា​ឡូ​ត្រាស់​បាន​កោត​សេ​សើរ​ដល់​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​តា​លោ ស្រុក​បាកាន ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​យល់​ដឹង​អំពី​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ព្រមទាំង​ប្រមូល​បាន​ចំនួន​២៦​គ្រាប់ យក​មក​ប្រគល់​ជូន​ថែម​ទៀត​ផង​។ អង្គការ​ហា​ឡូ​ត្រាស់​ជា​អង្គការ​បោសសម្អាត​គ្រាប់​មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ ហើយ​សូម​ឲ្យ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា​៕