ស្ត្រី​ច្រើន​នាក់​និយាយ​ពី​«ដៃ​មឹក» របស់​បេក្ខជន ត្រាំ

ស្ត្រីពីរនាក់ បានចេញមុខតាមសារព័ត៌មាន «New York Times» បរិហារ​ពីការបៀតបៀន​ផ្លូវភេទ​មកលើខ្លួន ពី​សំណាក់​បេក្ខជន មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) តាំងពីច្រើនឆ្នាំមុន។ ការ​លើក​ឡើង​នេះ ត្រូវបានច្រានចោលភ្លាមៗ ដោយភរិយាលោក ត្រាំ ដោយបានវាយបកទៅវិញ ថាវាជាការ​«បរិហារ​កេរ្ត៍»។
ស្ត្រី​ច្រើន​នាក់​និយាយ​ពី​«ដៃ​មឹក» របស់​បេក្ខជន ត្រាំ

ពីឆ្វេងមកស្ដាំ៖ លោក ដូណាល់ ត្រាំ និងបវរកញ្ញាចក្រវាឡ ឆ្នាំ២០១២ កញ្ញា «Olivia Culpo»។ (រូបថតឯកសារ)

ស្ត្រីជាច្រើននាក់ បាននាំគ្នាបន្ថែមរសជាតិ ឲ្យកាន់តែ«ជូរចត់»ឡើង សម្រាប់យុទ្ធនាការឃោសនា របស់​បេក្ខជន​ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ដែលកំពុងស្ថិត​ក្នុង​សភាព​​«លំបាក»​ស្រាប់ តាំងពីវីដេអូដ៏អាស្រូវមួយ ត្រូវបានបែកធ្លាយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ នៅថ្ងៃ​ពុធ​ម្សិលម៉ិញនេះ ស្ត្រីយ៉ាងហោចពីរនាក់ បានចេញមុខតាមសារព័ត៌មាន «New York Times» ដើម្បី​បរិហារ​បន្ថែម​ទៀត ពីការប៉ះពាល់ផ្លូវភេទ ដែលស្ត្រីទាំងនោះអះអាងថា ខ្លួនបានរងគ្រោះពីសំណាក់លោក ដូណាល់ ត្រាំ តាំង​ពី​ច្រើន​សិប​ឆ្នាំមកហើយ។

លោក ដូណាល់ ត្រាំ បានលាងសម្អាតខ្លួន នៅចំពោះវីដេអូខាងលើថា ការជជែកគ្នា ដែលត្រូវបានថតជាប់នោះ ជាការជជែកបែបឯកជន ហើយលោក​មិនដែល​មាន​ឫកពារ​របៀបនេះ ជាមួយស្ត្រីនោះឡើយ។ ប៉ុន្តែការថ្លែង​បែប​នេះ បានបង្ខំឲ្យស្ត្រីពីរនាក់ គឺអ្នកស្រី «Jessica Leeds» និង «Rachel Crooks» ចេញមុខបដិសេធ ដោយ​បក​ស្រាយ​ថា ការជជែកនៅក្នុងវីដេអូនោះ គឺជាអ្វី ដែលលោក ត្រាំ បានអនុវត្តន៍ នៅក្នុងជីវិតជាក់ស្ដែងដ៏ពិតៗ។

ថ្លែងតាមសារព័ត៌មាន «New York Times» ដោយមានថតជាវីដេអូផង អ្នកស្រី «Jessica Leeds» បាន​និយាយ​ថា លោក ដូណាល់ ត្រាំ បានរាវស្ទាប​ខ្លួនប្រាណអ្នកស្រី នៅពេលដែលអ្នកស្រីអង្គុយនៅជិតលោក នៅក្នុង​យន្ដហោះ​មួយ តាំងពីជាងបីទសវត្សន៍មុន។ ចំណែកអ្នកស្រី «Rachel Crooks» បានអះអាងថា លោក ត្រាំ បាន​អោប​ថើប​អ្នកស្រី នៅក្នុងឆ្នាំ២០០៥ នៅពេលដែលអ្នកស្រី បានបម្រើការ ជាអ្នកទទួលភ្ញៀវ នៅក្នុងអាគារ «Trump Tower» ដែលជាអាគាររបស់លោក ត្រាំ។ ប៉ុន្តែការអោបថើបនេះ បានទទួលការ​យល់ព្រម ពីអ្នកស្រី នៅ​ពេល​នោះ។

អ្នកស្រី «Jessica Leeds» បានថ្លែងឡើងថា៖ «គាត់ (លោក ត្រាំ) ដូចជាសត្វមឹកមួយក្បាលដូច្នេះ (...) ដៃ​របស់​គាត់ រាវសព្វទីកន្លែងទាំងអស់»។ អ្នកស្រីបានបន្តទៀតថា បន្ទាប់ពីការរាវស្ទាបនោះមក អ្នកស្រី​បាន​ផ្លាស់ប្ដូរ​កៅអី​អង្គុយ នៅក្នុងយន្ដហោះ និងបានសម្រេចចិត្ត មិននិយាយអ្វីទាំងអស់ រហូតលុះត្រា មក​ដល់​​យុទ្ធនាការ​បោះ​ឆ្នោត​នៅពេលនេះ ជាពិសេសរហូតដល់ពេល ដែលអ្នកស្រីបានស្ដាប់ឭលោក ត្រាំ បាន​ថ្លែង​កាល​​ពី​ថ្ងៃ​អាទិត្យ​នេះ ច្រាន​ចោល​នូវការប្រកាន់ឫកពាររបស់លោក បៀតបៀនទៅលើស្ត្រី។

រីឯអ្នកស្រី «Rachel Crooks» បានរំលឹកហេតុការណ៍ នៃការអោបថើបអ្នកស្រី ពីសំណាក់លោក ត្រាំ មកវិញ​ថា នៅពេលនោះ អ្នកស្រីមានអាយុ២២ឆ្នាំ ហើយអ្នកស្រីបានជួប«មេធំ»របស់ខ្លួន ជាលើកដំបូង នៅមុន​ពេល​ចូល ទោងយន្ដ (Ascenseur)។ អ្នកស្រីបានថ្លែងទៀតថា បន្ទាប់ពីបានជជែក ចាប់ដៃគ្នា ហើយបានស្គាល់ថា ជា​លោក ត្រាំ ហើយនោះ «ស្រាប់តែគាត់ បានចាប់ខ្ញុំអោប និងថើបមាត់ខ្ញុំ»។ អ្នកស្រីថា៖ «ខ្ញុំពិតជាហួសចិត្ត​ណាស់ ដែល​គាត់គិតមកខ្ញុំ ជាមនុស្សសំខាន់ រហូតដល់ថ្នាក់ធ្វើបែបនេះ»។

ការអះអាងរបស់ស្ត្រីទាំងពីរនាក់ មិនត្រូវបានស្វាគមន៍ ដោយភរិយាសព្វថ្ងៃ​របស់​បេក្ខជន​ប្រធានាធិបតី​នោះ​ទេ។ ភរិយាលោក ដូណាល់ ត្រាំ បាននិយាយថា ការលើកឡើងទាំងនោះ មានលក្ខណៈជាការបរិហារកេរ្តិ៍ ជាពិសេស​នៅពេល ដែលយុទ្ធនាការបោះឆ្នោត កំពុងស្ថិតក្នុងសភាព ដ៏ក្ដៅគគុកនេះ៕

» វីដេអូ កិច្ចសម្ភាសនៃស្ត្រីទាំងពីរនាក់ ទៅឲ្យសារព័ត៌មាន «New York Times»៖