ស្ត្រី​ទើប​ឆ្លងទន្លេ​រួច ចំនួន​២៥​គ្រួសារ ទទួល​បាន​កញ្ចប់​ទ្រទ្រង់ សុខុមាលភាព​ម្តាយ និង​ទារក ពី​អាជ្ញាធរ​ជាតិ​អប្សរា

ស្ត្រី​ទើប​ឆ្លងទន្លេ​រួច ចំនួន​២៥​គ្រួសារ ទទួល​បាន​កញ្ចប់​ទ្រទ្រង់ សុខុមាលភាព​ម្តាយ និង​ទារក ពី​អាជ្ញាធរ​ជាតិ​អប្សរា



       នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​សហគមន៍​ទី​១ ប្រចាំ​ស្រុក​ប្រាសាទបាគង ដឹកនាំ​ដោយ ឯកឧត្តម សុខ ល​ក្ខិ​ណា ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមការងារ​សហគមន៍​ទី​៤ ប្រចាំ​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក លឹ​ម អួ​ក និង​លោក ព្រី​ម វី​រៈ តំណាង ឯកឧត្ដម ខូ​យ គឹ​ម​ទួ ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​មន្ត្រី​បុគ្គលិក ជា​ច្រើន​រូប​ទៀត បាន​ចុះ​សំណេះសំណាល សាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ និង​នាំ​យក​កញ្ចប់​ទ្រទ្រង់ សុខុមាលភាព​ម្តាយ និង​ទារក ព្រមទាំង​ថវិកា​មួយ​ចំនួន ទៅ​ចែក​ជូន​ដល់​ស្ត្រី ទើប​ឆ្លងទន្លេ​រួច ចំនួន​២៥​គ្រួសារ នៅ​ភូមិ​គោក​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង​និង​សាលាសង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ។

សម្ភារៈ​មាននៅ​ក្នុង​កញ្ចប់ ទ្រទ្រង់​សុខុមាលភាព​ទារក និង​ម្តាយ​នេះ មាន​ដូច​ជា កន្ត្រក បំពង់​ទឹក​ក្តៅ កន្សែងពោះគោ កូន​មុង ស្រោមដៃ​ស្រោមជើង ខោអាវ​ទារក និង​ថវិកា​ពីរ​ម៉ឺន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក​ជំទាវ ដែល​តែងតែ​នឹករឭក និង​យកចិត្តទុកដាក់ យ៉ាង​ខ្លាំង ចំពោះ​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ​នេះ​។

ក្រៅពី​នេះ ក្រុមការងារ​សហគមន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​បញ្ជ្រាប​ចំណេះដឹង ដល់​ពួក​គាត់ ស្តី​ពី​តួនាទី​ភារកិច្ច អាជ្ញាធរ​ជាតិ​អប្សរា ចំពោះ​ការ​ថែរក្សា ការពារ និង​អភិរក្ស​បេតិកភណ្ឌ  ច្បាប់​ការពារ​បេតិកភណ្ឌ និង​តួនាទី​ភារកិច្ច របស់​ពួក​គាត់ ដែល​ត្រូវ​ចូលរួម ជួយ​ថែរក្សា​គ្នា​នូវ សម្បត្តិ​បេតិកភណ្ឌ​ដូនតា ដ៏​មហាសាល ដែល​មិន​អាច​កាត់ថ្លៃ ក្នុង​នាម​ពួក​គាត់ រស់នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ដែរ​។

សកម្មភាព​ទាំងនេះ សបញ្ជាក់​ឲ្យ​ឃើញ ពី​ការ​គិតគូរ និង​យកចិត្តទុកដាក់​យ៉ាង​ខ្ពស់ របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បុគ្គលិក នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ស្ត្រី​ទើប​ឆ្លងទន្លេ​រួច និង​សម្បត្តិ​បេតិកភណ្ឌ​ដូនតា ដែល​បាន​បន្សល់​ទុក​មក ក្នុង​តំបន់​ឧទ្យាន​អង្គរ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា លើកកម្ពស់​សុខុមាលភាព ម្តាយ​និង​ទារក និង​ថែរក្សា​នូវ​មរតក បេតិកភណ្ឌ​ទាំងនោះ ឲ្យ​នៅ​គង់វង្ស​ដល់ កូនចៅ​ជំនាន់​ក្រោយ​ទៀត​៕