កាម​រី​ឆ្លាម​បើក​ចៀស​ម៉ូតូ​១​គ្រឿង ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ស្លាប់​២​នាក់

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​មុខ​វត្ត ពោធិ​ស្បែក​ព្រឹក ស្ថិត​ក្នុងភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង​រវាង​រថយន្ត​ទៅ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​គេច​ម៉ូតូ​១​គ្រឿង តែ​បែរជា​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ទៀត បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ ទី​១.​ឈ្មោះ ព្រឿ​ង ហ៊ីង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​អ្នក​ឌុ​ប ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ទី​២.​ឈ្មោះ ជា មុំ ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជា​អ្នក​ជិះ​ពីក្រោយ បាន​ស្លាប់​ក្រោយ​ពេល​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។ ជន​រង​គ្រោះ​ទាំង​២ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ​។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពេល​កើតហេតុ​រួច បន្សល់​ទុក​តែ​រថយន្ត​បង្ក ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៦៨៧៤ តែ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវ​បាន សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំព្រឹក រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​។ ចំណែកឯ​សាកសព​ជន​រង​គ្រោះ ទាំង​២ សមត្ថកិច្ច​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន​៕