ចត​ម៉ូតូ​រ៉ឺ​ម៉ក​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល​ចុះ​មក​វិញ​ចោរលួច​បាត់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មានមុខរ​បរជា​អ្នកលក់​ខ្នើយ ដោយ​ពឹងផ្អែក​ទៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង សម្រាប់​ដឹក​ខ្នើយ​ដើរ​លក់​គ្រប់​គ្រប់​ច្រកល្ហក​សម្រាប់​អ្នក​ទីទ័ល​ក្រ​ដូច​ជា​រូប​គាត់ បាន​ចាត់​ទុក​ថា មាន​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​នោះ ដូច​មាន​រថយន្ត​ស៊េរី​ទំនើប ឡិច​ស៊ី​ស​៥៧០​ដូច្នោះ​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​នោះ រ៉ឺ​ម៉ក​ម៉ូតូ​ដ៏​កញ្ចាស់​របស់​គាត់​បាន​ឃ្លាតឆ្ងាយ​ពី​គាត់ សូ​ម្បី​តែ​ស្រមោល​ក៏​មិន​បានឃើញ​ផង ព្រោះ​ត្រូវ​បាន​ចោរហារយ​លួច​ជិះ​យក​ទៅ​បាត់ ក្នុង​ខណៈ​ដែល​គាត់​ចតវា​ទុក​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​គាត់​ជួល​ស្នាក់​នៅ​។

ហើយ​នៅ​ពេល​គាត់​ចុះពីលើផ្ទះ​ជួល ក្នុង​បំណង​យក​ខ្នើយ​ដាក់​រៀប​ក្នុង​រ៉ឺ​ម៉ក​ដើម្បី​ចេញដំណើរ​យក​ទៅ​លក់​នោះ ស្រាប់តែ​បាត់​មិនឃើញ ទើប​មានការ​ភ្ញាក់ផ្អើល និង​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរាគមន៍​។ កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ស្ត្រី​ខាងលើ​នោះ ឈ្មោះ វន ស្រី​ស អាយុ​៣៦​ឆ្នាំ មាន​ប្តី​ឈ្មោះ សុខ កុយ អាយុ​៣៦​ឆ្នាំ​មាន មុខរបរ​លក់​ខ្នើយ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ដោយ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ដើរ​លក់​តាម​ភូមិ ពួក​គេ​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រែក អំពិល ឃុំ​បារាយ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែកឯ​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ុ​ក ដែល​ត្រូវ​ចោរលួច​បាត់​នោះ ម៉ាក​ហុងដា​វ៉េវ កញ្ចាស់​កប់​ស៊េរី ហើយ​មិន​មាន​អាវ​នោះ​ទេ មាន​គ្រោង​ដែក​តួ និង​ម៉ាស៊ីន គ្មាន​ស្លាក​លេខ​នោះ​ឡើយ រួម​ទាំង​កន្ទុយ​រ៉ឺ​ម៉ក​កញ្ចាស់​មួយ​ផង​ដែរ មិនដឹង​ថា​ចោរលួច​យក​ទៅ​លក់​បាន​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ​សម្រាប់​នាង និង​ក្រុម​គ្រួសារ វា​មាន​តម្លៃ​ស្មើនឹង​រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយ​គ្រឿង ព្រោះ​វា​ជា​មធ្យោបាយ​សម្រាប់​រក​ប្រាក់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ហើយ​ពេល​បាត់​វា​ទៅ​ក្រុម​គ្រួសារ​នាង​គ្មាន​អ្វី​សម្រាប់​ដឹក​ខ្នើយ​ទៅ​លក់​ឡើយ​។

នាង​បាន​បន្ត​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នាង​បាន​ទុក​រ៉ឺ​ម៉ក​ម៉ូតូ​នោះ នៅ​ចំណុច​មុខ​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រួច​បាន​នាំ​គ្នា​ឡើង​ទៅ​លើ​ផ្ទះ​ជួល​នោះ​ដើម្បី​រៀបចំ​ខ្នើយ​យក​ដាក់​ក្នុង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ចេញ​ដើរ​លក់ លុះដល់​ពេល​កើតហេតុ​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​នោះ បន្ទាប់​ពី​រៀបចំ​ខ្នើយ​រួច​ជញ្ជូន​ចុះ​មក​ក្រោម ស្រាប់តែ​បាត់​មិនឃើញ​រ៉ឺ​ម៉ក​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ដ្បិតអី​ម៉ូតូ​ក៏​ចាស់ និង​កន្ទុយ​រ៉ឺ​ម៉ក​ក៏​ចាស់​ទៀត​ផង កោតតែ​លោក​ចោរ​គ្មាន​មេត្តា​លើកដៃ​លួច​ទៅ​កើត​។

ខណៈនោះ​នាង​មិន​ជឿ​ថា​ត្រូវ​ចោរលួច​នោះ​ទេ គឺ​មានការ​សង្ស័យ​ថា​ត្រូវ​គេ​យក​ទៅ​លាក់​លេងសើច ក៏​បាន​នាំ​គ្នា​ដើរ​តាម​រក​និង​សាកសួរ​ជុំវិញ​ផ្ទះ​ជួល​នោះ​សព្វកន្លែង​មិនឃើញ ដឹង​ច្បាស់​ថា​ត្រូវ​ចោរលួច​មែនទែន​។ ទើប​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​នាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ស្វែងរក​រ៉ឺ​ម៉ក​ម៉ូតូ​នោះ​មក​វិញ​ព្រោះ​វា​ជា​ឆ្នាំងបាយ​របស់​នាង និង​ក្រុម​គ្រួសារ​ទាំងមូល​៕