ហេតុផល​​ធំៗ​មួយ​ចំនួន​ដែល​ Windows Phone មិន​សូវ​ទាក់ទាញ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ?

Windows Phone គឺជាប្រភេទទូរសព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone របស់ក្រុមហ៊ុន Microsoft ។ បើទោះបីជាប្រព័ន្ធប្រតិបត្តិការ Windows (ចាប់ពី XP រហូតដល់ 10) របស់ Microsoft គឺ OS ដ៏ពេញនិយមមួយដែលត្រូវបានដំឡើងជិត ៨០ ភាគរយនៃចំនួនកុំព្យូទ័រសរុបទូទាំងពិភពលោកក៏ពិតមែន ប៉ុន្តែ OS សម្រាប់ទូរសព្ទដែលផលិតដោយក្រុមហ៊ុនដដែលនេះហាក់មានសន្ទុះនៃការគាំទ្រទាបទៅវិញដែលមានត្រឹមតែ 2.3 តែប៉ុណ្ណោះ។

ក៏ដូចជាប្រទេសដទៃទៀតផងដែរ Windows Phone គឺនៅមានកម្រិតអ្នកប្រើប្រាស់ទាបបំផុតបើធៀបជាមួយនឹង Android នៅក្នុងប្រទេសកម្ពុជា ហើយបើយើងសង្កេតមើលទៅក្នុងទីផ្សារបច្ចុប្បន្ននេះ ទូរសព្ទដែលដំណើរការ Windows Phone មានតែទូរសព្ទរបស់ក្រុមហ៊ុន Microsoft តែប៉ុណ្ណោះ។ ប៉ុន្តែតើកត្តាអ្វីដែលធ្វើឲ្យ Windows Phone មិនអាចប្រជ្រៀតចូលទៅក្នុងខ្សែភ្នែករបស់អ្នកប្រើប្រាស់នៅកម្ពុជា ?

១. ពុម្ពអក្សរ

នេះគឺជាបញ្ហាដែលអ្នកប្រើប្រាស់ជាច្រើនត្អូញត្អែរអំពី Windows Phone។ បើទោះបីជាវាបានភ្ជាប់មកជាស្រេចនូវក្ដារចុច ក៏ដូចជា ពុម្ពអក្សរខ្មែរយូនីកូដ ក៏ពិតមែន ប៉ុន្តែអ្នកប្រើប្រាស់តែងតែត្អូញត្អែរថា ពុម្ពអក្សរដែលមាននៅលើ Windows Phone មិនសូវជាមានភាពស្រស់ស្អាត និងងាយស្រួលមើលនោះទេ ហើយយើងក៏មិនអាចធ្វើការកែប្រែពុម្ពអក្សរនោះបានដែរ។

២. កត្តាតម្លៃ រូបរាង និងសមត្ថភាព

ដើម្បីចង់ទទួលបានទូរសព្ទដែលដំណើរការដោយ Windows Phone ដែលមានល្បឿនលឿននិងការរចនាមានភាពប្រណិត ជាមួយនឹងទំហំអេក្រង់ធំ ច្បាស់ល្អ និង មានកាមេរ៉ាទំហំធំ អ្នកប្រហែលជាត្រូវការយ៉ាងតិចបំផុត 600$ ។ ប៉ុន្តែជាមួយនឹងប្រាក់តិចជាង 400$ អ្នកអាចនឹងទទួលបានទូរសព្ទ ដំណើរការដោយ Android ឬ iOS ដែលមានរូបរាងស្អាត ប្រណិត បូកផ្សំជាមួយនឹងសមត្ថភាពខ្ពស់ផងដែរ។

៣. ការតុបតែងបន្ថែម

សម្រាប់ Android និង iOS គឺវាអាចមានវិធីសាស្រ្តក្នុងការកែប្រែ Theme ឬ ក៏ស្ទីលផ្សេងរបស់ Interface ទូរសព្ទបាន ។ ប៉ុន្តែសម្រាប់ Windows Phone បើចង់ប្ដូរមានតែចាំព្រះអាទិត្យរះពីទិសខាងលិចមកវិញហើយសម្រាប់ពេលបច្ចុប្បន្ន។ សង្ឃឹមថា Microsoft និងអាចបន្ថែមនូវមុខងារផ្លាស់ប្ដូរ Themes ដើម្បីផ្តល់ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ អាចជ្រើសរើស ស្ទីលដែលខ្លួនឯងពេញចិត្តបាន។

៤. កត្តា ហ្គេម និង កម្មវិធី

បើទោះបីជា Microsoft ព្យាយាមបញ្ចុះបញ្ចូល និងលើកទឹកចិត្ត អ្នកអភិវឌ្ឍន៍កម្មវិធី ឲ្យងាកមកផលិតនូវកម្មវិធី ឬ ហ្គេមសម្រាប់ Windows Phone ឲ្យកាន់តែច្រើនក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថា កម្មវិធី និងហ្គេមដែលដាក់នៅក្នុង Store របស់ Microsoft នៅតែមានចំនួនតិចតួចនៅឡើយ បើធៀបជាមួយនឹង Android និង iOS ។ ហើយហ្គេម និងកម្មវិធី ពេញនិយមភាគច្រើនដែលមាននៅក្នុង Android និង iOS គឺមិនមានសម្រាប់ Windows Phone នោះទេ៕

  • ហេតុផល​​ធំៗ​មួយ​ចំនួន​ដែល​ Windows Phone មិន​សូវ​ទាក់ទាញ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:បច្ចេកវិទ្យា
Tags: