ត្រាំ៖ «ក្នុង​១០ឆ្នាំ​ទៅ​មុខ ខ្ញុំ​នឹង​យក​នាង​ជា​គូ​កំណាន់»

បណ្ដាញទូរទស្សន៍ «CBS News» ទើបនឹងទម្លាយ ឲ្យដឹងនូវរឿង​រ៉ាវ​អាស្រូវ​បន្ថែម​ទៀត ជុំវិញទំនាក់ទំនង​ផ្លូវ​ភេទ របស់​លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្ស​សាធារណរដ្ឋ។ លើក​នេះ មិនមែន​ជាទំនាក់ទំនងផ្លូវភេទ ជាមួយស្ដ្រីពេញវ័យនោះទេ តែជាការជជែកមួយ រវាង​លោក នឹង​កុមារី​ម្នាក់ ថាលោក​នឹង​យក​នាងតូច ជាស្ត្រីកំណាន់ នៅក្នុង១០ឆ្នាំខាងមុខ។
ត្រាំ៖ «ក្នុង​១០ឆ្នាំ​ទៅ​មុខ ខ្ញុំ​នឹង​យក​នាង​ជា​គូ​កំណាន់»

លោក ដូណាល់ ត្រាំ ចុះហត្ថលេខា ឲ្យអ្នកគាំទ្ររបស់លោក។ (រូបថត Reuters)

រឿងរ៉ាវអាស្រូវ ទាក់ទងនឹងចរិយាឫកពារ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ប្រធានាធិបតី​អាមេរិក មកពីគណបក្សសាធារណរដ្ឋ នៅបន្តភាគវែងឆ្ងាយណាស់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ម្ដង​ហើយ​ម្ដង​ទៀត បានឆ្កឹះកកាយយករឿងរ៉ាវចាស់ៗ របស់លោក យកមកលាតត្រដាង ជាពិសេស​នៅ​ពេល​ដែល​សាធារណ​មតិ កាន់តែគិតថា ចរិយាឫកពាររបស់លោក នឹងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយ​សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល ប្រសិនជាលោកបានជាប់ឆ្នោត ជាប្រធានាធិបតី នៃប្រទេស​មហា​អំណាច​មួយនេះ។

បន្ទាប់ពីការបើកកកាយ ពីសំណាក់ស្ត្រីពីរនាក់ តាមរយៈសារព័ត៌មាន «New York Times» ជុំវិញ​ការ​ប៉ះ​ពាល់​បៀត​បៀនខ្លួនប្រាណ ទៅលើពួកគាត់ ដោយលោក ដូណាល់ ត្រាំ នោះ នៅយប់ថ្ងៃពុធនេះ បណ្ដា​ទូរទស្សន៍ «CBS News» បានផ្សាយវីដេអូមួយទៀត ដែលជ្រមុជស្ថានភាព​របស់លោក ត្រាំ ឲ្យធ្លាក់​ក្នុង​អន្លង់ កាន់​តែ​ជ្រៅ​ទៅ។

វីដេអូនោះ ត្រូវបានរៀបចំឡើង ក្នុងកម្មវិធីលើកដំបូង​មួយ​ឈ្មោះ «Entertainment Tonight» ដែលជាកម្មវិធី​ទូរទស្សន៍ សម្រាប់ពិធីបុណ្យ ណូអែល ដែលធ្វើឡើង តាំងពីឆ្នាំ១៩៩២។ តាមរយៈរូបភាព ដ៏ចំណាស់​ទាំង​នោះ គេឃើញលោក ដូណាល់ ត្រាំ ដែលកាលនោះ មានអាយុ៤២ឆ្នាំ បានជួបជាមួយកុមារីជំទង់ៗ​មួយ​ក្រុម នៅ​នឹង​ជើង​​ជណ្ដើរ​យន្ដ នៃអាគារ «Trump Tower» ដ៏ខ្ពស់ស្កឹមស្កៃ​របស់លោក។ បើតាមសម្លេង ដែលគេស្ដាប់ឮ តាម​រយៈ​វីដេអូ​ទាំង​នោះ កុមារីម្នាក់ដែលលោក ត្រាំ ជជែកជាមួយ មានអាយុ ទើបតែជាង១០ឆ្នាំប៉ុណ្ណោះ។

លោក ត្រាំ បានសួរទៅនាងតូចនោះថា៖ «អ្នកឯង ចង់ឡើងជណ្ដើរយន្ដឬ?» កុមារីម្នាក់នោះ បានឆ្លើយមកវិញ ថាត្រឹមត្រូវហើយ នាងចង់ឡើងជណ្ដើរយន្ដ។ បន្ទាប់ពីសួរនាងតូចរួច លោក ដូណាល់ ត្រាំ បានងាកមក​រក​កាម៉េរ៉ា ដែលកំពុងថតរូបលោក ហើយបានថ្លែងឡើងថា៖ «ក្នុងរវាង១០ឆ្នាំ ទៅមុខទៀត ខ្ញុំនឹងយកនាង​ម្នាក់​នេះ ជាគូកំណាន់។ អ្នក​ឯងយល់ឬទេ?»។

រឿងរ៉ាវរអិលមាត់ជ្រុល របស់លោក ត្រាំ មិនមែនទើបនឹងកើតមាន ជាលើកទីមួយនោះទេ ជាពិសេស​ជា​មួយ​បណ្ដា​ស្ត្រី ដែលមានរូបសម្ផស្សស្អាតៗ។ កាលពីឆ្នាំ២០០៦ នៅលើកម្មវិធីទូរទស្សន៍មួយ អនាគតបេក្ខជន​ប្រធានាធិបតី​​អាមេរិករូបនេះ បានថ្លែងនៅចំពោះ មុខកូនស្រីរបស់លោក ឈ្មោះ អាយវេនកា ត្រាំ (Ivanka Trump) ដែល​មាន​វត្តមាន ក្នុងកម្មវិធីនោះដែរថា៖ «ខ្ញុំសូមនិយាយឲ្យច្បាស់ ថាប្រសិនជានាង មិន​មែន​ជា​កូន​ស្រីខ្ញុំ​ទេ ខ្ញុំប្រហែលជា​យកនាង ជាគូកំណាន់ហើយ»៕