អត់​ដឹង​រឿង​អី​សោះ ត្រូវ​គេ​កាប់​ស្ទើរ​ស្លាប់ទៅហើយ !

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន មាន​ករណី​ហិង្សា​ដោយ​កាប់​ប្រហារ ទៅ​លើ​យុវជន​ម្នាក់ ដោយ​មិនដឹង​ពី​មូ​ហេតុ​។ យុវជន​ជា​ជន​រង​គ្រោះ​មិន​បាន​បញ្ជាក់​អំពី អត្តសញ្ញាណ​របស់​ខ្លួន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​បានដឹង​នោះ​ទេ គ្រាន់តែ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​រូបគេ​បាន​ទៅ​ចូល​មើល​គេ​លេង​ហ្គេ​ម​បាញ់​ត្រី​នៅ​កន្លែង​ធំ​មួយ​នៅ​ម្ដុំ​រង្វង់​មូល​ក្បាលថ្នល់ លុះ​ពេល​រូបគេ​ចេញ​ទៅ​បត់ជើងតូច ស្រាប់តែ​មាន​ជន​បង្កហេតុ​មួយ​ក្រុម មក​កាប់​ប្រហារ​លើ​រូបគេ​ស្រស់​ៗ​តែ​ម្ដង គេ​មិនដឹង​ថា​ពួក​គេ​នោះ​ជា​នរណា​នោះ​ទេ​។

ភ្លាម​ៗ​នោះ​ដែរ​រូបគេ​បាន​រត់គេច ស្រែក​ឲ្យ​គេ​ជួយ ហើយ​បាន​ជួប​សមត្ថកិច្ច​តែ​ម្ដង​។ តាម​ការ​សង្កេត​តាមដាន​របស់​អ្នក​យក​ព័ត៌មាន​យើង បាន​លើក​ឡើង​ថា ហេតុ​អី​បានជា​សុខ​ៗ​គេ​មក​វាយ ដេញ​កាប់​ស្រួល​ៗ​យ៉ាង​ដូច្នេះ ឬ​ជន​រង​គ្រោះ​បាន​ធ្វើ​អី ឬ​និយាយ​ប៉ះពាល់​ដល់​ជន​បង្ក​ពេល​មើល​គេ​លេង​ហ្គេ​ម ឬ​មួយ​ពួក​គេ​ធ្លាប់​មាន​គំនុំ​អី​ជាមួយ​គ្នាកន្លង​មក?​

ម្យ៉ាងទៀត​ប្រហែលជា​ជន​បង្ក​ជា​ក្រុម​មនុស្ស​យូ​កូ​ម​បាត​ផ្សារ? ឬ​ជា​ក្រុម​មនុស្ស​ញៀន​ថ្នាំ?  មានរឿង​អី​ម៉េច​បានជា​មិន​និយាយ​គ្នា​រក​ខុស​ត្រូវ​ដូច្នេះ? នេះ​ឬ​សីលធម៌​ខ្មែរ​របស់​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​? ហ្នឹងហើយ ! ការ​ដែរ​មាន​ល្បែងភ្នាល់ ទីណា​មាន​ល្បែង​ទីនោះ​ហើយ មាន​អំពើ​ហិង្សា​! ទីណា​មាន​ល្បែង​ទីនោះ​ហើយ មាន​អំពើ​ចោរកម្ម​!​។ ដូច្នេះ​សូម​អាជ្ញាធរ​ដែល​មាន​ដែន​សមត្ថកិច្ច​ក្នុង​តំបន់​នោះ​មេត្តា​ជួយ​បោសសម្អាត​ទីតាំង​ល្បែង​ផង​ទាន ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព អស់លោក​មាន​ស្នាដៃ​ល្អ ប្រជាពលរដ្ឋ​រស់នៅ​សុខសាន្ត​៕